ដោយៈ មេសា/ភ្នំពេញៈ ក្រសួងសុខាភិបាល សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ជ្រាបថា គណនីហ្វេសប៊ុកចំនួន ២ គឺ៖ ១. សារ៉ាយសមុទ្រ , ២. សារ៉ាយសមុទ្រ កោះហាវៃ- Hawaiin Spirulina កំពុងផ្សព្វផ្សាយលក់ផលិតផលឈ្មោះ Spirulina Pacifica ដែលមានគុណភាពបង្ការ ឬព្យាបាលជំងឺ ដោយគ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យគុណភាព និង គ្មានការអនុញ្ញាតផ្សព្វផ្សាយពីក្រសួងសុខាភិបាល ព្រមទាំងបានផ្សព្វផ្សាយភូតកុហកបោកប្រាស់ និង បំផ្លើសហួសពីការពិត គ្មានមូលដ្ឋានវិទ្យាសាស្ត្រត្រឹមត្រូវ ដូចជា ៖ ជួយព្យាបាលជំងឺក្រពះ ពោះវៀន បេះដូង ទឹកនោមផ្អែម លើសឈាម អាល្លែកហ្ស៊ីច្រមុះ ឈឺក្បាលជាប្រចាំ ស្ត្រេសច្រើន លើសជាតិអាស៊ីត ឈឺសន្លាក់ដៃជើង ជំនួយសុខភាពភ្នែក ខួរក្បាល ប្រព័ន្ធការពាររាងកាយរឹងមាំ ការពារអុកស៊ីតកម្ម ជាពិសេសអ្នកជំងឺទឹកនោមផ្អែម លើសឈាម ឈឺសន្លាក់ដៃជើង រោគស្ត្រីធ្លាក់ស រដូវមកមិនទៀង ចុកពោះពេលមករដូវ រោគបុរស ជំនួយឱ្យសាច់ស រលោងស្អាតក្មេងជាងវ័យពិតៗ ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួន ។
សេចក្តីប្រកាសនេះ បានបន្ថែមថា ក្រសួងសុខាភិបាល សូមជូនដំណឹងដល់សាធារណជន កុំជឿការផ្សព្វផ្សាយ ឃោសនាភូតកុហកបោកប្រាស់តាមបណ្តាញសង្គមហ្វេសប៊ុករបស់គណនីទាំង ២ ខាងលើ និង បញ្ឈប់ការប្រើប្រាស់ផលិតផលឈ្មោះ Spirulina Pacifica នេះឱ្យបញ្ឈប់ជាបន្ទាន់ ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានប្រកាសបញ្ជាឱ្យម្ចាស់គណនីហ្វេសប៊ុកទាំង ២ ខាងលើ ដែលនាំចូល ផ្សព្វផ្សាយ លក់ និង ចែកចាយផលិតផលឈ្មោះ Spirulina Pacifica ជាបន្ទាន់ ព្រមទាំងប្រមូលមកកម្ទេចចោល ។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងចំពោះម្ចាស់គណនីទាំង ២ ខាងលើដែលផ្សព្វផ្សាយលក់ផលិតផល Spirulina Pacifica នេះតាមច្បាប់ជាធរមាន ។
សេចក្តីប្រកាសដដែលនេះ បានបន្ថែមថា ករណីបានឃើញអ្នកប្រើប្រាស់ លក់ ឬ ចែកចាយផលិតផលខាងលើនេះ សូមផ្តល់ព័ត៌មាន ឬ ត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និង គ្រឿងសម្អាង តាមរយៈទូរស័ព្ទលេខ ០៩៥ ៣៥៩ ៣៩៩ ឬ ០១២ ៩៨៣ ៣៣៤ ៕ Kh/Ha