ក្រសួងសុខាភិបាល ហាម​ផលិតផល FORCE ហើយ​ថា​នឹង​ចាត់ការ​តាមច្បាប់

1114
ចែករម្លែក

​​ដោយៈ មេសា​/​ភ្នំពេញៈ ដើម្បី​ចៀសវាង​ខាតបង់​ប្រាក់ និង​ប៉ះពាល់​ដល់​សុខភាព ឬ​អាច​ឈានដល់​បាត់បង់​អាយុជីវិត ( ដូចជា​គាំងបេះដូង​ជាដើម ) របស់​អ្នកប្រើប្រាស់​ទៀត​នោះ ក្រសួងសុខាភិបាល បានប្រកាស​ជូនដំណឹង​ដល់​ជនានុជន បញ្ឈប់​ការប្រើប្រាស់ ផលិតផល​បំប៉ន​ផ្លូវភេទ​បុរស​ដែល​ដាក់លក់​តាម​អន​ឡាញ ជាពិសេស​ផលិតផល​ឈ្មោះ FORCE ជាបន្ទាន់ ហើយ​ក្រសួងសុខាភិបាល​បានចាត់ទុក​ការលក់​ផលិតផល​នេះ ថា​ជា​អំពើ​គ្មាន​ច្បាប់​ព្រោះ​ផលិតផល​នេះ​គ្មាន​ចុះបញ្ជី​កា និង គ្មាន​ការ​អនុ​ញ្ញា​ត្ត​ពី​ក្រសួងសុខាភិបាល​ឡើយ ។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល ដែល​បានចេញ​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ។


​ជាមួយគ្នានេះ ក្រសួងសុខាភិបាល​បានប្រកាស​បញ្ជា​ឱ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ចំនួន ៨ បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រកាស​ផ្សព្វផ្សាយ​លក់ ចែកចាយ ផលិតផល FORCE ហើយ​ថា​ក្រសួង​នឹងមាន​វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​គណនី​ទាំង ៨ នោះ ដោយ​ក្រសួង​ចាត់ទុកថា ការផ្សព្វផ្សាយ​លក់​រប​ស់​គណនី​ហ្វេ​ស​ប៊ុ​ក​ទាំង ៨ នោះ​អួតអាង​បំផ្លើស​ហួស​ពី​ការពិត ឬ ថា ការ​កុហក​ឆបោក​ផង និង ជា​អំពើ​គ្មាន​ឥត​ច្បាប់​អនុញ្ញាត​ផង ។​

​ឈ្មោះ​គណនី​ហ្វេ​ស​ប៊ុ​ក​ទាំង ៨ ដែល​ក្រសួង​បាន​តម្រូវឱ្យ​បញ្ឈប់​ការផ្សព្វផ្សាយ ហើយ​ថា​នឹង​ចាត់ការ​តាមច្បាប់​នោះ​មាន ១. បុរស​ពិត , ២. ក្រុម​ចេក , ៣. Srey DaDa Onlince Shop, ៤. Mrr Ly, ៥. Oun Tii Ta Online Shop, ៦. Bopha I Online Shop, ៧. Srey Thom Online Shop, និង ៨. Vannak Love ។​

​សេចក្តីប្រកាស​ដដែល​នេះ បាន​បន្ថែមថា ករណី​បានឃើញ​អ្នកប្រើប្រាស់ លក់ ឬ ចែកចាយ​ផលិតផល​បំប៉ន​សុខភាព​ផ្លូវ​ភេទបុរស​ឈ្មោះ FORCE សូម​ផ្តល់ព័ត៌មាន ឬ ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បិ​រ​ក្ខា​ពេទ្យ និង គ្រឿងសម្អាង តាមរយៈ​ទូរស័ព្ទ​លេខ ០៩៥ ៣៥៩ ៣៩៩ ឬ ០១២ ៩៨៣ ៣៣៤ ។​

​ជាការ​កត់សម្គាល់ ចំណាត់ការ​របស់​ក្រសួងសុខាភិបាល តាម​វិធី​ប្រហាក់ប្រហែលគ្នា​នេះ មិនមែនជា​លើក​ទី ១ ហើយក៏​ប្រហែលជា​មិនមែនជា​លើកចុងក្រោយ​ដែរ ពោលគឺ​កន្លងមក ក្រសួងសុខាភិបាល មាន​ចំណាត់ការ​ចំពោះ​គណនី​ហ្វេ​ស​ប៊ុ​ក និង ម្ចាស់​ហ្វេ​ស​ប៊ុ​ក មួយចំនួន​ហើយ ដែល​បានប្រកាស​ដាក់លក់​ផលិតផល​មួយចំនួន​ដូចជា​ផលិត​គ្រឿងសម្អាង និង ផលិត​បំប៉ន​សុខភាព​ផ្លូវ​ភេទបុរស​ជាដើម ។ ប៉ុន្មាន​ថ្ងៃមុន​នេះ ក្រសួង​ទើបតែ​បានប្រកាស​ចាត់វិធានកា​រ​បែបនេះ ចំពោះ​អ្នកលក់​ផលិតផល​បំប៉ន​ផ្លូវ​ភេទបុរស​ឈ្មោះ NICE ។

​អ្នក​នាំ​ព​ក្យ​ក្រសួងសុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ធ្លាប់បាន​អំពាវនាវ​ឱ្យ​សា​ធាណរ​ជន​ប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​បើ​អាច​ចៀសវាង​បាន គឺ​កុំ​ទិញ​នូវ​ផលិតផល​គ្រឿងសម្អាង ផលិតផល​បំប៉ន​សុខភាព និង ផលិតផល​បំប៉ន​សុខភាព​ផ្លូវភេទ​ជាដើម ដែល​ដាក់លក់​តាម​អន​ឡាញ ព្រោះ​ភាគច្រើនបំផុត គឺជា​ផលិតផល​ដែល​គ្មាន​ការត្រួតពិនិត្យ​ពី​ស្ថាប័ន​ជំនាញ ហើយ​ការប្រើប្រាស់​ផលិត​ទាំងនោះ វា​មិន​ត្រូវតែ​ខាតបង់​ថវិកា​ឡើយ វា​ថែមទាំង​នាំមក​នូវ​គ្រោះថ្នាក់​ដល់​សុខភាព អាចឈាន​ដល់​ការបាត់​បង់ជីវិត​ទៀតផង ៕ Kh


​ផលិតផល​បំប៉ន​សុខភាព​ផ្លូវ​ភេទបុរស​ឈ្មោះ FORCE ដែល​ក្រសួងសុខាភិបាល​ប្រកាស​ឱ្យ​ឈប់​ប្រើប្រាស់ និង ចែកចាយ ។