ក្រសួងសុខាភិបាល ហាម​លក់ និង ប្រើប្រាស់ ផលិតផល​នៅលើ​ហ្វេ​ស​ប៊ុ​ក ឈ្មោះ​ ​ឱសថ​បុរាណ​ខ្មែរ ផាន់​រុង​

842
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ ក្រសួងសុខាភិបាល សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ជ្រាបថា គណនី​ហ្វេ​ស​ប៊ុ​ក ចំនួន ៣ គឺ​៖ ១. ឱសថ​បុរាណ​ខ្មែរ ផាន់​រុង , ២. ផាន់​រុង ស្តេច​ថ្នាំ​សរសៃ សន្លាក់ ៣. ឱសថ​បុរាណ​ខ្មែរ​ផាន់​រុង បាន​កំពុង​ផ្សព្វផ្សាយ​លក់​ឱសថ​បុរាណ​ឈ្មោះ ឱសថ​បុរាណ​ខ្មែរ ផាន់​រុង ជា​ប្រភេទ​ឱសថ​បុរាណ​តែមួយ​នឹង​ឱសថ​បុរាណ​ឈ្មោះ ឱសថ​បុរាណ​ខ្មែរសុរិន្ទ ដែល​ក្រសួងសុខាភិបាល​បានចេញ​សេចក្តីជូនដំណឹង​កាលពី​ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៩ ស្តីពី​ការហាមឃាត់​ការនាំ​ចូល លក់ ចែកចាយ និង ផ្សព្វផ្សាយ​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក រួចមកហើយ ។ ឱសថ​បុរាណ​ប្រភេទ​នេះ គ្មាន​អាសយដ្ឋាន​ផលិត​ច្បាស់លាស់ គ្មាន​ក្រុមហ៊ុន​នាំចូល​ត្រឹមត្រូវ គ្មាន​ចុះ​បញ្ជិកា គ្មាន​ការត្រួតពិនិត្យ​គុណភាព និង គ្មាន​ការអនុញ្ញាត​ផ្សព្វផ្សាយ​ពី​ក្រសួងសុខាភិបាល ។ អត្ថន័យ​ផ្សព្វផ្សាយ​ក្នុង​គណនី​ទាំងនេះ គឺ​ភូតកុហក​បោកប្រាស់ និង បំផ្លើស​ហួស​ពី​ការពិត គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ត្រឹមត្រូវ ។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល ដែល​បានចេញ​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ។​


​ក្រសួងសុខាភិបាល បាន​បន្ថែមថា ដើម្បី​ចៀសវាង​ខាតបង់​ប្រាក់ និង​ប៉ះពាល់​ដល់​សុខភាព ឬ អាច​ឈានដល់​បាត់បង់​អាយុជីវិត​( ធ្លាយ​ក្រពះ ) របស់​អ្នកប្រើប្រាស់​ទៀត​នោះ ក្រសួងសុខាភិបាល សូម​ជូនដំណឹង​ដល់​សាធារណជន បញ្ឈប់​ការប្រើប្រាស់​ឱសថ​បុរាណ​ឈ្មោះ ឱសថ​បុរាណ​ខ្មែរ ផាន់​រុង គ្រប់​ប្រភេទ​ទាំងនេះ ជាបន្ទាន់ ។


​ជាមួយគ្នានេះ ក្រសួងសុខាភិបាល​បានប្រកាស​បញ្ជា​ឱ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​ខាងលើ ដែល​នាំចូល ផ្សព្វផ្សាយ លក់ ឬ ចែកចាយ ឱសថ​បុរាណ​ខ្មែរ ផាន់​រុង ខុសច្បាប់ បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រកាស​ផ្សព្វផ្សាយ​លក់ ចែកចាយ ផលិតផល​ខាងលើ នេះ​តាមច្បាប់​ជា​ធរមាន ។​


​សេចក្តីប្រកាស​ដដែល​នេះ បាន​បន្ថែមថា ករណី​បានឃើញ​អ្នកប្រើប្រាស់ លក់ ឬ ចែកចាយ​ផលិតផល​ខាងលើនេះ សូម​ផ្តល់ព័ត៌មាន ឬ ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បិ​រ​ក្ខា​ពេទ្យ និង គ្រឿងសម្អាង តាមរយៈ​ទូរស័ព្ទ​លេខ ០៩៥ ៣៥៩ ៣៩៩ ឬ ០១២ ៩៨៣ ៣៣៤ ៕ Kh

ឱសថ​បុរាណ ឈ្មោះ ឱសថ​បុរាណ​ខ្មែរ ផាន់​រុង ប្រកាស​លក់​តាម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ឱសថ​បុរាណ​ខ្មែរ ផាន់​រុង ដែល​ក្រសួងសុខាភិបាល​ប្រកាស​ឱ្យ​ឈប់​ប្រើប្រាស់ និង ចែកចាយ (​ ​រូបៈ ក្រសួងសុខាភិបាល​ )
#