ក្រសួងមហាផ្ទៃ ព្រមាន​ចាត់វិធានការ​បន្ថែម​លើ​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ រួមមានបង្កក​ទ្រព្យសម្បតិនិងចាប់ខ្លួន​

874

(​ភ្នំពេញ​) ៖ ក្រសួងមហាផ្ទៃ ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​បន្ថែមទៀត លើ​ទ្រព្យសម្បត្តិ​របស់​អតីត​ថ្នាក់ដឹកនាំ​របស់​អតីត​គណបក្ស​​សង្គ្រោះ​ជាតិ ដែល​នៅ​បន្តសកម្មភាព ប្រឆាំងនឹង​ប្រយោជន៍​ជាតិ​កម្ពុជា​យ៉ាង​ពិសពុល និង​ប្រឆាំង​សាលដីកា​សម្រេច​របស់​តុលាការ​។​

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានបញ្ជាក់​ឲ្យ​ដឹង​តាមរយៈ​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​ថា​សមត្ថកិច្ច​​កំពុង​តាមដាន និង​ប្រមូល​រាល់​សកម្មភាព​របស់​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន​ដែល​បន្តធ្វើ​សកម្មភាព​ឃោសនា​នៅក្រៅ​​ប្រទេស ជា​លក្ខណៈ​នយោបាយ​នោះ ទុកជា​ភស្តុតាង​ដើម្បី​ដាក់បន្ទុក​លើ​ពួកគេ​ថែមទៀត​។ ក្នុងន័យនេះ​លោក ខៀវ សុភ័គ​បាន​ព្រមាន​​ដាក់ពាក្យ​បណ្ដឹង​ទៅលើ​តុលាការ​បន្ថែម ដើម្បី​ប្ដឹង​បង្កក​ទ្រព្យសម្បតិ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បន្តធ្វើ​សកម្មភាព​នយោបាយ ផ្ទុយ​ពី​សេចក្តីសម្រេច​របស់​តុលាការ​នេះ​។​

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​រូបនេះ បាន​អត្ថាធិប្បាយ​ដូច្នេះ​ថា ៖ “…​យើង​ឃើញថា មាន​អ្នកខ្លះ​កំពុង​ធ្វើ​ញុះញង់​ឃោសនា​ឲ្យ​ឆាក​អន្តរ​​ជាតិ​ដាក់​បិទ​ទីផ្សា​សេដ្ឋកិច្ច ដក​កៅអី​កម្ពុជា​ពី​អង្គការសហប្រជាជាតិ​ជាដើម​…​ដូច្នេះ​បើសិនជា​ក្នុង​លក្ខណៈ​ចាំបាច់​នេះ​យើង​នឹង​ប្ដឹងទៅ​​តុលាការ​ស្នើ​ឲ្យ ផ្អាក​សកម្មភាព​នយោបាយ​ពួកគេ បន្ថែម​ពីលើ​៥​ឆ្នាំ​ទៀត​…​ស្នើ​ហាមឃាត់​ការលក់ដូរ​ដីធ្លី​ពួកគេ ឬ​បង្កក​ទ្រព្យសម្បត្តិ​ពួកគេ ព្រោះ​យើង​មានច្បាប់​ពុករលួយ​ដែរ យើង​អាច​ស្នើសុំ​ពិនិត្យ​ទ្រព្យសម្បត្តិ ហើយ​សុំ​បង្កក​តែម្ដង​… ប៉ុន្តែ​បើ​យើង​ប្ដឹង​តែ​អ្នកណា​ដែល​សកម្ម​ទេ អ្នកខ្លះ​មិន​សកម្ម​យើង​ក៏​មិន​ប្ដឹង​ដែរ​…”​។​

​របាយការណ៍​នគរបាល​ជាតិ ដែល​បានចេញ​ផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​បាន​កត់ត្រា​សកម្មភាពរ​បស់​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​​នៅក្រៅ​ប្រទេស​ផងដែរ​។ របាយការណ៍​អង្កេត​សកម្មភាព​មេដឹកនាំ​បក្សប្រឆាំង​ក្នុង​ខែធ្នូ បានលើកឡើង​ថាបើ​ទោះជា​អតីត​មេដឹកនាំ​​គណបក្សប្រឆាំង ប្រឹងប្រែង​ឃោសនា​នៅក្រៅ​ប្រទេស ដើម្បី​ឲ្យ​សហគមន៍​អឺរ៉ុប និង​អាមេរិក មាន​វិធានការ​គៀបសង្កត់​រាជ​រដ្ឋាភិបាល ព្រមទាំង​អំពាវនាវ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​បះបោរ​ប្រឆាំង​ក្តី ក៏​សភាពការណ៍​សន្តិសុខ​នៅ​កម្ពុ​ជាមាន​លក្ខណៈ​​ល្អប្រសើរ​។​

​តុលាការ​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី ១៦ វិច្ឆិកា​។ ចំណែក​ថ្នាក់ដឹកនាំ​នយោបាយ​១១៨​នាក់​ក៏ត្រូវ​តុលាការ​សម្រេច​​ផ្អាក​សកម្មភាព​៥​ឆ្នាំ​។ ក្រោយ​បាត់បង់​គណបក្ស​នេះ អតីតមន្ត្រី​បក្ស​មួយចំនួន បាននាំគ្នា​ចេញទៅ​ក្រៅប្រទេស​នានា​ដើម្បី​ធ្វើ​សកម្មភាព​​ឃោសនា​រិះគន់​លើ​ការសម្រេច​របស់​តុលាការ និង​ស្នើ​ឲ្យ​សហគម​អន្តរជាតិ ជួយ​ដោះស្រាយ​បញ្ហានយោបាយ​កម្ពុជា​តាម​រយៈ​ប្រើ​វិធានការ​​នានា ដាក់​សម្ពាធ​មកលើ​រដ្ឋា​ភិ​បាល​ជាដើម​។​

​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន ក្នុងនោះ​មាន កញ្ញា កឹម មនោ​វិទ្យា កូនស្រី​របស់លោក កឹម សុខា នា​ថ្មីៗ​នេះ បានធ្វើ​សកម្មភាព ជា​បន្តបន្ទាប់​ដើម្បី​ជំ​រុញឱ្យ​សហរដ្ឋអាមេរិក និង​អឺរ៉ុប​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រីជាន់ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។ កញ្ញា កឹម មនោ​វិទ្យា បានស្នើ​ឱ្យ អង្គការសហប្រជាជាតិ​ព្យួរ​អ​សនៈ​របស់​កម្ពុជា និង​ស្នើឱ្យ​អឺរ៉ុប​បិទ​ការអនុគ្រោះ​ពន្ធ និង​ការនាំ​ចូល​ពី​កម្ពុជា​ផងដែរ​។​

​លោកខៀវ សុភ័គ អះអាងប្រាប់វិទ្យុមួយថា កឹម មនោ​វិទ្យា អតីត​អគ្គនាយករង​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹងត្រូវ​ចាប់ខ្លួន​នៅក្នុង​ព្រលានយន្តហោះ ក្នុងករណី​ដែល​ធ្វើដំណើរ​ចូលមក​ប្រទេស​កម្ពុជា​វិញ​៕ដោយ​៖​វិបុល​/sn

ថ្ងៃនេះ កញ្ញា កឹម មនេាវិទ្យា បានជួបជាមួយ លេាក ផាទ្រីក មឺហ្វី ឧបការីរងនៃក្រសួងការបរទេសអាមេរិកទទួលបន្ទុកអាសុីអាគ្នេយ៍ ពិភាក្សាអំពីជំហ៊ានបន្ត ដែលសហរដ្ឋអាមេរិកគួរចាត់វិធានការ ដេីម្បីស្តារឡេីងវិញនូវលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា(ប្រភព៖fb)