ក្រសួងសុខាភិបាល អំពាវនាវ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺគ្រុនឈាម​-​កម្ចាត់​មូស​ខ្លា​

431

(​ភ្នំពេញ​)៖ ខណៈដែល​រដូវវស្សា​ចូលមក​ដល់ ហើយ​មាន​ភ្លៀង​ធ្លាក់​ជោគជាំ​នេះ នាយកដ្ឋាន​ប្រឆាំង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៧​នេះ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​រក្សា​ការប្រុងប្រយ័ត្ន​ចំពោះ​ជំងឺគ្រុនឈាម ហើយ​ចូលរួម​ប្រយុទ្ធ​នឹង​ជំងឺ​នេះ​ទាំងអស់គ្នា ។​

​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​នាយកដ្ឋាន​ប្រឆាំង​ជំងឺឆ្លង នៃ​ក្រសួងសុខាភិបាល បាន​សរសេរ​សារ​ថា “ ប្រទេសជិតខាង​យើង​កំពុង​មានការ​រាតត្បាត​ជំងឺគ្រុនឈាម ។ ដើម្បី​បង្ការ​កុំ​ឲ្យ​ប្រទេស​យើង​ផ្ទុះ​ជំងឺគ្រុនឈាម សូម​បងប្អូន​ចូលរួម​ទាំងអស់គ្នា ក្នុងការ​បំបាត់​ជំរក​ដង្កូវទឹក ការពារ​កូន​កុំ​ឲ្យ​មូស​ខាំ និង នាំ​កូន​ទៅ​ពេទ្យ​ជាបន្ទាន់​បើ​សង្ស័យថា​មាន​ជំងឺគ្រុនឈាម​។ បើ​បងប្អូន​ឃើញ​ជំងឺ​គ្រុនក្តៅ​ច្រើន​ខុសធម្មតា​ក្នុងភូមិ ក្នុង​មូលដ្ឋាន​បងប្អូន សូម​ផ្តល់ព័ត៌មាន​ទៅ​មន្ត្រី​សុខាភិបាល​នៅ​ជិត​បងប្អូន​បំផុត​ឫ​រាយការណ៍​តាម​លេខ​ទូរស័ព្ទ ១១៥ “៕​