ក្រសួងសុខាភិបាល​រំលឹក​ឱ្យ​ប្រុងប្រយ័ត្ន​សុខភាព​ពេល​អាកាសធាតុ​ត្រជាក់​

240

(​ភ្នំពេញ​)៖ ក្រសួង​បាន​អំពាវនាវ ឱ្យ​ពលរដ្ឋ​ចូលរួម​បង្ការ​ជំងឺ​បណ្តា​លពី អាកាសធាតុ​ត្រជាក់ ដូចជា​ផ្តាសាយ ក្អក កណ្តាស់ រលាក​ច្រមុះ បំពង់ក និង​ទង សួត​ជាដើម ហើយ​អ្វីដែល​លើសពីនេះ ទៅទៀត​នោះ គឺ​ត្រូវ​ចេះ​ការពារ​កុំឱ្យ មានការ​ឆ្លង​វីរុស​ផ្តាសាយ​បក្សី H៥ N១ ជាពិសេស​ដល់​ពលរដ្ឋ​ដែល​រស់នៅ ក្នុង​តំបន់​កើតមាន​ករណី​ជំងឺ​ផ្តាសាយ បក្សី H៥ N១​ក្នុងពេល​ថ្មីៗ​នេះ ។​

​សូម​រំលឹកថា ថ្មីៗ​នេះ​មាន​ករណី កើត​ជំងឺផ្តាសាយបក្សី H៥ N១ នៅក្នុង ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ប៉ុន្តែ​មន្ត្រី​ក្រសួងសុខាភិបាល មិនទាន់​រកឃើញ​មានការ​ឆ្លង​មក​មនុស្ស​នៅឡើយ​ទេ ហើយ​ក្រសួងសុខាភិបាល លើកឡើងថា មន្ត្រី​ជំនាញ​របស់ខ្លួន កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ចំពោះ​ជំងឺផ្តាសាយបក្សី H៥N១​នេះ​។ នេះ បើតាម​សេចក្តីជូនដំណឹង​របស់ ក្រសួងសុខាភិបាល ដែល​ចុះ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៧ នេះ ។
​ ​
​ក្រសួងសុខាភិបាល​បាន​ណែនាំ វិធានការ​មួយចំនួន ដើម្បី​ការពារ​ជំងឺ បណ្តាលមកពី​អាកាសធាតុ​ត្រជាក់ និង ជំងឺផ្តាសាយបក្សី H៥N១ ។ ពលរដ្ឋ​ត្រូវ ពាក់​សម្លៀកបំពាក់​ក្រាស់​ជិត​ខ្លួនប្រាណ ពិសេស​ត្រូវ យកចិត្តទុកដាក់​លើ​មនុស្ស ចាស់​កុមារ​តូចៗ​ឱ្យមាន​កម្តៅ​ខ្លួន​ធម្មតា ជានិច្ច​។ គេ​ត្រូវ​ពាក់​ម៉ាស់​ពេល​ក្អក កណ្តាស់ និង​ប្រើ​កន្សែង​ស្អាត ឬ​ក្រដាសអនាម័យ ប្រសិនបើ​មាន​ហូរ​សំបោរ ហើយ​មិនត្រូវ​បោះចោល ពាសវាល​ពាសកាល ដែល​អាច​ចម្លង​ទៅ​អ្នកដទៃ នោះទេ​។​

​ចំពោះ​វិធានការ​ផ្សេងទៀត​គេ​ត្រូវ លាង​សម្អាត​ដៃ​នឹង​សាប៊ូ​រាល់​ក្រោយ ពេល​ជូត​សំបោរ ឬ​បន្ទោបង់​មុននឹង ប៉ះពាល់​អ្នកដទៃ ឬ​កាន់​ម្ហូបអាហារ ។ ម្យ៉ាងទៀត​គេ​ត្រូវ​ប្រុងប្រយ័ត្ន​ក្នុងការ ចាប់​កាន់​សត្វ​បក្សី ពិសេស​កុំ​យក​សត្វ មាន់ ទា ឬ​បក្សី​ផ្សេងទៀត ដែល​ឈឺ ឬ​ងាប់ មក​ធ្វើជា​ម្ហូបអាហារ ឬ​លក់​បន្ត ។ វិធានការ​បន្តទៀត គេ​ត្រូវ​អនុវត្តន៍ អនាម័យ​ល្អ​ក្នុងការ​បោចរោម​សត្វ​បក្សី និង​ត្រូវ​ចម្អិន​អាហារ​ឱ្យ បាន​ឆ្អិន​ល្អ និង ត្រូវ​កប់ ឬ​ដុត​បក្សី ដែល​ឈឺ ឬ​ស្លាប់​ឱ្យ បាន​ត្រឹមត្រូវ​។
​ ​
​ករណី​មានការ​សង្ស័យ​នរណា ម្នាក់​មាន​រោគសញ្ញា​ជំងឺផ្តាសាយបក្សី ត្រូវបញ្ជូន​បុគ្គល​នោះ​ទៅ​មន្ទីរពេទ្យ​។ ក្រសួង​បញ្ជាក់ថា ករណី​សង្ស័យ​បុគ្គល ដែលមាន​ឆ្លង​ជំងឺផ្តាសាយបក្សី គឺ​បុគ្គល នោះ​មាន​រោគសញ្ញា គ្រុនក្តៅ​លើសពី ៣៨,៥​អង្សា​សេ ក្អក ឬ​ឈឺ​ក ឬ​ដក ដង្ហើម​ហត់ៗ និង​មាន​ប្រវត្តិ​ប៉ះពាល់ បក្សី​ឈឺ ឬ​ងាប់​ក្នុងអំឡុងពេល​៧​ថ្ងៃមុន ចេញ​រោគសញ្ញា​។​
​ ​
​សូម​រម្លឹកថា ចាប់តាំងពី​ឆ្នាំ ២០០៥​ដល់​ឆ្នាំ​២០១៤​ក្នុងប្រទេស កម្ពុជា​ធ្លាប់​កើតមាន​ជំងឺផ្តាសាយបក្សី ដែល​បាន​ឆ្លង​ពី​បក្សី​មក​មនុស្ស​ចំនួន ៥៦​ករណី ដែល​ក្នុងនោះ​៣៧​ករណី បាន​ស្លាប់ ៕ ដោយៈ មេសា​