ក្រសួងសុខាភិបាល​ណែនាំ​កិច្ចការ​មួយចំនួន ដើម្បី ត្រៀម និង ឆ្លើយតប​គ្រោះទឹកជំនន់​

731
ចែករម្លែក

ដោយៈ មេសា /ភ្នំពេញៈ ខណ់រ​ដូ​វស្សា​ភ្លៀង​ធ្លាក់ចូល​មកដល់ អាច​នឹង​នាំ​មកឱ្យ​ទឹកជំនន់ ដែល​នឹង​នាំឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ក្រសួងសុខាភិបាល នៃ ព្រះរាជាណាចក្រ​កម្ពុជា បាន​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ថា ការប្រែប្រួល​អាកាសធាតុ ធ្វើឱ្យ​ផ្លាស់ប្តូរ​រដូវ​កាល និង​បង្ក​ឱ្យ​កើតមាន​ជា​ញឹកញាប់​នូវ​គ្រោះធម្មជាតិ រលក​កម្ដៅ ផ្គរ​រន្ទះ ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ និង​គ្រោះរាំងស្ងួត ដែល​គ្រោះមហន្តរាយ​ទាំងនេះ​បង្ក​នូវ​ផលប៉ះពាល់ ខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ លំនៅឋាន ប៉ះពាល់​សុខភាព និង ស្លាប់​បាត់បង់​អាយុជីវិត​ប្រជាជន ។ ដូចនេះ ដើម្បី​កាត់បន្ថយ​ឱ្យ​បានជា​អតិបរិមា​នូវ​ផលប៉ះពាល់ សុខភាព អាយុជីវិត​ជនរងគ្រោះ និង​មូលដ្ឋាន​សុខាភិបាល​ពី​គ្រោះធម្មជាតិ ពិសេស​គ្រោះទឹកជំនន់ ដែល​អាច​កើតមាន​នាពេល ខាងមុខនេះ លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម អនុវត្តតាម​ការណែនាំ​ដូចខាងក្រោម​នេះ​៖


​១. មុនពេល​ទឹកជំនន់


​ ​-​ ​ត្រូវ​តាមដាន​ស្ថានភាព​ទឹកជំនន់ ត្រៀម​ទីទួល​សុវត្ថិភាព និង​ស្បៀងអាហារ​។ ធ្វើ​របង​ព័ទ្ធជុំវិញ​ស្រះ​ឬ​កន្លែង​ដែលមាន​ទឹក​ជ្រៅ​ ​ត្រូវ​ថែរក្សា​បរិស្ថាន​ឱ្យបាន​ស្អាត និង​សាងសង់​បង្គន់​ត្រូវ​ធ្វើឱ្យ​ប្រសើរ បើ​ទាប​ធ្វើឱ្យ​ខ្ពស់ ដើម្បី ការពារ​ទឹកជំនន់​។​


​២. កំឡុងពេល​មាន​ទឹកជំនន់​


​ ​-​ ​មិនត្រូវ​ចូលទៅ​ក្នុងផ្ទះ​ចាស់ ឬ​អាគារ​ទ្រុឌទ្រោម​ព្រោះ​អាច​ស្រុត​បាក់បែក​បង្កឱ្យមាន​គ្រោះថ្នាក់ ។ មិនត្រូវ​ប៉ះពាល់​គ្រឿង​ប្រើប្រាស់ អគ្គិសនី​ដោយ​ដៃ​សើម ឬ​កំពុង​ឈរ​នៅក្នុង​ទឹក នៅពេល​ធ្វើដំណើរ​ដោយ​ជិះទូក​ឬ​កាណូត​នៅពេល​យប់​ត្រូវមាន​ភ្លើង​បំភ្លឺ​។​
​ ​-​ ​ត្រូវ​សម្រាន្ត​ក្នុង​មុង​គ្រប់ពេល ដើម្បី​ការពារ​ជំងឺគ្រុនឈាម គ្រុនចាញ់ និង​ជំងឺ​ផ្សេងៗ​។​
​ ​-​ ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​តាមដាន និង​ពិនិត្យ​ផ្ទៃពោះ​តាម​កាលកំណត់​របស់​ម​ណ្ឌ​ល​សុខភាព ឬ មន្ទីរពេទ្យ បើ​ស្ត្រី​គ្រប់​ខែ ជិត​ដល់ពេល​សម្រាល​ត្រូវ​រក​កន្លែង​ស្នាក់នៅ​ក្បែរ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​លោកអ្នក​បំផុត​។
​ ​-​ត្រូវ​នាំ​កូនៗ​របស់លោក​អ្នក​ទៅ​ចាក់​ថ្នាំ​បង្ការ​តាម​ការកំណត់​របស់​គ្រូពេទ្យ​និង​ផ្តល់ អាហារ​ដល់​ពួកគេ​ឱ្យបាន​ត្រឹមត្រូវ ។​
​ ​-​ ​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​កុមារី​និង​ក្មេងស្រី​នៅ​ទីទួល​សុវត្ថិភាព​ក្រែង​មាន​អំពើហិង្សា​
ផ្លូវភេទ​។​
​ ​-​ ​ត្រូវ​ជួយ​មនុស្ស​ចាស់​ក្នុង​ក្រុមគ្រួសារ​លោកអ្នក ឬ មនុស្ស​ចាស់​នៅ​ជិតខាង និង​ផ្តល់ ការគាំទ្រ​ដល់​សមាជិកគ្រួសារ ឬ កុមារ​ពិការ ដូចជា ឈើច្រត់ រទេះរុញ ឬ ថ្នាំពេទ្យ ដែល​គាត់​កំពុង​ប្រើប្រាស់​ជាប្រចាំ​មួយចំនួន ដែលជា​តម្រូវ​ការចាំបាច់​របស់​ពួកគាត់​។
​-​ ​ត្រូវ​ប្រុងប្រយ័ត្ន​ចៀសវាង​នូវ​គ្រោះថ្នាក់​លង់ទឹក ត្រូវការពារ​កុមារ​តូចៗ​កុំឱ្យ​ចុះ​ទឹក ពន្យល់​កុមារ​ពី​គ្រោះថ្នាក់​នៃ​ការ​លង់ទឹក នាំ​កុមារ​ទៅ​កន្លែង​ខ្ពស់ និង​មាន​អ្នក​ថែទាំ ប្រើ​អាវ​ពោង​ឬ​ប៊ីដុង​ជ័រ​គ្រប់ពេល​កុមារ​ចេញពីផ្ទះ​។ ពេលធ្វើ​ដំណើរ​តាម​ទូក​ឬ​កាណូត​មិនត្រូវ​ដាក់​មនុស្ស​ហួស​កម្រិត បើ​មាន​អ្នកណាម្នាក់​លង់ទឹក​ត្រូវ​ហៅ​ជំនួយ​ជាបន្ទាន់​។​
​ ​-​ ​ត្រូវ​ប្រុងប្រយ័ត្ន​គ្រោះថ្នាក់​ដោយសារ​ពស់​ចឹក​ឬ​សត្វ​អ​សិរ​ពិស​ផ្សេងៗ ដោយ​ពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ មុន​ទៅកាន់​ទីទួល​សុវត្ថិភាព ឬ​មុន​ទៅធ្វើ​ការ​ជិត​គំនរ​អុស និង​គំនរ​ឈើ​។ ធ្វើដំណើរ​ពេលយប់​ឬ​ពេលធ្វើ​ការងារ​ត្រូវ​ស្លៀកខោ​ជើងវែង និង​ពាក់​ស្បែកជើង កវែង ជៀសវាង​កន្លែង​ដែលមាន​ស្មៅ​ស៊ុបទ្រប់ និង​ដាច់ខាត​មិនត្រូវ​យកដៃ​ទៅ​ចាប់​ពស់​ឬ​សត្វ​អ​សិរ​ពិស ។ ក្នុងករណី​មាន​សមាជិកគ្រួសារ ឬ​នរណាម្នាក់​មាន​គ្រោះថ្នាក់​ដោយសារ​ពស់​ចឹក​ឬ​សត្វ​អ​សិរ​ពិស​ទិច​ឬ​ខាំ​ត្រូវបញ្ជូន​ជា​ប្រញាប់​ទៅ​មណ្ឌល​
​ ​ ​សុខភាព ឬ មន្ទីរពេទ្យ ដែល​នៅ​ជិត​លោកអ្នក​បំផុត ដើម្បី​ទទួល​ការពិនិត្យ​និង​ព្យាបាល ។​
​ ​-​ ​ដើម្បី​ជៀសវាង​នូវ​បញ្ហា រាករូស រាក​មួល ពុល​ចំណីអាហារ​ឬ​ជំងឺ​ផ្សេងៗ​ដ៏ទៃទៀត​
​ ​ ​ដែល​បង្កឡើង​ដោយ​ទឹក ត្រូវ​បរិភោគ ទឹកស្អាត​ដោយ​ប្រើ​ធុង​ចម្រោះ ដាំទឹក​ឱ្យ​ពុះ
​ ​ឬ​ប្រើប្រាស់​ទឹក​ដោយ​ប្រើ​ថ្នាំ​ក្ល​រី​ន​ឬ​ក្ល​រ៉ា​មីន​(​ថ្នាំ​ក្ល​រី​ន​ឬ​ក្ល​រ៉ា​មីន​ពីរ​គ្រាប់​អាច​លាយ​ទឹក​ ​ ​២០​លីត្រ​)​។ ត្រូវ​លាង​សម្អាត​បន្លែ និង​ផ្លែឈើ​ជាមួយ​ទឹកស្អាត អាហារ​ចម្អិន​ឱ្យបាន​ត្រឹម​
​ ​ត្រូវ និង​ឆ្អិន​ល្អ គ្រប​អាហារ​ឱ្យបាន​ ​ ​ជិត​ល្អ​ដើម្បី​ការពារ​រុយ​រោម​និង​ធូលី​ដី​
​ ​ហុយ​ចូល ព្រមទាំង​សម្អាត​កន្លែង​ធ្វើ​ម្ហូប និង​សម្ភារៈ​ផ្ទះបាយ​ដូចជា ចាន ឆ្នាំង ស្លាបព្រា​ ​ខ្ទះ កាំបិត ជ្រុ​ញ​ឱ្យបាន​ស្អាត​។ លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ឱ្យបាន​ញឹកញាប់​មុន​និង​
​ ​ក្រោយ​បរិភោគ​អាហារ និង​ក្រោយ​ចេញពី​បង្គន់​។​ ​
​ ​-​ ​ដើម្បី​សៀ​សវាង​ការចម្លង​ជំងឺ​រលាក​ផ្លូវដង្ហើម ជា​ចាំបាច់​ត្រូវ​ពាក់​ម៉ាស់ ឬ​កូនកន្សែង ឬ​ក្រមា​ខ្ទប់មាត់​ពេល​ក្អក ឬ​កណ្ដាស់ និង​ត្រូវ​នៅ​ឱ្យបាន​ឆ្ងាយ​ពី​អ្នកជំងឺ ដែល​ក្អក ឬ​កណ្ដាស់​ឱ្យ​លើសពី​១​ម៉ែត្រ ហើយ​និង​មិនត្រូវ​នៅក្បែរ​កន្លែង​មាន​ធូលី​ហុយ​បើ​ចាំបាច់​ត្រូវតែ​ពាក់​ម៉ាស់ ។ នៅពេល​ដែលមាន​ធាតុអាកាស​ប្រែប្រួល​ភ្លាមៗ ត្រូវ​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ដូចជា ការ​ស្លៀកពាក់​ ​ ​ឱ្យបាន​ត្រឹមត្រូវ និង​សៀ​សវាង​ចេញ​ក្រៅ​ផ្ទះ​ក្នុង​រយៈពេល​យូរ​។
​ ​-​ ​ត្រូវធ្វើ​អនាម័យ​ខ្លួនប្រាណ​ឱ្យបាន​ស្អាត​ដោយ​ងូតទឹក​ដុះ​សាប៊ូកក់សក់ និង​បោក​
​ ​ ​សម្លៀកបំពាក់​ឱ្យបាន​ស្អាត​ចៀសវាង​ជំងឺ​ ​ ​សើ​ស្បែក ពងទឹក​និង
​ ​ ​កមរមាស់​ជាដើម​។​
​ ​ក្រោយពេល​ទឹកជំនន់​
​ ​-​ ​បន្ត​បរិភោគ​ចំណីអាហារ​ស្អាត ទឹកស្អាត និង​អនាម័យ​ខ្លួនប្រាណ​ឱ្យបាន​ស្អាត ដើម្បី​
​ ​ចៀសវាង​នូវ​ជំងឺ​ផ្សេងៗ​។
​ ​-​ ​ត្រូវ​បន្ត​សម្រាន្ត​ក្នុង​មុង​គ្រប់ពេល​ដើម្បី​ការពារ​ជំងឺគ្រុនឈាម និង​គ្រុនចាញ់​។​
​ ​-​ ​ត្រូវ​ពិនិត្យមើល​ផ្ទះ​ក្រែង​មាន​បាក់ស្រុត​នាំឱ្យមាន​គ្រោះថ្នាក់ ប្រុងប្រយ័ត្ន​ក្រែង​មាន​សត្វ​ពស់ ឬ​សត្វ​អ​សិរ​ពិស ផ្សេងៗ​។
​ ​- ​អនាម័យ​បរិស្ថាន​ជុំវិញ​ផ្ទះ និង​ក្នុងផ្ទះ ព្រោះ​ក្រោយពេល​ទឹក​ស្រក​ទៅបាន​បន្សល់​នូវ​ភាពកខ្វក់ និង​មេរោគ​ជាច្រើន​រស់នៅ ក្នុង​ទឹក​ជៀសវាង​នូវ​ការដក់​ទឹក​ជុំវិញ​ផ្ទះ និង​ក្នុងផ្ទះ នាំឱ្យមាន​ដង្កូវទឹក​កើត​មូស​ខ្លា និង​មូស​ដែកគោល​ដែល​អាច​បង្កឱ្យមាន​ជំងឺ គ្រុនឈាម និង​គ្រុនចាញ់​។​


​ ​-​ ​ត្រូវ​ស្តារ និង​សំអាត​អណ្តូងទឹក​ឡើងវិញ​មុននឹង​ប្រើប្រាស់​។
​ ​-​ ​ព្រមទាំង​ជួសជុល និង​សង់​បង្គន់​ឡើងវិញ ដោយ​ជានិច្ច​ជា​កាល​ត្រូវ​បន្ទោបង់​ក្នុង​បង្គន់​គ្រប់ពេល​។


​ទាំង​មុនពេល ក្នុងពេល និង​ក្រោយពេល​ទឹកជំនន់ ប្រសិនបើ​លោកអ្នក​មាន​បញ្ហា​សុខភាព​សូម​ស្វែងរក​ការពិគ្រោះ ពិនិត្យ និង ព្យាបាល​ជំងឺ​ជាបន្ទាន់​នៅ​ប៉ុស្តិ៍​សុខភាព​ក្បែរ​ទីទួល​សុវត្ថិភាព ឬ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែល​នៅ​ជិត​លោកអ្នក​បំផុត​។​
​ទីទៃ​ពី​ការណែនាំ​ដល់​ស​ធារ​ណ​ជន​ដូចដែល​បានលើកឡើង​ខាងដើម ក្រសួងសុខាភិបាល​ក៏បាន​ណែនាំ​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ទាំងអស់​ឱ្យ​ត្រៀមលក្ខណៈ​រួចជាស្រេច​នូវ​ឱសថ បរិក្ខារ​ពេទ្យ សេ​រ៉ូ​ប្រឆាំង​ពឹ​ស​ពស់​សម្រាប់​ជួយ​អន្តរាគមន៍​នៅពេល​ដែលមាន​ពស់​ចឹក ព្រមទាំង​ត្រៀម​ក្រុមគ្រូពេទ្យ​ចល័ត ដើម្បី ជួយ​ពិនិត្យ​ព្យាបាល ជំងឺ​ជូន​ប្រជាពលរដ្ឋ ដែលមាន​បញ្ហា​សុខភាព​ឱ្យបាន​ល្អប្រសើរ និង​ទាន់ពេលវេលា​ទៅតាម​និយាម​ប្រតិបត្តិ​ពេទ្យ​ត្រឹមត្រូវ​ផងដែរ​។


​បើ​មាន​ជំងឺឆ្លង​រាតត្បាត​សូម​ទាក់ទង​មក​លេខ​ទូរស័ព្ទ​១១៥(​គ្មាន​ថវិកា​ក្នុង​ទូរស័ព្ទ​ក៏​អាច​ទូរស័ព្ទ​ចូល​បានដែរ​)​។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មក​លេខ​ទូរស័ព្ទ​លោក​វេជ្ជបណ្ឌិត កុល ហេ​រ៉ូ : ០១៧ ៩៩៩ ៥៨៦ ឬ​លោកស្រី​វេជ្ជបណ្ឌិត ឡាក់ មួយ​ស៊ា​ង : ០១២ ៩២៥ ៧៤១ ៕Kh

ទឹកជំនន់ ភ្លៀង​ផ្គរ ខ្យល់​កន្ត្រាក់ រន្ទះ និង ជំងឺ​តម្កាត់​ផ្សេងៗ ជា​អ្វី​ដេ​ល​ក្រសួងសុខាភិបាល​ក្រើនរំឭក​ឱ្យ​សាធារណជន និង អ្នកពាក់ព័ន្ធ​បង្កើន​ការប្រុងប្រយ័ត្ន​នៅក្នុង​រដូវវស្សា​នេះ ( រូបៈ ឯ​សារ )