ក្រសួងសុខាភិបាល ហាម​លក់ និង ប្រើប្រាស់ ផលិតផល​នៅលើ​ហ្វេ​ស​ប៊ុ​ក ឈ្មោះ​ អនុភាព​បុរស​ពិត

602
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ ក្រសួងសុខាភិបាល សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ជ្រាបថា គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះថា អនុភាព​បុរស​ពិត កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផលជាច្រើន​មុខ​ដែល​គ្មាន​ចុះ​បញ្ជិកា គ្មាន​ការត្រួតពិនិត្យ​គុណភាព គ្មាន​ច្បាប់​អនុញ្ញាតឱ្យ​ផ្សព្វផ្សាយ​ពី​ក្រសួងសុខាភិបាល ដូចជា Best Honey និងផលិតផល​ឱសថ​ដទៃ​ជាច្រើន​ទៀត ។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល ដែល​បានចេញ​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ។​


​ក្រសួងសុខាភិបាល បាន​បន្ថែមថា ដើម្បីចៀសវាង​ខាតបង់​ប្រាក់ និងប៉ះពាល់​ដល់​សុខភាព ឬ អាច​ឈានដល់​បាត់បង់​អាយុជីវិតរបស់​អ្នកប្រើប្រាស់​ទៀត​នោះ ក្រសួងសុខាភិបាល សូម​ជូនដំណឹង​ដល់​សាធារណជន បញ្ឈប់​ការប្រើប្រាស់ ផលិតផល​ខាងលើនេះជាបន្ទាន់ ។


​ជាមួយគ្នានេះ ក្រសួងសុខាភិបាល​បានប្រកាស​បញ្ជា​ឱ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ អនុភាព​បុរស​ពិត បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រកាស​ផ្សព្វផ្សាយ​លក់ ចែកចាយ ផលិតផល​ខាងលើនេះ​បន្តទៀត ហើយ​ប្រមូល​ផលិតផល​ទាំងនេះ​មកវិញ ដើម្បីកម្ទេចចោល ហើយ​ថា​ក្រសួង​នឹងមាន​វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​គណនីអនុភាព​បុរស​ពិត នេះ​តាមច្បាប់​ជា​ធរមាន ។​


​សេចក្តីប្រកាស​ដដែល​នេះ បាន​បន្ថែមថា ករណី​បានឃើញ​អ្នកប្រើប្រាស់ លក់ ឬ ចែកចាយ​ផលិតផល​ខាងលើនេះ សូម​ផ្តល់ព័ត៌មាន ឬ ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បិ​រ​ក្ខារ​ពេទ្យ និង គ្រឿងសម្អាង តាមរយៈ​ទូរស័ព្ទ​លេខ ០៩៥ ៣៥៩ ៣៩៩ ឬ ០១២ ៩៨៣ ៣៣៤ ៕ Kh/Ha

ផលិតផល​ឱសថ​ដែល​ប្រកាស​លក់​តាម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ អនុភាព​បុរស​ពិត ដែល​ក្រសួងសុខាភិបាល​ប្រកាស​ឱ្យ​ឈប់​ប្រើប្រាស់ និង ចែកចាយ ( រូបៈ ក្រសួងសុខាភិបាល )