ក្រសួងសុខាភិបាល ហាម​លក់ និង ប្រើប្រាស់ ផលិតផល​នៅលើ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ​ថ្នាំ​ឫ​ស​ឈើ​រុក្ខជាតិ Rozzalina Herb

694
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ ក្រសួងសុខាភិបាល សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ជ្រាបថា គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ ថ្នាំ​ឫស​ឈើ​រុក្ខជាតិ Rozzalina Herb កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​ឱសថ​ជាច្រើន​មុខ​ដែល​គ្មាន​ការចុះ​បញ្ជិកា គ្មាន​ការត្រួតពិនិត្យ​គុណភាព និងគ្មាន​ច្បាប់​អនុញ្ញាត​ផ្សព្វផ្សាយ​ពី​ក្រសួងសុខាភិបាល​ឡើយ ដូចជា ១. Virgin Herb ២. Detoxi Herb ៣. First right Herb និងផលិតផល​ឱសថ​ជាច្រើន​ទៀត ។ គណនី​ហ្វេ​ស​ប៊ុ​ក​នេះ​បាន​ផ្សព្វផ្សាយ​ភូតកុហក​បោកប្រាស់ និងបំផ្លើស​ហួស​ពី​ការពិត​គ្មាន​ មូលដ្ឋាន​ច្បាស់លាស់ ។


​នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល ដែល​បានចេញ​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​​របស់ខ្លួន ។​


​ក្រសួងសុខាភិបាល បាន​បន្ថែមថា ដើម្បីចៀសវាង​ខាតបង់​ប្រាក់ និង ប៉ះពាល់​ដល់​សុខភាព ឬអាច​ឈានដល់​បាត់បង់​អាយុជីវិតរបស់​អ្នកប្រើប្រាស់​ទៀត​នោះ ក្រសួងសុខាភិបាល សូម​ជូនដំណឹង​ដល់​ជនានុជន ឈប់​ប្រើប្រាស់ផលិតផល​ខាងលើនេះ ជាបន្ទាន់ ។


​ជាមួយគ្នានេះ ក្រសួងសុខាភិបាល​បានប្រកាស​បញ្ជា​ឱ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ថ្នាំ​ឫស​ឈើ​រុក្ខជាតិ Rozzalina Herb បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រកាស​ផ្សព្វផ្សាយ​លក់ ចែកចាយ ផលិតផល​ខាងលើនេះ​បន្តទៀត ហើយ​ប្រមូល​ផលិតផល​ទាំងនេះ​មកវិញ ដើម្បីកម្ទេចចោល ហើយ​ថា​ក្រសួង​នឹងមាន​វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​គណនី ថ្នាំ​ឬ​ស​ឈើ​រុក្ខជាតិ Rozzalina Herb នេះ​តាមច្បាប់​ជា​ធរមាន ។​


​សេចក្តីប្រកាស​ដដែល​នេះ បាន​បន្ថែមថា ករណី​បានឃើញ​អ្នកប្រើប្រាស់ លក់ ឬ ចែកចាយ​ផលិតផល​ខាងលើនេះ សូម​ផ្តល់ព័ត៌មាន ឬ ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បិ​រ​ក្ខា​រពេទ្យ និង គ្រឿងសម្អាង តាមរយៈ​ទូរស័ព្ទ​លេខ ០៩៥ ៣៥៩ ៣៩៩ ឬ ០១២ ៩៨៣ ៣៣៤ ៕ Kh/Ha

ផលិតផល​ឱសថ​ប្រកាស​លក់​តាម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ថ្នាំ​ឬ​ស​ឈើ​រុក្ខជាតិ Rozzalina Herb ដែល​ក្រសួងសុខាភិបាល​ប្រកាស​ឱ្យ​ឈប់​ប្រើប្រាស់ និង ចែកចាយ ( ក្រសួងសុខាភិបាល )