ក្រសួងសុខាភិបាល ហាម​លក់ និង​ប្រើប្រាស់​ឱសថ GOLD VIGRA

180
ចែករម្លែក

ដោយ​: មេសា / ភ្នំពេញ​: ក្រសួងសុខាភិបាល នៃ ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ជ្រាបថា មាន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Strongest Pill កំពុង​ផ្សព្វផ្សាយ​លក់​ឱសថ ឈ្មោះ GOLD VIGRA គ្មាន​បញ្ជិកា និង គ្មាន​ច្បាប់​ពី​ក្រសួងសុខាភិបាល​ឡើយ ។ ឱសថ ឈ្មោះ GOLD VIGRA ជា​ប្រភេទ​ឱសថ​ផ្សំ​ពីសារ​ធាតុគីមី​ឈ្មោះ Sildenafil Citrate ដែល​ជួយ​បង្កើន​តណ្ហា​ផ្លូវ​ភេទបុរស ប៉ុន្តែ​វា​ប៉ះពាល់​ដល់​សុខភាព ឬ ឈានដល់​បាត់បង់​អាយុជីវិត ( ដោយសារ​ការ​គាំងបេះដូង ) របស់​អ្នកប្រើប្រាស់ ។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​នៅតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ។​

​សេចក្តីប្រកាស​ដដែល​ប​ន្ថែ​ម​ថា ក្រសួងសុខាភិបាល សូម​ជម្រាបជូន​សាធារណជន​ទាំងអស់ ឈប់​ជឿ​ការផ្សព្វផ្សាយ​កុហក់​បោកប្រាស់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ត្រឹមត្រូវ​របស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ និង​ឈប់​ប្រើប្រាស់​ឱ​សង​ថ​ឈ្មោះ GOLD VIGRA គ្មាន​បញ្ជិកា​នេះ​តទៅទៀត ហើយ​ក្រសួងសុខាភិបាល តម្រូវឱ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើនេះ បញ្ឈប់​ការនាំ​ចូល លក់ ចែកចាយ និង ផ្សព្វផ្សាយ​ឱសថ​ឈ្មោះ GOLD VIGRA គ្មាន​បញ្ជិកា​នេះ​ជាបន្ទាន់ ។​

​ក្រសួងសុខាភិបាល នឹងមាន​វិធានការ​តឹងរឹង ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ខាងលើ​ដែល​នាំចូល ផ្សព្វផ្សាយ លក់ ចែកចាយ​ឱសថ​ឈ្មោះ GOLD VIGRA គ្មាន​បញ្ជិកា​នេះ ទៅតាម​ផ្លូវច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន ។​

​សេចក្តីប្រកាស​ដដែល​ស​ង្ក​ត់​ធ្ងន់​ថា ករណី​បាន​ជួប ឬ ប្រទះឃើញ​ជន​ណា​កំពុង លក់ ចែកចាយ ឬ ផ្សព្វផ្សាយ​ឱសថ​ឈ្មោះ GOLD VIGRA សូម​ប្រញាប់​ផ្តល់ព័ត៌មាន ឬ ត្រូវការ​ព័ត៌មាន​បន្ថែម​ពី នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខា​ពេទ្យ និង គ្រឿងសម្អាង សូម​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ ០១១ ៥៧៤ ៧៨៧ និង ០១២ ៩៨៣ ៣៣៤៕ ល​