ក្រសួងសុខាភិបាល ក្រសួង​ការងារ រួមជាមួយ​អង្គការ​សុខ​ភាព​ពិភពលោក បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​មូលហេតុ​កម្មករ​ដួលសន្លប់​

97

(​ភ្នំពេញ​)៖ ក្រោយពី​មាន​បញ្ជា​ពី​ប្រមុខ​រាជរដ្ឋាភិបាល ឲ្យ​ផ្នែក​ពាក់ព័ន្ធ​សិក្សា​អំពី​ករណី​ដួលសន្លប់​របស់​កម្មករ​កម្មការិនីរួចមក គណ​:​កម្ម​ការ​ចម្រុះ​មួយ ត្រូវបាន​បង្កើតឡើង ដោយមាន​ការចូលរួម​ពី​ក្រសួង​ការងារ ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​( WHO)​។​
​ ​
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលបាន​ឲ្យដឹង​ថា គណៈកម្មការ​ស្រាវជ្រាវ​ករណី​ដួលសន្លប់​របស់​កម្មករ​នេះ ដឹកនាំ​ដោយ​លោក អេង ហួត រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ដោយមាន​កិច្ចសហការ​ជាមួយនឹង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រមទាំង​អង្គការ​សុខភាព​ពិភពលោក​។​

​សូម​រំលឹកថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​នៅ​តំបន់​កប់​ស្រូវក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​៧ ខែកុម្ភៈ សម្តេច​បាន​ណែនាំ​ឱ្យ​ស្ថាប័ន​ជំនាញ សហការគ្នា ស្រាវជ្រាវ​រក​មូលហេតុ​ឱ្យ​ច្បាស់លាស់ ដែលនាំឱ្យ​កម្មករ កម្មការិនី​ខ្មែរ ដួលសន្លប់​ញឹកញាប់​។​

​របាយការណ៍​របស់​ក្រសួង​ការងារនិង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បង្ហាញថានៅក្នុង​ឆ្នាំ​២០១៧ នៅ​ទូទាំងប្រទេសមាន​កម្មករ​ប្រមាណ ១.៦០៣​នាក់ បាន​ដួលសន្លប់ ដែល​ក្នុងនោះ ភាគច្រើនបំផុត គឺជា​ស្ដ្រី​។​

​ចំពោះ​មូលហេតុ​នៃ​ការដួលសន្លប់​របស់​ក​ម្មករ​-​កម្មការិនី ពិសេស​នៅតាម​រោងចក្រ​កាត់ដេរ ត្រូវបាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប្រកាសថាបណ្ដាលមកពី​បញ្ហា​ក្លិន​គីមី នៅក្នុង​រោងចក្រ ទីតាំង​រោងចក្រ​មិនមាន​បរិយាកាស​ល្អ ចង្អៀត ផ្នែក​ចិត្តសាស្ត្រ សង្គម ករណី​កម្មករ​ស្លុត​ដួល​តាម​គ្នា បញ្ហា​មេកានិច ស្របពេល​សុខភាព​កម្មករ​មាន សភាព ទន់ខ្សោយ​ដោយសារ​ការ​សម្រាក​មិន​គ្រប់គ្រាន់ ការហូប​អាហារ​មិន​ទៀងទាត់ និង​គ្មាន​ជីវជាតិ​។​

​ដើម្បី​ទប់ស្កាត់​ការដួលសន្លប់​របស់​ក្រុមកម្មករ​នេះ​កន្លងមក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ប​.​ស​.​ស បានស្នើ​ដល់​និយោជក ឬ​ម្ចាស់​រោងចក្រ សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ផ្សព្វផ្សាយ​អប់រំ ឱ្យបាន​ច្រើន ក្នុងការ​លើកកម្ពស់​កា​រ​យល់ដឹង​ដល់​កម្មករនិយោជិត ហើយ​រៀបចំ​ដាក់​ឱ្យមាន​ប្រព័ន្ធ​ខ្យល់​ចេញចូល​នៅតាម​អគារ​ផលិតកម្ម រោងចក្រ សហគ្រាស ដោយ​ធ្វើការ​តាមដាន​នូវ​អាកាសធាតុ ឬ​កំដៅ ឱ្យបាន​ជាប់​ជាប្រចាំ​ផងដែរ​៕​ដោយៈ ម៉េង​ឆៃ​/sn