ក្រសួងយុត្តិធម៌ ចង់​ឲ្យ​សាធារណជន​ដឹង​បន្ថែម​អំពី​វ​ឌ្ឍ​ភាព​ការងារ​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​

272

(​ភ្នំពេញ​)៖​នៅ​ទីស្តីការ​ក្រសួងយុត្តិធម៌ នា​ព្រឹក​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៧​កន្លងទៅនេះ គណៈកម្មាធិការ​ដឹកនាំ​ការកែទម្រង់​ច្បាប់​និង​​ប្រព័ន្ធយុត្តិធម៌​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ បានរៀបចំ​បទ​បាឋកថា សាធារណៈ​ស្តីពី​គោលការណ៍​និង​យន្តការ​អន្តរជាតិ​នៃ​តុលាការ​ប្រ​​ណិ​ត​និង​ការអនុវត្តន៍​របស់​ក​ម្ពុ​ជា​ក្នុង​គោលដៅ​ផ្សព្វផ្សាយ​ដល់​សាធារណជន​អំពី​វ​ឌ្ឍ​ភាព​ការងារ​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌​របស់​ក្រ​​សួង​។​
​ ​
​ប្រាប់​ក្រុម​អ្នក​សារ​ព័ត​មាន នៅក្រោយ​បញ្ចប់​បទ​បាឋកថា​នោះ អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​​អចិន្ត្រៃយ៍ (​គ​.​ច​.​ប្រ​) លោក ជិន ម៉ា​លីន បាន​បញ្ជាក់ថា សម្រាប់​គោលបំណង​សំខាន់​នៃ​បាឋកថា​ពេលនេះ​គឺ​ចង់​ចែករំលែក​ឲ្យ​សា​ធារ​ណៈ​ជន ក៏ដូចជា​យុវជន​យល់​ទាំង​ទ្រឹស្តី​ជា​គោល​- ការណ៍​អន្តរជាតិ​និង​ទាំង​ការអនុវត្តន៍​ជាក់ស្តែង​អំពី​វ​ឌ្ឍ​ភាព​ការងារ​កំណែទម្រង់​ប្រព័ន្ធ​​យុត្តិធម៌ ដែល​កុំ​ឲ្យ​ឃើញតែ​ភាព​ខ្មៅ​ងងឹត និង​កុំ​ឃើញ​តែមួយ​ជ្រុង ដែល​អ្វី​ក៏ដោយ​គឺមាន​ទាំងសងខាង គឺ​ខ្មៅ​និង​ស​។ ជាពិសេស​ការ​​វិវឌ្ឍន៍​នៃ​ការអនុវត្តន៍​យុទ្ធនាការ នៃ​ការវាយតម្លៃ​គុណភាព និង​ប្រសិទ្ធភាព​តុលាការ និង​ព្រមទាំង​ផ្តល់ឱកាស​ដល់​សាធារណជន​និង​​គ្រប់ភាគី​ដែល​ពាក់ព័ន្ធ​ទាំងអស់​បាន​ចូលរួម​ផ្តល់យោបល់​ក្នុង ការងារ​កំណែទម្រង់​នេះ​ផងដែរ​។​

អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​​អចិន្ត្រៃយ៍ (​គ​.​ច​.​ប្រ​) លោក ជិន ម៉ា​លីន

​លោក​អនុរដ្ឋលេខាធិការ​រូបនេះ លើកឡើង​បន្តថា ចំណុច​ដែល​សំខាន់​ជាងនេះទៅទៀត​ក្នុង បទ​បាឋកថា​នេះ​គឺ​ចង់​ឲ្យ​សាធារណជន​ដឹងថា តើ​ទិសដៅ​នៃ​ការកែទម្រង់​របស់​ក្រសួងយុត្តិធម៌​ទៅមុខ ទៀត​យ៉ាងម៉េច​ហើយ​ក្រសួង​នឹងធ្វើ​ការ​អ្វី​បន្តទៀត​ដើម្បី​កែទម្រង់​​ប្រព័ន្ធយុត្តិធម៌​នេះ បង្កើន​ជំនឿ​ទុកចិត្ត ពី​សាធារណជន​។ លោក​ឲ្យ​ដឹង​ទៀតថា​ទន្ទឹមនឹងនោះ​ក្រសួង​ក៏​មិន​ចង់​ផ្តល់​តែ​ព័ត​មាន​​ដល់​សាធារណ​-​ជន​ទេ​គឺ​យើង​ចង់បាន​ព័ត​មាន​ត្រឡប់​មកពី​គាត់​វិញ​ក្នុងនាម​គាត់​ជា​អ្នកប្រើប្រាស់ ក្នុងនាម​គាត់​ធ្លាប់មាន ការ​ប៉ះ​​ពាល់​ដល់​ប្រព័ន្ធយុត្តិធម៌ និង​តាម​ការសង្កេត​ការណ៍រ​បស់​គាត់ ដោយសារតែ​គាត់ (​សាធារណជន​) ជា​ភាគី​ខាងក្រៅ ហើយ​យើង (​ក្រសួងយុត្តិធម៌​) ជា​ភាគី​ខាងក្នុង​ដែល​ធ្វើការ​នេះ​ផ្ទាល់​។
​ ​ ​
​យុវជន​ឆ្នាំ​ទី​២​ម្នាក់ មកពី​សាកលវិទ្យាល័យ​ធនធានមនុស្ស​មានឈ្មោះ ដា គឹម​ស្រេង បាន​បញ្ចេញ ទស្សនៈ​ថា​នេះ​ជាការ​ល្អ​ណាស់​ដែល​​ក្រសួង​បើក​ឲ្យ​សាធារណជន​បាន​ចូលរួម​ត្រង់​ថា​ផ្សារភ្ជាប់​រវាង​និស្សិត​ដែល​សិក្សា​ផ្នែក​ច្បាប់​ជាមួយ​អ្នករៀបចំ​គោលនយោបាយ​ដែល​ជា​នីតិវិធី​នៅក្នុង​ការអនុវត្តន៍​ច្បាប់​នៅ​កម្ពុជា ពិសេស​ទាក់ទង​នឹង​ប្រព័ន្ធតុលាការ​ធ្វើយ៉ាងណា​ឲ្យ​មានការ​ល្អប្រសើរ​ជាង​ពេលមុនៗ​។​
​ ​
​ដោយឡែក និស្សិត​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​និតិ​សាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ឌឹ​ត រតនៈ ធ្វើការ​សំណូមពរ​ដល់​គ្រប់​ក្រសួង ស្ថាប័ន ពិសេស​នៅ​ក្រសួងយុត្តិធម៌ បន្ត​បើក​ឲ្យ​មានដូចជា​៖ សិក្ខាសាលា វគ្គ​បណ្តុះបណ្តាល និង​បទ​បាឋកថា​ជាដើម​ដល់​សាធារណជន​ក៏​ដូច​​ជា​ឲ្យ​សិស្ស​និស្សិត មានឱកាស​បាន​ចូលរួម​ស្តាប់ និង​ទទួលយក​នូវ​ព័ត​មាន​ទាំងឡាយ​ដែល​ក្រសួង​ផ្តល់ និង​កំពុង​ធ្វើ​។​
​ ​
​សូមបញ្ជាក់​បន្ថែមថា បទ​បាឋកថា​សាធារណៈ​ខាងលើនេះ មាន​សិស្ស​និស្សិត​ចូលរួម​ប្រមាណ ជាង​១០០​នាក់​។​ក្នុងនោះ​មានរ​របៀបវារៈ​ដូចជា​៖ គោលការណ៍​និង​យន្តការ​អន្តរជាតិ​នៃ​តុលាការ​ប្រណិត និង​សមាជិកភាព​នៃ​បណ្តាញ​អន្តរជាតិ តុលា​ប្រណិត​,​ការវិវឌ្ឍ​ន៍​នៃ​ការ​​អនុវត្ត​យុទ្ធនាការ នៃ​ការវាយតម្លៃ គុណភាព និង​ប្រសិទ្ធភាព​តុលាការ រួមមាន​៖ វិធីសាស្ត្រ​, លទ្ធផល​បឋម នៃ​ការវាយតម្លៃ​ក្រោយ​បញ្ចប់ ដំណាក់កាល​ទី​១ និង​ផែនការ​អនុវត្ត​បន្ត​សម្រាប់​ដំណាក់​ទី​២ និង​ការសិក្សា​លើ​គម្រោង​និង​ផែនការ​នៃ​ការដាក់​ញ្ចូ​ល​ប្រព័ន្ធយុត្តិធម៌​​កម្ពុជា​ទៅក្នុង​សមាជិកភាព​នៃ​បណ្តាញ​អន្តរជាតិ​នៃ​តុលាការ​ប្រណិត​៕​ដោយ​: ពៅ និមល​/sn