ក្រសួងសុខាភិបាល​ប្រកាស​ឲ្យ​ប្រមូល​ទឹកដោះគោ​ម្សៅ​បី​ប្រភេទ​ដែលមាន​ឆ្លង​មេរោគ​ហើយ​បង្ក​គ្រោះថ្នាក់​

391

(​ភ្នំពេញ)៖ សេចក្តីជូនដំណឹង​រប​ស់​ក្រសួងសុខាភិបាល នៃ ព្រះរាជាណាចក្រ​កម្ពុជា ដែល​ភ្ជាប់​ជាមួយ​នូវ​រូបភាព​កំប៉ុង​ទឹកដោះគោ​ម្សៅ​ចំនួន​បី​ប្រភេទ បានសរសេរថា “ ក្រសួងសុខាភិបាល សូម​ជម្រាបជូន​សាធារណជន​ជ្រាបថា ក្រសួងសុខាភិបាល​បានទទួល​ដំណឹង​ពី​បណ្តាញ​អាជ្ញាធរ​សុវត្ថិភាព​ចំណី​ន​អាហារ​អន្តរជាតិ ( INFOSAN ) និងសេចក្តីប្រកាស​របស់​រោង​ចក្រ​ឈ្មោះ LACTALIS INTERNATIONAL ថា ផលិតផល​ទឹកដោះគោ​ម្សៅ​ចំនួន​បី ប្រភេទ មាន​ឆ្លង​មេរោគ សាល​ម៉ូ​ណែ​ល​ឡា ។ ទឹកដោះគោ​ទាំង ៣ ប្រភេទ ដែលមាន​ឆ្លង​មេរោគ​នោះ គឺ​ម៉ាក ៖ CELIA AD 350 G, CELIA MAMA 400 G និង PICOT SL 350 G ។​

​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​២០​ធ្នូ​ដដែល​បាន​បញ្ជាក់ថា មេរោគ​នេះ​នឹង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​របស់​អ្នកប្រើប្រាស់ ជាពិសេស ទារក កុមារ​តូចៗ ស្ត្រី​មាន​ផ្ទៃពោះ និងស្ត្រី​កំពុង​បំបៅ​ដោះ​កូន ។ ផលិតផល​ទាំងនេះ​ត្រូវបាន​នាំចូល​ក្នុងប្រទេស​កម្ពុជា ដោយ​ក្រុមហ៊ុន​ចំនួន​ពីរ​ហើយ​ក្រសួងសុខាភិបាល បាន​តម្រូវឱ្យ​ក្រុមហ៊ុន​ទាំងពីរ​នោះ សហការ​ជាមួយ​ក្រសួងសុខាភិបាល និង អាជ្ញាធរ​ពាក់ព័ន្ធ ក្នុងការ​ប្រមូល​ផលិតផល​ទឹកដោះគោ​ទាំងបីប្រភេទ​នេះ​ត្រឡប់​ពី​ទីផ្សារ​មកវិញ ។​

​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ក្នុងករណី​បាន​ជួបប្រទះ​ឃើញ ឬ កំពុង​ប្រើប្រាស់ លក់ ចែកចាយ​នូវ​ផលិតផល​ខាងលើ ឬ ប្រទះឃើញ​ទារក​កុមារ​តូចៗ អ្នក​ដែលមាន​ជំងឺ​ដោយសារ​ការប្រើប្រាស់​ផលិតផល​ខាងលើ សូម​បងប្អូន​ប្រញាប់​ផ្តល់ព័ត៌មាន ឬ តម្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខា​ពេទ្យ និង គ្រឿងសម្អាង នៃ ក្រសួងសុខាភិបាល តាមរយៈ​ទូរស័ព្ទ​លេខ ០៨៥ ៥៣៨ ០៦៦ , ០៧៧ ៨០៤ ៩៦៦ , ០១២ ២០៤ ៩៦៥ និង ០៦១ ២២៣ ៣២៦ ៕​ដោយៈ មេសា​/sn

រូប​កំប៉ុង​ទឹកដោះគោ​ម្សៅ​ទាំង ៣ ប្រភេទ ដែល​ក្រសួងសុខាភិបាល​ប្រកាសថា​មាន​ឆ្លង​មេរោគ និង គ្រោះថ្នាក់​ដល់​អ្នកប្រើប្រាស់