ក្រសួងសុខាភិបាល ហាម​លក់ និង ប្រើប្រាស់ បន្ទះ​ឱសថ SAKI

223
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ ក្រសួងសុខាភិបាល សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ជ្រាបថា រាល់ថ្ងៃនេះ មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ចំនួន ៣ គឺ ១ ZATA Health Cambodia ២ USA Healthy Doctor ៣ Herbs from Japan កំពុង​ផ្សព្វផ្សាយ​លក់​បន្ទះ​ឱសថ​បិទ​បណ្តេញ​ជាតិពុល​ដែលមាន​គុណភាព​ព្យាបាល​ជំងឺ​ឈ្មោះ SAKI គ្មាន​ច្បាប់​ពី​ក្រសួងសុខាភិបាល​ឡើយ ព្រមទាំង​បាន​ផ្សព្វផ្សាយ​ភូតកុហក់​បោកប្រាស់ និង បំ​ភ្លើ​ស​ហួស​ពី​ការពិត​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ច្បាស់លាស់ ដូចជា ប្រឆាំង​ជំងឺ​រលាក​ថ្លើម ក្រលៀន សន្លាក់​ដៃជើង ជំងឺ GOUT ទឹកនោមផ្អែម លើសឈាម លើស​ជាតិ​អាស៊ីត ជួយ​បណ្តេញ​ជាតិពុល​ពី​សារពាង្គកាយ​មក​ក្រៅ ។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល ដែល​បានចេញ​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ។​


​ក្រសួងសុខាភិបាល បាន​បន្ថែមថា សូម​សាធារណជន​ឈប់​ជឿ​ការឃោសនា​កុហក់​បោកប្រាស់​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ទាំង ៣ ខាងលើ និង ឈប់​ប្រើប្រាស់​បន្ទះ​ឱសថ​ឈ្មោះ SAKI បន្តទៀត ។​


​ជាមួយគ្នានេះ ក្រសួងសុខាភិបាល​បានប្រកាស​បញ្ជា​ឱ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ទាំង ៣ ខាងលើ បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រកាស​ផ្សព្វផ្សាយ​លក់ ចែកចាយ បន្ទះ​ឱសថ ឈ្មោះ SAKI នេះ ហើយ​ថា​ក្រសួង​នឹងមាន​វិធានការ​ចំពោះ​ម្ចាស់​គណនី ទាំង ៣ ខាងលើ នេះ តាមច្បាប់​ជា​ធរមាន ។​


​សេចក្តីប្រកាស​ដដែល​នេះ បាន​បន្ថែមថា ករណី​បានឃើញ​អ្នកប្រើប្រាស់ លក់ ឬ ចែកចាយ​បន្ទះ​ឱសថ ឈ្មោះ SAKI សូម​ផ្តល់ព័ត៌មាន ឬ ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បិ​រ​ក្ខា​ពេទ្យ និង គ្រឿងសម្អាង តាមរយៈ​ទូរស័ព្ទ​លេខ ០៩៥ ៣៥៩ ៣៩៩ ឬ ០១២ ៩៨៣ ៣៣៤ ៕ Kh

បន្ទះ​ឱ​ស ឈ្មោះ SAKI ដែល​ក្រសួងសុខាភិបាល​ប្រកាស​ឱ្យ​ឈប់​ប្រើប្រាស់ និង ចែកចាយ ( រូបៈ ក្រសួងសុខាភិបាល )