ក្រសួងសុខាភិបាល ហាម​លក់ និង ប្រើប្រាស់ ឱសថ​លាប​ប្រដាប់​ភេទបុរស ENLARGE OIL

1159
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ ក្រសួងសុខាភិបាល សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ជ្រាបថា គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះថា Medical Health Care កំពុង​ផ្សព្វផ្សាយ​លក់​ឱសថ​លាប​ប្រដាប់​ភេទបុរស​ឈ្មោះ ENLARGE OIL មួយ​ដប​ចំណុះ ៣០ ml គ្មាន​អាសយដ្ឋាន​ផលិត​ច្បាស់លាស់ គ្មាន​ក្រុមហ៊ុន​នាំចូល​ត្រឹមត្រូវ គ្មាន​ចុះបញ្ជី​កា គ្មាន​ការត្រួតពិនិត្យ​គុណភាព និង គ្មាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល​ឡើយ ហើយ​ថែមទាំង​ផ្សព្វផ្សាយ ភូត​កុ​ហ បោកប្រាស់ និង បំផ្លើស​ហួស​ពី​ការពិត គ្មាន​មូលដ្ឋាន ។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល ដែល​បានចេញ​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ។


​ក្រសួងសុខាភិបាល បាន​បន្ថែមថា ដើម្បី ចៀសវាង​ខាតបង់​ប្រាក់ និង​ប៉ះពាល់​ដល់​សុខភាព ឬ អាច​ឈានដល់​បាត់បង់​អាយុជីវិត របស់​អ្នកប្រើប្រាស់​ទៀត​នោះ ក្រសួងសុខាភិបាល សូមឱ្យ​សាធារណជន ឈប់​ជឿ​ការឃោសនា​បោកប្រាស់​ភូតកុហក​ខាងលើ និង បញ្ឈប់​ការប្រើប្រាស់ ឱសថ​លាប​ប្រដាប់​ភេទបុរស​ឈ្មោះ ENLARGE OIL ដែល​ផ្សព្វផ្សាយ​លើក​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះថា Medical Health Care ជាបន្ទាន់ ។


​ជាមួយគ្នានេះ ក្រសួងសុខាភិបាល​បានប្រកាស​បញ្ជា​ឱ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Medical Health Care បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រកាស​ផ្សព្វផ្សាយ​លក់ ចែកចាយ ផលិតផល ENLARGE OIL ខាងលើនេះ​បន្តទៀត ហើយ​ប្រមូល​ផលិតផល​ទាំងនេះ​មកវិញ ដើម្បី កម្ទេចចោល ហើយ​ថា​ក្រសួង​នឹងមាន​វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​គណនី Medical Health Care នេះ​តាមច្បាប់​ជា​ធរមាន ។​


​សេចក្តីប្រកាស​ដដែល​នេះ បាន​បន្ថែមថា ករណី​បានឃើញ​អ្នកប្រើប្រាស់ លក់ ឬ ចែកចាយ​ផលិតផល​ខាងលើនេះ សូម​ផ្តល់ព័ត៌មាន ឬ ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បិ​រ​ក្ខា​ពេទ្យ និង គ្រឿងសម្អាង តាមរយៈ​ទូរស័ព្ទ​លេខ ០៩៥ ៣៥៩ ៣៩៩ ឬ ០១២ ៩៨៣ ៣៣៤ ៕ Kh

ឱសថ លាប​ប្រដាប់​ភេទបុរស​ឈ្មោះ ENLARGE OIL ដែល​ក្រសួងសុខាភិបាល​ប្រកាស​ឱ្យ​ឈប់​ប្រើប្រាស់ និង ចែកចាយ ( ក្រសួងសុខាភិបាល )
#