ក្រសួងសុខាភិបាល ហាម​លក់ និង​ប្រើប្រាស់​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស MR THICK

244
ចែករម្លែក

ដោយ​: មេសា / ភ្នំពេញ​: ក្រសួងសុខាភិបាល នៃ ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ជ្រាបថា រាល់ថ្ងៃ​មាន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ តារា 168 កំពុង​ផ្សព្វផ្សាយ​ឱ​ស​បំប៉ន​ផ្លូវ​ភេទបុរស​ឈ្មោះ MR THICK គ្មាន​បញ្ជិកា និង គ្មាន​ច្បាប់​ពី​ក្រសួងសុខាភិបាល​ឡើយ ព្រមទាំង​បាន​ផ្សព្វផ្សាយ​ភូតកុហក​បោកប្រាស់ និង បំផ្លើស​ហួស​ពី​ការពិត​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ត្រឹមត្រូវ ដូចជា ៖ រឹង វែង រួមភេទ​បានយូរ និង អាចជួយ​ព្យាបាល​ជំងឺរលាកតម្រងនោម លើសឈាម ទឹកនោមផ្អែម ក្រួស​ក្នុង​តម្រងនោម ក្រពះ ពោះវៀន ចុក​រោយ​តាម​សន្លាក់​ដៃជើង ។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​នៅតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។​

​សេចក្តីប្រកាស​នេះ​បន្ថែមថា ក្រសួងសុខាភិបាល សូម​ជម្រាបជូន​សាធារណជន​ទាំងអស់ ឈប់​ជឿ​ការផ្សព្វផ្សាយ​ឃោសនា​កុហក​បោកប្រាស់ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ច្បាស់លាស់ របស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ និង​ឈប់​ប្រើប្រាស់ ឱ​ស​បំប៉ន​ផ្លូវ​ភេទបុរស​ឈ្មោះ MR THICK គ្មាន​បញ្ជិកា​នេះ​ជា​បន្តទៀត ហើយ​ក្រសួងសុខាភិបាល​តម្រូវ​ឱ្យ​ម្ចាស់​គណនី​ខាងលើ​បញ្ឈប់​ការនាំ​ចូល ផ្សព្វផ្សាយ លក់ ឬ ចែកចាយ​ឱ​ស​បំប៉ន​ផ្លូវ​ភេទបុរស​ឈ្មោះ MR THICK គ្មាន​បញ្ជិកា​នេះ​ជាបន្ទាន់​។ ក្រសួងសុខាភិបាល នឹងមាន​វិធានការ​តឹងរឹង​ទៅតាម​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​គណនី​ខាងលើ​ទៅតាម​ផ្លូវច្បាប់​ជា​ធរមាន​។​

​សេចក្តីប្រកាស​ដដែល​ប​ន្ត​ថា ករណី​បាន​ជួប ឬ ប្រទះឃើញ​ជន​ណា​កំពុង​ចែកចាយ ឬ តាំង​លក់​ឱសថ​ខុសច្បាប់​ខាងលើនេះ សូម​ប្រញាប់​ផ្តល់ព័ត៌មាន ឬ ត្រូវការ​ព័ត៌មាន​បន្ថែម​ពី នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខា​ពេទ្យ និង គ្រឿងសម្អាង សូម​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ ០១១ ៥៧៤ ៧៨៧ និង ០១២ ៩៨៣ ៣៣៤៕