ក្រសួងសុខាភិបាល ហាម​លក់ និង ប្រើប្រាស់ ផលិតផល​នៅលើ​ហ្វេ​ស​ប៊ុ​ក ឈ្មោះ​ ​ព្រោះ​ស្រលាញ់​

732
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ ក្រសួងសុខាភិបាល សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ជ្រាបថា គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះថា ព្រោះ ស្រលាញ់ កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​ឱសថជាច្រើន​មុខ​ដែល​គ្មាន​ចុះ​បញ្ជិកា គ្មាន​ការត្រួតពិនិត្យ​គុណភាព គ្មាន​ច្បាប់​អនុញ្ញាតឱ្យ​ផ្សព្វផ្សាយ​ពី​ក្រសួងសុខាភិបាល ដូចជា ៖ ១ Emilay Collegen ២ Win Perfect ៣ First Care និង ផលិតផល​ឱសថ​ដទៃ​ជាច្រើន​ទៀត ។ គណនី​ហ្វេ​ស​ប៊ុ​ក​នេះ បាន​ផ្សព្វផ្សាយ​ភូតកុហក​បោកប្រាស់ និងបំផ្លើស​ហួស​ពី​ការពិត គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល ដែល​បានចេញ​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ។​


​ក្រសួងសុខាភិបាល បាន​បន្ថែមថា ដើម្បីចៀសវាង​ខាតបង់​ប្រាក់ និង ប៉ះពាល់​ដល់​សុខភាព ឬ អាច​ឈានដល់​បាត់បង់​អាយុជីវិត របស់​អ្នកប្រើប្រាស់​ទៀត​នោះ ក្រសួងសុខាភិបាល សូម​ជូនដំណឹង​ដល់​សាធារណជន បញ្ឈប់​ការប្រើប្រាស់​ឱសថ​ទាំងនេះ​ជាបន្ទាន់ ។ ក្រសួងសុខាភិបាល​តម្រូវ​ឱ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះព្រោះស្រលាញ់ បញ្ឈប់​ជាបន្ទាន់​នូវ​ការ​នាំចូល លក់ ចែកចាយ និង ផ្សព្វផ្សាយ​ផលិតផល​ឱថ​ទាំងនេះ​ជាបន្ទាន់ ព្រមទាំង​ប្រមូល​ផលិតផល​ទាំងនេះ​មកវិញ ដើម្បីកម្ទេចចោល ។ ក្រសួង​នឹងមាន​វិធានការ​ចំពោះ​ម្ចាស់​គណនីហ្វេសប៊ុកឈ្មោះ ព្រោះ ស្រលាញ់ នេះ​តាមច្បាប់​ជា​ធរមាន ។​


​សេចក្តីប្រកាស​ដដែល​នេះ បាន​បន្ថែមថា ករណី​បានឃើញ​អ្នកប្រើប្រាស់ លក់ ឬ ចែកចាយ​ផលិតផល​ឱសថ​ខាងលើនេះ សូម​ផ្តល់ព័ត៌មាន ឬ ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បិ​រ​ក្ខារ​ពេទ្យ និង គ្រឿងសម្អាង តាមរយៈ​ទូរស័ព្ទ​លេខ ០៩៥ ៣៥៩ ៣៩៩ ឬ ០១២ ៩៨៣ ៣៣៤ ៕ Kh/Ha

ឱសថ​ប្រកាស​លក់​លើ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ព្រោះ ស្រលាញ់ ដែល​ក្រសួងសុខាភិបាល​ប្រកាស​ឱ្យ​ឈប់​ប្រើប្រាស់ និង ចែកចាយ (​ ​រូបៈ ក្រសួងសុខាភិបាល​ )