ក្រសួងសុខាភិបាល​ហាម​លក់​និង​ប្រើប្រាស់​ឱសថ​បំប៉ន​ផ្ឡូ​វ​ភេទ​LIONKING

253
ចែករម្លែក

​ដោយៈ​មេសា​/​ភ្នំពេញៈ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ជ្រាបថា រាល់ថ្ងៃ​មាន​ហ្វេ​ស​ប៊ុ​ក​ចំនួន ២ គឺ ៖ ១. កំពូល​ឋានសួគ៌ នៃ បុរស និង ២. កម្លាំង​បុរស​សម័យថ្មី​។​ហ្វេ​ស​ប៊ុ​ក​នេះ កំពុង​ផ្សព្វផ្សាយ​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​ឈ្មោះ LIONKING គ្មាន​បញ្ជិកា​និង​គ្មាន​ច្បាប់​អនុញ្ញាត​ផ្សព្វផ្សាយ​ពី​ក្រសួងសុខាភិបាល​ឡើយ​។​

​ជាមួយ​នោះ​ព្រមទាំង​បាន​ផ្សព្វផ្សាយ​ភូតកុហក់​បោកប្រាស់​និង​បំ​ភ្លើ​ស​ហួស​ពី​ការពិត​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ត្រឹមត្រូវ​ដូចជា​៖​ធំ​វែង​រឹង​រួមភេទ​បានយូរ​និង​ជួយ​ព្យាបាល​ខ្សោយបេះដូង​គ្រលៀន​ទឹកនោមផ្អែម​លើសឈាម​តម្រងនោម​សន្លាក់​ក្រពេញ​ប្រូ​ស្តា​ត​ផ្តល់​ថាមពល​ដល់​រាងកាយ​អ្នក​អត់​កូន​ក៏​ជួយ​ឱ្យ​មានកូន​ទៀតផង ។

​នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​នៅតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។​សេចក្តីប្រកាស​នេះ​បន្ថែមថា​ក្រសួងសុខាភិបាល​សូម​ជម្រាបជូន​សាធារណជន​ទាំងអស់​ឈប់​ជឿ​ការផ្សព្វផ្សាយ​ឃោសនា​ភូតកុហក់​បោកប្រាស់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កដោយ​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ត្រឹមត្រូវ​របស់​ហ្វេ​ស​ប៊ុ​ក​នេះ​។​

ឈប់​ប្រើប្រាស់​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​ឈ្មោះ​LIONKING​គ្មាន​បញ្ជិកា​នេះ​ជា​បន្ត​ទៀតហើយ​ក្រសួងសុខាភិបាល​តម្រូវ​ឱ្យ​ម្ចាស់​គណនី​ខាងលើ​បញ្ឈប់​ការនាំ​ចូល​ផ្សព្វផ្សាយ លក់ ឬ ចែកចាយ​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​ឈ្មោះ LIONKING គ្មាន​បញ្ជិកា នេះ​ជាបន្ទាន់ ។

​ក្រសួងសុខាភិបាល នឹងមាន​វិធានការ​តឹងរឹង ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ ដែល​នាំចូល ផ្សព្វផ្សាយ​លក់​ឬ​ចែកចាយ​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​ឈ្មោះ​LIONKING​គ្មាន​បញ្ជិកា​ទៅតាម​ផ្លូវច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន​។​

សេចក្តីប្រកាស​ដដែល​ស​ង្ក​ត់​ធ្ងន់​ថា​ករណី​បាន​ជួប ឬ ប្រទះឃើញ​ជន​ណា​កំពុង លក់ ចែកចាយ ឬ ផ្សព្វផ្សាយ​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​ឈ្មោះ LIONKING សូម​ប្រញាប់​ផ្តល់ព័ត៌មាន ឬ ត្រូវការ​ព័ត៌មាន​បន្ថែម​ពី នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខា​ពេទ្យ និង គ្រឿងសម្អាង សូម​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ ០១១ ៥៧៤ ៧៨៧ និង ០១២ ៩៨៣ ៣៣៤ ៕S/

-​ ​ចំណងជើង​រូបៈ ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​ឈ្មោះ LIONKING ដែល​ក្រសួង សុខា ភិ​បាល ប្រកាស​ឱ្យ​ឈប់​ចែកចាយ និង ប្រើប្រាស់ ( LIONKING 2, LIONKING 3)
-​ ​រូបៈ ក្រសួងសុខាភិបាល​