ក្រសួងសុខាភិបាល​អនុ​ញ្ញាត​ឱ្យ​អ្នកដំណើរ​៥៣​នាក់​លើ​នាវា​VIKING CRUISE​ទៅ​ស្រុកកំណើត​វិញ​

95
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​៖​ក្រសួងសុខាភិបាល​ប្រទេស​កម្ពុជា​បានអនុញ្ញាត​ឱ្យ​អ្នកដំណើរ​លើ​នាវា​ទេសចរណ៍​ឈ្មោះ VIKING CRUISE JOURNEY ចំនួន​៥៣​នាក់​បាន​ចាក​ចេញពី​កំពង់ផែ​ខេត្តកំពង់ចាម ប្រទេស​កម្ពុជា វិលត្រឡប់​ទៅ​ស្រុកកំណើត​របស់​ពួកគេ​វិញ​កាលពី​រសៀល​ថ្ងៃទី​២៤​ខែមីនា​ឆ្នាំ​២០២០​។​

​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍ថា​ការដែល​យើង​បានមក​ជូន​ដំណើរ​ពួកគាត់​ពី​សណ្ឋាគារ​មេគង្គ​មកដល់​នាវា​នេះ​ព្រោះ​ក្រសួងសុខាភិបាល​ប្រទេស​កម្ពុជា​បានអនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​ពួកគាត់​រៀងៗ​ខ្លួន​វិញ​។​គឺ​ដោយសារ​លទ្ធផល​តេស្ត​សុខភាព​ទាំង​៥៣​នាក់​គ្មាន​មេរោគ​កូ​វិដ​.១៩​ទេ ក្រោយពី​បាន​សម្រាក​ស្ថិតក្នុង​ការតាមដាន​ចំនួន ១៤ ថ្ងៃ​បាន​កន្លងផុត​។​

​លោក​អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍​ទៀតថា ប៉ុន្តែ​អ្នកដំណើរ​លើ​នាវា​ដដែល​នេះ​ចំនួន បួន​នាក់​ផ្សេងទៀត​គឺ​ក្រសួងសុខាភិបាល​នៅ​មិនទាន់មាន​ការអនុញ្ញាត​ឱ្យ​ចាកចេញ​បានទេ​។​ដោយ​ស្ថិតក្នុង​ការតាមដាន​សុខភាព​បន្តទៀត​។​

​គួរ​បញ្ជាក់ថា​អ្នកដំណើរ​សរុប​លើ​នាវា​VIKINGCRUISEJOURNEY​នេះ​សរុប​ចំនួន​៦០​នាក់​គឺមាន​ជនជាតិ​អង់គ្លេស​ចំនួន​បីនាក់​បាន​ផ្ទុក​ជំងឺ​កូ​វិដ​.១៩​។​ក្រោយពី​ការព្យាបាល​ដោយ​គ្រូពេទ្យ​កម្ពុជា​គឺ​បានធ្វើឱ្យ​ស្ត្រី​ជនជាតិ​អង់គ្លេស​វ័យ​៦៥​ឆ្នាំ​បានជា​សះស្បើយ​ពី​ជំងឺ​នេះហើយ​។​គិត​មក​ត្រឹម​ល្ងាច​ថ្ងៃទី​២៤​ខែមីនា​ឆ្នាំ​២០២០​ខេត្តកំពង់ចាម​មាន​អ្នក​ផ្ទុក​ជំងឺ​កូ​វិដ​.១៩​សរុប​ចំនួន​១១​នាក់​គឺ​ជនជាតិ​អង់គ្លេស​ចំនួន​បីនាក់​ជនជាតិ​ម៉ាឡេស៊ី​ចំនួន ប្រាំពីរ នាក់ និង​ជនជាតិខ្មែរ​ម្នាក់​៕S/​