ក្រសួងសុខាភិបាល​បន្ត​ពង្រឹង​តាមដាន និង ឆ្លើយតប​ករណី​វីរុស Covid 19 នៅ​កម្ពុជា​

137
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ បន្ទាប់ពី​បានទទួល​ព័ត៌មាន​ពី​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី ថា បាន​រកឃើញ​វត្តមាន​វីរុស​កូ​រ៉ូ​ណា ឬ Covid 19 នៅលើ​ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់ វ័យ ៨៣ ដែល​បាន​ចាកចេញ​នាវា​ដែល​បាន​ចូល​ចត​នៅ​កម្ពុជា ហើយ​ស្ត្រី​រូបនោះ​បាន​ចាក​ចេញពី​កម្ពុជា​ឆ្ពោះទៅ​ប្រទេស​របស់គាត់​ឆ្លងកាត់​តាម​ទីក្រុង កូ​ឡា​ឡាំ​ពួរ ប្រទេស ម៉ាឡេស៊ី មក លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល កម្ពុជា និង ស្ថាប័ន​ពាក់ព័ន្ធ បាន​ចាត់វិធានការ​ជា​បន្តបន្ទាប់ ហើយ​កាលពី​ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២០ លោក​រដ្ឋមន្ត្រី​បាន​បើក​កិច្ចប្រជុំ​ក្រុមការងារ​ឆ្លើយតប​ការ​រាតត្បាត នៃ វីរុស​កូ​រ៉ូ​ណា ឬ Covid 19 នៅ​ទីស្តីការក្រសួង ហើយ​បាន​ឯកភាព​លើ​វិធានការ​ដូចខាងក្រោម​៖


-​ ​ពិនិត្យ​សុខភាព​អ្នកដំណើរ​លើ​នាវា Westerdam ទាំងអស់​នៅ​ភ្នំពេញ និង ក្រុង​ព្រះ​សហ​នុ ដើម្បី ពិនិត្យ​រកមើល​រោគសញ្ញា​ណាមួយ​ដែល​កើតឡើង ។​


-​ ​រាល់​បុគ្គល​ដែល​ធ្វើដំណើរ​លើ​នាវា Westerdam ត្រូវ​បន្ត​តាមដាន​សុខភាព​របស់ខ្លួន​ឱ្យបាន​ហ្មត់ចត់ ។ បុគ្គល​ដែលមាន​រោគសញ្ញា​ដូចជា ក្តៅខ្លួន ក្អក ឬ ពិបាក​ដកដង្ហើម ត្រូវ​ផ្តល់ព័ត៌មាន​ទៅកាន់​អាជ្ញាធរ​សុខាភិបាល​ក្នុងស្រុក និង ត្រូវ​ប្រាប់​ពី​ប្រវត្តិ​ធ្វើដំណើរ ។​


​ក្រសួងសុខាភិបាល​កម្ពុ​ជា ធ្វើតេស្ត​ដោយ​មន្ទីរពិសោធន៍​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា លើ​អ្នកដំណើរ​តាម​នាវា Westerdam ដែល​នៅ​សេសសល់​ក្នុងប្រទេស​កម្ពុជា ។​
​នាវា Westerdam ដែល​បាន​ចូល​សំចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ មាន​អ្នកដំណើរ​សរុប ២.២៥៧ នាក់ ហើយ​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល បាន​រំឭក​ឡើងវិញ​ថា ក្រោយ​នាវា​ចូល​សំចត​កាលពី​ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២០ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​អនុញ្ញាតឱ្យ​អ្នកធ្វើដំណើរ​ចុះ​ពី​នាវា​ដោយ​ផ្អែកលើ ៖


-​ ​ទម្រង់​ប្រកាស​សុខភាព​របស់​នាវា ដែល​អាជ្ញាធរ​កំពង់ផែ​បានទទួល បញ្ជាក់ថា​មាន​បុគ្គល​ចំនួន ១៨ នាក់​លើ​នាវា មាន​បញ្ហា​សុខភាព ក្នុងពេល​ធ្វើដំណើរ ។ ទម្រង់​ប្រកាស​សុខភាព​ដែល ចេញ​ដោយ​ក្រសួងសុខាភិបាល​កម្ពុជា ត្រូវបាន​ប្រមូល​ពី​អ្នកដំណើរ និង នាវិក​ទាំងអស់ ។ សំណាក​ពី​ច្រមុះ និង បំពង់ក ត្រូវបាន​ប្រមូល​ពី​បុគ្គល ២០ រូប ដែល​បាន​រាយការណ៍​ថា​មាន​រោគសញ្ញា​ស្រដៀង​ផ្តាសាយ ឬ រាគរូស នៅពេល​យក​សំណាក ឬ ក្នុងពេល​ធ្វើដំណើរ ។ សំណាក​ត្រូវបាន​បញ្ជូនទៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដើម្បី ធ្វើតេស្ត​រក​វីរុស​កូ​រ៉ូ​ណា​ថ្មី ។ សំណាក​ទាំងអស់​មា​នល​ទ្ធ​ផល​អវិជ្ជមាន ។​


-​ ​មុនពេល​ការចុះ​ពីលើ​នាវា ក្រុមការងារ​ក្រសួងសុខាភិបាល និង មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ បាន​ត្រួតពិនិត្យ​សីតុណ្ហភាព​លើ​បុគ្គល​ទាំងអស់​លើ​នាវា ហើយ​មិនបាន​រកឃើញថា​មាន​គ្រុនក្តៅ​ទេ ។​


​សូមជម្រាបថា នៅ​ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២០ មាន​មនុស្ស ៤០៩ នាក់ បាន​ចុះ​ពី​ចេញ នាវា Westerdam ដោយ​ធ្វើដំណើរ​តាម​យន្តហោះ​ចាក​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ និង បន្ត​ជើងហោះហើរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី បន្តដំណើរ​ទៅកាន់​ប្រទេស​កំណើត​របស់​ពួកគេ ។ លុះដល់​ថ្ងៃទី ១៥-១៦ ខែ និង ឆ្នាំ ដដែល​នេះ មាន​អ្នកដំណើរ​ចំនួន ៦០១ នាក់​បន្ថែមទៀត​ពី​នាវា​ដដែល មកកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី រង់ចាំ​ការចេញដំណើរ​ទៅ​ប្រទេស​របស់​ពួកគេ ។​


​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​បន្ថែម​ថា ក្រសួងសុខាភិបាល បាន និង កំពុង​អនុវត្តតាម​និយាម​ស្តង់ដារ​បច្ចេកទេស និង និយ័តកម្ម​អន្តរជាតិ​ឆ្នាំ ២០០៥ របស់​អង្គការ​សុខភាព​ពិភពលោក រាល់ពេល​ប្រតិបត្តិការ​នៅលើ​នាវា និង នៅ​ដីគោក ដោយមាន​កិច្ចសហការ របស់​អង្គការ​សុខភាព​ពិភពលោក ( WHO ) មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​អាមេរិក ( US CDC ) និង ស្ថានទូត​ពាក់ព័ន្ធ​នានា បាន​ចូលរួម​យ៉ាងសកម្ម​នៅ​ក្រុងព្រះសីហនុ ក្នុង​ការគាំទ្រ​រដ្ឋាភិបាល​កម្ពុជា ដើម្បី ឆ្លើយតប​ព្រឹត្តិការណ៍​នេះ ។​


​រហូតមកដល់​ពេលនេះ មិនទាន់​រកឃើញ​ប្រជាជន​កម្ពុជា​ម្នា​ក់ណា​មាន​ឆ្លង​មេរោគ Covid 19 នៅឡើយ ។ ទោះយ៉ាងណា ក្រសួងសុខាភិបាល​កម្ពុ​ជា និង អង្គការ​សុខភាព​ពិភពលោក បានរួម​គ្នា​ណែនាំ​ដល់​សា​ធារ​ជន​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​ការប្រុងប្រយ័ត្ន និង ធ្វើ​អនាម័យ​ជា​ស្តង់ដារ និង កាត់បន្ថយ​ការប៉ះពាល់ និង ការ​ចម្លងជំងឺ​មួយចំនួន ។ ការប្រុងប្រយ័ត្ន​រួមមាន ៖ អនាម័យ​ដៃ​ជាប្រចាំ គ្រប​មាត់ និង ច្រមុះ​ពេល​ក្អក ឬ កណ្តាស ចៀសវាង​ទាក់ទង​ជាមួយ​នរណាម្នាក់​ដែលមាន​រោគសញ្ញា​ផ្លូវដង្ហើម​ដូចជា​ក្អក និង កណ្តាស ឬ ពិបាក​ដកដង្ហើម ត្រូវ​ស្វែងរក​ការព្យាបាល​ឱ្យបាន​ឆាប់រហ័ស និង ផ្តល់ព័ត៌មាន​អំពី​ប្រវត្តិ​ធ្វើដំណើរ​ពីមុន ដល់​មន្ត្រី​ដែល​ផ្តល់​សេវា​ថែទាំ​សុខភាព ។​


​ក្រសួងសុខាភិបាល​នឹង​បន្ត​ផ្តល់​ជូនដំណឹង​ដល់​សាធារណជន​អំពី​ការវិវឌ្ឍ នៃ បញ្ហា​សុខភាព តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង និង ហ្វេ​ស​ប៊ុ​ក​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ៕ Kh

នាវា Westerdam ពេល​ចូល​សំចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ ( រូបៈ ឯកសារ )
​សម្តេច ហ៊ុន សែន អ​ញ្ញើញ​ទៅ​ស្វាគមន៍​ភ្ញៀវ​នៅលើ​នាវា Westerdam នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ ( រូបៈ ឯកសារ )
​អ្នកដំណើរ​ចុះ​នាវា Westerdam ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ (​រូបៈ ឯកសារ )