ក្រសួងសុខាភិបាល ហាម​លក់ និង​ប្រើប្រាស់​ឱសថ GOLD VIGRA

171
ចែករម្លែក

ដោយៈ មេសា
​ភ្នំពេញៈ
ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូនដំណឹង ដល់​សាធារណជន​ទាំងអស់ ជ្រាបថា មាន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Strongest Pill កំពុង​ផ្សព្វផ្សាយ​លក់​ឱសថ ឈ្មោះ GOLD VIGRA គ្មាន​បញ្ជិកា និង​គ្មាន​ច្បាប់​ពី​ក្រសួងសុខាភិបាល​ឡើយ ។ ឱសថ​ឈ្មោះ GOLD VIGRA ជា​ប្រភេទ​ឱសថ ផ្សំ​ពីសារ​ធាតុគីមី ឈ្មោះ Sildenafil Citrate ដែល​ជួយ​បង្កើន​តណ្ហា​ផ្លូវ​ភេទបុរស ប៉ុន្តែ​វា​ប៉ះពាល់​ដល់​សុខភាព ឬ​ឈានដល់​បាត់បង់​អាយុជីវិត (​ដោយសារ ការ​គាំងបេះដូង​) របស់​អ្នកប្រើប្រាស់ ។ នេះ​បើតាម​សេចក្តីប្រកាស របស់​ក្រសួងសុខាភិបាល នៅតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់ខ្លួន​។​

​សេចក្តីប្រកាស​ដដែល បាន​បន្ថែមថា ក្រសួងសុខាភិបាល សូម​ជម្រាបជូន​សាធារណជន​ទាំងអស់ ឈប់​ជឿ​ការផ្សព្វផ្សាយ កុហក បោកប្រាស់ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ ត្រឹមត្រូវ​របស់​គណនី​ហ្វេ​ស​ប៊ុ​ក ខាងលើ និង​ឈប់​ប្រើប្រាស់​ឱសថ ឈ្មោះ GOLD VIGRA គ្មាន​បញ្ជិកា​នេះ តទៅទៀត ហើយ​ក្រសួងសុខាភិបាល តម្រូវឱ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ខាងលើនេះ បញ្ឈប់​ការនាំ​ចូល លក់ ចែកចាយ និង​ផ្សព្វផ្សាយ ឱសថ​ឈ្មោះ GOLD VIGRA គ្មាន​បញ្ជិកា​នេះ ជាបន្ទាន់ ។​

​ក្រសួងសុខាភិបាល នឹងមាន​វិធានការ​តឹងរឹង ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ខាងលើ ដែល​នាំចូល ផ្សព្វផ្សាយ លក់ ចែកចាយ​ឱសថ​ឈ្មោះ GOLD VIGRA គ្មាន​បញ្ជិកា​នេះ ទៅតាម​ផ្លូវច្បាប់ ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​ឱសថ ជា​ធរមាន ។​

​សេចក្តីប្រកាស​ដដែល បាន​សង្កត់ធ្ងន់ថា ករណី​បាន​ជួប ឬ​ប្រទះឃើញ​ជន​ណា កំពុង​លក់ ចែកចាយ ឬ​ផ្សព្វផ្សាយ​ឱសថ​ឈ្មោះ GOLD VIGRA សូម​ប្រញាប់​ផ្តល់ព័ត៌មាន ឬ ត្រូវការ​ព័ត៌មាន​បន្ថែម​ពី នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង គ្រឿងសម្អាង សូម​ទំនាក់ទំនង តាម​ទូរស័ព្ទ​លេខ ០១១ ៥៧៤ ៧៨៧ និង ០១២ ៩៨៣ ៣៣៤ ៕v/ha

ឱសថ​ឈ្មោះ GOLD VIGRA ដែល​ក្រសួង​សុខាភិ​បាល ប្រកាស​ឱ្យ​ឈប់​ចែកចាយ និងប្រើប្រាស់ (GOLD VIGRA 2 , GOLD VIGRA 3)
-​ ​(រូបៈ ក្រសួងសុខាភិបាល​)
ឱសថ​ឈ្មោះ GOLD VIGRA ដែល​ក្រសួង​សុខាភិ​បាល ប្រកាស​ឱ្យ​ឈប់​ចែកចាយ និងប្រើប្រាស់ (GOLD VIGRA 2 , GOLD VIGRA 3)
-​ ​(រូបៈ ក្រសួងសុខាភិបាល​)