ក្រសួងសុខាភិបាលៈ អ្នកដំណើរ​ទាំងអស់​តាម​នាវា Weterdam អវិជ្ជមាន កូ​រ៉ូ​ណា​

115
ចែករម្លែក

ដោយៈ​មេសា​/​ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី ២០ ខែ កុម្ភៈ នេះ បន្ទាប់ពី​បាន​ពិនិត្យ​សុខភាព​រួចរាល់​ភ្លាម ក្រសួងសុខាភិបាល បានចេញ​សេចក្តីប្រកាស​ជា​សាធារណៈ​ភ្លាម​អំពី​ស្ថានភាព​សុខភាព​អ្នកដំណើរ​តាម​នាវា Westerdam ដោយមាន​សេចក្តី​ថា គិត​ត្រឹម​ម៉ោង ៩ ព្រឹក នៃ ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះ ក្រសួង​សូម​ធ្វើ​បច្ចុប្បន្នភាព​សុខភាព​អ្នកដំណើរ​តាម​នាវា Westerdam ដែល​នៅ​សេសសល់​នៅ​រាជធានី ភ្នំពេញ និង នៅ​ខេត្ត ព្រះសីហនុ ដូចតទៅ ៖


-​ ​សំណាក​ចំនួន ១២៨៦ នាក់ ត្រូវបាន​ធ្វើតេស្ត​ទាំងអស់ ដោយ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​ថ្មី ឬ Covid 19


-​ ​ស្ថានភាព​សុខភាព​ទូទៅ​របស់​អ្នកដំណើរ​ទាំងអស់ មិនមាន​បញ្ហា​គួរឱ្យកត់សម្គាល់​ឡើយ គឺមាន​សុខភាព​ធម្មតា និង មិនមាន​អ្នក​ឡើងក​ម្តៅ​ក្នុង​ខ្លួន​ឡើយ​
-​ ​គិត​ចាប់​ពីថ្ងៃ​ដែល​នាវា​នេះ​បាន​ចាក​ចេញពី​ទីក្រុង​ហុងកុង មក គឺមាន​រយៈពេល ២០ ថ្ងៃ​ហើយ បើ​គិត​ត្រឹម​ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះ ។


​តាមរយៈ​សេចក្តីប្រកាស​ដដែល ក្រសួងសុខាភិបាល​បាន​បន្ថែមថា “ ប្រតិបត្តិការ​សុខាភិបាល ដែល​ក្រសួង​បាន និង កំពុង​ធ្វើ​នេះ មានការ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ អង្គការ​សុខភាព​ពិភពលោក ( WHO) មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​សហរដ្ឋអាមេរិក វិទ្យាស្ថាន ប៉ាស្ទ័រ​កម្ពុជា ស្ថានទូត​ពាក់ព័ន្ធ និង ស្ថាប័ន​ផ្សេងទៀត “ ។


​ក្រសួងសុខាភិបាល​បានបញ្ជាក់​បន្ថែមថា រហូតមកដល់​ពេលនេះ មិនទាន់​ប្រជាជន​កម្ពុជា​ម្នា​ក់ណា ត្រូវបាន​រកឃើញថា មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ថ្មី ឬ Covid 19 នោះ​នៅឡើយ ។​


​សូមជម្រាបថា បន្ទាប់ពី​បានអនុញ្ញាត​ឱ្យ​នាវា Westerdam ចូល​សំចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ កាលពី​ល្ងាច​ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះ​មក កម្ពុជា និង អ្នកពាក់ព័ន្ធ បា​និ​ខិតខំ​ពិនិត្យ និង តាមដាន​ស្ថានភាព​សុខភាព​អ្នក​ទាំងនោះ​យ៉ាង​ដិតដល់ និង បាន​សម្របសម្រួល ដើម្បី ពួកគេ​បាន​ត្រឡប់​ទៅ​មាតុប្រទេស​របស់​ពួកគេ​វិញ​តាម​ជើងហោះហើរ ៕ Kh

នាវា Westerdam ពេល​ចូល​សំចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ ( រូបៈ ឯកសារ )
​អ្នកដំណើរ​ចាកចេញ​ពី នាវា Westerdam ដែល​បាន​ចូល​សំចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ ( រូបៈ ឯកសារ​)