ដោយ: មេសា / ភ្នំពេញ: ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ជ្រាបថា ហ្វេសប៊ុកឈ្មោះ SN Beaute កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងជាច្រើនមុខ ច្រើនប្រភេទ ដែលគ្មានលេខប្រវេទន៍ និង គ្មានច្បាប់ពីក្រសួងសុខាភិបាលឡើយ។ ក្រសួងសុខាភិបាល បានទទួលព័ត៌មានពីសាធារណជនមួយចំនួនថា ផលិតផលគ្រឿងសម្អាងខាងលើ ប្រើប្រាស់ទៅមានការលាក រោលក្រហល់ក្រហាយ រមាស់ស្បែក ផងដែរ។ នេះគឺជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅតាមទំព័រហ្វេសប៊ុករបស់ខ្លួន។
សេចក្តីប្រកាសដដែលបន្ថែមថា ដើម្បី ចៀសវាងការខាតបង់ប្រាក់កាស់ និង ប៉ះពាលដល់សុខភាព ឬ អាចឈានដល់បាត់បង់អាយុជីវិតអ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល សូមជូនដំណឹងដល់សាធារជនទាំងអស់ សូមឈប់ជឿការឃោសនាភូតកុហក់បោកប្រាស់ និង ឈប់ប្រើប្រាស់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ខាងលើ ហើយក្រសួងសុខាភិបាលតម្រូវឱ្យម្ចាស់គណីហ្វេសប៊ុកឈ្មោះ SN Beaute ឈប់ផ្សព្វផ្សាយ លក់ ឬ ចែកចាយផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ខាងលើ ព្រមទាំងប្រមូលមកកម្ទេចចោលជាបន្ទាន់។
ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរឹង ចំពោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ SN Beaute ដែលបានផ្សព្វផ្សាយ លក់ ឬ ចែកចាយផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ខាងលើ ទៅតាមផ្លូវច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។
សេចក្តីប្រកាសដដែលសង្កត់ធ្ងន់ថា ករណីបានជួប ឬ ប្រទះឃើញជនណាកំពុង លក់ ចែកចាយ ឬ ផ្សព្វផ្សាយផ្សព្វផ្សាយ ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ខាងលើ សូមប្រញាប់ផ្តល់ព័ត៌មាន ឬ ត្រូវការព័ត៌មានបន្ថែមពី នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និង គ្រឿងសម្អាង សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ០១១ ៥៧៤ ៧៨៧ និង ០១២ ៩៨៣ ៣៣៤៕ ល