ក្រសួងសុខាភិបាល អះអាងថា នៅ​កម្ពុជា មិនមានការរកឃើញករណី​ជំងឺផ្លូវដង្ហើម ប្រភេទណូវ៉ែលកូរ៉ូណា​ក៏ដោយ ក៏ក្រសួងតាមដានជាប់ជា​ប្រចាំ

90
ចែករម្លែក

ដោយ:បាយ័ន/សៀមរាប ៖ ក្នុងឱកាសចុះត្រួតពិនិត្យប្រព័ន្ឋវិធានការបង្ការជំងឺផ្លូវដង្ហើមថ្មី ប្រភេទណូវ៉ែលកូរ៉ូណា នៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាប នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ បើទោះបីបច្ចុប្បន្ននៅកម្ពុជា មិនមានការរកឃើញជំងឺផ្លូវដង្ហើម ប្រភេទ​ណូវ៉ែលកូរ៉ូណាក៏ដោយ ក៏យើងកំពុងតាមដានជាប់ជាប្រចាំ និងបានដាក់ចេញវិធានការ ដើម្បីឆ្លើយតបបន្ទាន់ជាបន្តបន្ទាប់ ដោយយើងមានការព្រួយបារម្ភខ្លំាងចំពោះការរាត​ត្បាតនៃជំងឺផ្លូវដង្ហើមប្រភេទថ្មី ពីព្រោះជំងឺនេះបានកំពុងតែវាយលុកនៅក្នុងប្រទេសជាច្រើនក្នុងពិភពលោក បន្ទាប់ពីទទួលបានព័ត៌មានពីការផ្ទុះករណីដំបូង នៃជំងឺរលាក​សួត​នេះនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ។

លោក ម៉ម ប៊ុនហេង បានបញ្ជាក់ទៀតថា បច្ចុប្បន្ន យើងបាននឹងកំពុងតាមដនជាប់ជាប្រចាំ និងបានដាក់ចេញវិធានការ ឆ្លើយតបបន្ទាន់ជាបន្តបន្ទាប់ផងដែរ ដោយសម្រេច​ចិត្តដាក់ម៉ាស៊ីនស្កេនកម្តៅ នៅតាមអាកាសយានដ្ឋានទាំង៣ និងតាមបណ្តាច្រកព្រំដែនសំខាន់ៗក្នុងទូទាំងប្រទេស ព្រមទាំងបានចាត់មន្ត្រីសុខាភិបាលឱ្យតាមដានពិនិត្យអ្នកដំណើរ ដែលចូលមកម្ពុជា និង មានការចាត់ចែងឲ្យមានបន្ទប់ដាច់ដោយ​ឡែកសម្រាប់អ្នកសង្ស័យថាមានឆ្លង ហើយបានត្រៀមរថយន្តសង្គ្រោះ និងបំពាក់សម្ភារ​បរិក្ខា ថ្នាំពេទ្យ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និង ខេត្តសៀមរាប ដែលជាទីតាំងនៃច្រកចូលរបស់អ្នកដំណើរតាមផ្លូវអាកាសមកកម្ពុជា ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តីក្រសួង សុខាភិ បាល បានណែនាំឲ្យមន្រ្តីចត្តាឡីស័កទាំងអស់នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ក្នុង​ការបង្ការ និងពិនិត្យទប់ស្កាត់ ជំងឺផ្លូវដង្ហើមប្រភេទថ្មីណូវ៉ែលកូរ៉ូណា និងជំងឺឆ្លងផ្សេងៗទៀត ជាពិសេសត្រូវណិនិត្យលើអ្នកដំណើរណា ដែលមានកម្តៅចាប់៣៨ឡើង ព្រោះ​ថា នាពេលបច្ចប្បន្ននេះ គ្មានវ៉ាក់សាំង ឬការព្យាបាលជាក់លាក់ណាមួយសម្រាប់ជំងឺនេះទេ ហើយក៏ពុំទានមានការបង្ហាញឱ្យជាក់លាក់ថា មេរោគនៃជំងឺកូរ៉ូណានេះ មានប្រភពមកពីណា និងបណ្តាលមកពីអ្វីនៅឡើយនោះដែរ ខណៈអ្នកវិទ្យាសាស្ត្រកំពុងអង្កេត និងស្រាវជ្រាវ ។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ករណីជំងឹណូវ៉ែលកូរ៉ូណា ដែលជាជំងឹសួតប្រភេទថ្មីនេះទេ បានកើតមានឡើងលើមនុស្សចំនួន ២.៨១១ ករណី ក្នុងនោះបណ្ដាលឲ្យស្លាប់ចំនួន៨០នាក់ នៅប្រទេសចំនួន១៤ក្នុងពិភពលោក ក្នុងនោះ ៖ ១. នៅក្នុងប្រទេសចិន មានករណីឆ្លងចំនួន ២.៧៦១ ក្នុងនោះករណីស្លាប់ចំនួន៨០ , ២. នៅក្នុងប្រទេសថៃ មានករណីឆ្លងចំនួន ៨ , ៣. ក្រុងហុងកុង មានករណីឆ្លងចំនួន ៦ , ៤. ក្រុងម៉ាកាវ មានករណីឆ្លងចំនួន ៥ , ៥. នៅក្នុងប្រទេសអូស្ត្រាលី មានករណីឆ្លងចំនួន ៤ , ៦. នៅក្នុងប្រទេសជប៉ុន មានករណីឆ្លងចំនួន៤ , ៧. នៅក្នុងប្រទេសម៉ាឡេស៊ី មានករណីឆ្លងចំនួន ៤ , ៨. នៅក្នុងប្រទេសសឹង្ហបុរី មានករណីឆ្លងចំនួន ៤ , ៩. នៅក្នុងប្រទេសបារាំង មានករណីឆ្លងចំនួន ៣ , ១០. នៅក្នុងប្រទេសកូរ៉េខាងត្បូង មានករណីឆ្លងចំនួន ៣ , ១១. នៅកោះតៃវ៉ាន់ មានករណីឆ្លងចំនួន ៣ , ១២. នៅសហរដ្ឋអាមេរិក មានករណីឆ្លងចំនួន ៣ , ១៣. នៅក្នុងប្រទេសវៀតណាម មានករណីឆ្លងចំនួន ២ និង១៤. នៅក្នុងប្រទេសនេប៉ាល់ មានករណីឆ្លងចំនួន ១ ។

គួររំលឹកថា បើតាមក្រុមអ្នកវិទ្យាសាស្ត្រសត្វពស់ ក្នុងនោះរួមមានទាំងសត្វពស់ប្រភេទ krait និងពស់វែក ទំនងជាប្រភពដើមនៃវីរុសកូរ៉ូណាថ្មី ឬ 2019-nCoV ដែលកំពុងបង្កជា «ជំងឺរលាកសួតធ្ងន់ធ្ងរ» នៅក្នុងប្រទេសចិន ហើយជំងឺផ្លូវដង្ហើម (រលាកសួតធ្ងន់ធ្ងរ) ដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មីនេះ ត្រូវបានគេរាយការណ៍ជាលើកដំបូងបំផុត កាលពីចុងខែធ្នូ ឆ្នាំ២០១៩ នៅឯទីក្រុងវូហាន Hubei ហើយវាបានរីករាលដាលយ៉ាងឆាប់រហ័ស៕B/