ក្រសួងសុខាភិបាល ហាម​លក់ និង ប្រើប្រាស់ផលិតផល ឈ្មោះ SUPER XO

1072
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ ក្រសួងសុខាភិបាល សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ជ្រាបថា គណនី​ហ្វេ​ស​ប៊ុ​ក​ចំនួន ១២ គឺ ៖ ១. For Man, ២. ខ្លាំង​ឡើង , ៣. សុខភាព​បុរស , ៤. ពិភព​ស្នេហ៍​អមតៈ Aidefone, ៥. សុភមង្គល​គ្រួសារ , ៦. Super XO Brand, ៧. Page តា​សយ​, ៨. Super XO សុខភាព​បុរស​, ៩. Power Man, ១០. Super XO Thai, ១១. The Man Shop និង ១២. So Pheng បាន​កំពុង​ផ្សព្វផ្សាយ​លក់​ឱសថ​បំប៉ន​សុខភាព​បុរស ឈ្មោះថា SUPER XO មួយ​បន្ទះ​មាន ១០ គ្រាប់ ផលិត​នៅ​ប្រទេសថៃ គ្មាន​អាសយដ្ឋាន​ផលិត​ច្បាស់លាស់ គ្មាន​ក្រុមហ៊ុន​នាំចូល​ត្រឹមត្រូវ គ្មាន​ចុះ​បញ្ជិកា គ្មាន​ការត្រួតពិនិត្យ​គុណភាព និងគ្មាន​ការអនុញ្ញាតឱ្យ​ផ្សព្វផ្សាយ​ពី​ក្រសួងសុខាភិបាល​ឡើយ ហើយ​ថែមទាំង​ផ្សព្វផ្សាយ​ភូតកុហក​បោកប្រាស់ និង បំផ្លើស​ហួស​ពី​ការពិត ។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល ដែល​បានចេញ​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ។


​ក្រសួងសុខាភិបាល បាន​បន្ថែមថា ដើម្បី​ចៀសវាង​ខាតបង់​ប្រាក់ និង​ប៉ះពាល់​ដល់​សុខភាព ឬ អាច​ឈានដល់​បាត់បង់​អាយុជីវិត ( ដោយសារ​ការ​គាំងបេះដូង ) របស់​អ្នកប្រើប្រាស់​ទៀត​នោះ ក្រសួងសុខាភិបាល សូម​ជូនដំណឹង​ដល់​ជនានុជន កុំ​ជឿ​ការឃោសនា​បោកប្រាស់​ខាងលើ និងបញ្ឈប់​ការប្រើប្រាស់ឱសថ​ឈ្មោះ SUPER XO នេះ​ជាបន្ទាន់ ។


​ជាមួយគ្នានេះ ក្រសួងសុខាភិបាល​បានប្រកាស​បញ្ជា​ឱ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ទាំង ១២ ខាងលើ បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រកាស​ផ្សព្វផ្សាយ​លក់ ចែកចាយ ផលិតផល​ឱសថ ឈ្មោះ SUPER XO នេះ​បន្តទៀត ហើយ​ប្រមូល​ផលិតផល​នេះ​មកវិញ ដើម្បីកម្ទេចចោល ហើយ​ថា​ក្រសួង​នឹងមាន​វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​គណនីមួយចំនួន​ខាងលើនេះ​តាមច្បាប់​ជា​ធរមាន ។​


​សេចក្តីប្រកាស​ដដែល​នេះ បាន​បន្ថែមថា ករណី​បានឃើញ​អ្នកប្រើប្រាស់ លក់ ឬ ចែកចាយ​ផលិតផល​ឱសថ និងគ្រឿងសម្អាង​ខាងលើនេះ សូម​ផ្តល់ព័ត៌មាន ឬ ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បិ​រ​ក្ខារ​ពេទ្យ និង គ្រឿងសម្អាង តាមរយៈ​ទូរស័ព្ទ​លេខ ០៩៥ ៣៥៩ ៣៩៩ ឬ ០១២ ៩៨៣ ៣៣៤ ៕ Kh/Ha

ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​ឈ្មោះ SUPER XO ដែល​ក្រសួងសុខាភិបាល​ប្រកាស​ឱ្យ​ឈប់​ប្រើប្រាស់ និង ចែកចាយ ( រូបៈ ក្រសួងសុខាភិបាល )