ក្រសួងសុខាភិបាល ហាម​លក់ និង ប្រើប្រាស់ ឱសថ​ផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ Pharmacy Doctor

725
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ ក្រសួងសុខាភិបាល សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ជ្រាបថា គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា Pharmacy Doctor កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​ជាច្រើន​មុខ ដែល​គ្មាន​ចុះ​បញ្ជិកា គ្មាន​ការត្រួតពិនិត្យ​គុណភាព និង គ្មាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល​ឡើយ ដូចជា ៖ 1. Liver Detox Plus, 2. Hyssinoil, 3. Capsiplex, 4. Capsiplex Plus និង ផលិតផល​ឱសថ​ដទៃ​ជាច្រើន​ទៀត ។ គណនី​ហ្វេ​ស​ប៊ុ​ក​នេះ បាន​ផ្សព្វផ្សាយ ភូត​កុ​ហ បោកប្រាស់ និង បំផ្លើស​ហួស​ពី​ការពិត គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល ដែល​បានចេញ​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ។​


​ក្រសួងសុខាភិបាល បាន​បន្ថែមថា ដើម្បី ចៀសវាង​ខាតបង់​ប្រាក់ និង​ប៉ះពាល់​ដល់​សុខភាព ឬ អាច​ឈានដល់​បាត់បង់​អាយុជីវិត របស់​អ្នកប្រើប្រាស់​ទៀត​នោះ ក្រសួងសុខាភិបាល សូមឱ្យ​សាធារណជន បញ្ឈប់​ការប្រើប្រាស់ ឱសថ ដែល​ផ្សព្វផ្សាយ​លើក​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Pharmacy Doctor ជាបន្ទាន់ ។


​ជាមួយគ្នានេះ ក្រសួងសុខាភិបាល​បានប្រកាស​បញ្ជា​ឱ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Pharmacy Doctor បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រកាស​ផ្សព្វផ្សាយ​លក់ ចែកចាយ ផលិតផល​ឱសថ​ទាំងនេះ​ជាបន្ទាន់ ហើយ​ប្រមូល​ផលិតផល​ទាំងនេះ​មកវិញ ដើម្បី កម្ទេចចោល ហើយ​ថា​ក្រសួង​នឹងមាន​វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​គណនី Pharmacy Doctor នេះ​តាមច្បាប់​ជា​ធរមាន ។​


​សេចក្តីប្រកាស​ដដែល​នេះ បាន​បន្ថែមថា ករណី​បានឃើញ​អ្នកប្រើប្រាស់ លក់ ឬ ចែកចាយ​ផលិតផល​ខាងលើនេះ សូម​ផ្តល់ព័ត៌មាន ឬ ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បិ​រ​ក្ខា​ពេទ្យ និង គ្រឿងសម្អាង តាមរយៈ​ទូរស័ព្ទ​លេខ ០៩៥ ៣៥៩ ៣៩៩ ឬ ០១២ ៩៨៣ ៣៣៤ ៕Kh

ផលិតផល​ឱសថ លក់​នៅលើ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Pharmacy Doctor ដែល​ក្រសួងសុខាភិបាល​ប្រកាស​ឱ្យ​ឈប់​ប្រើប្រាស់ និង ចែកចាយ ( រូបៈ ក្រសួងសុខាភិបាល )