ក្រសួងអប់រំៈ សៀវភៅ «​អំពើ​ប្រល័យពូជសាសន៍ និង​ការសម្លាប់​រង្គាល​នៅលើ​ពិភពលោក​»

358
ចែករម្លែក
ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ថ្លែង​សុន្ទរកថា នៅក្នុង​ពិធី​បើកសម្ពោធ​វិចិត្រសាល​សិល្បៈ​សហ​សម័យ​វិទ្យាស្ថាន​ស្លឹករឹត នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​

ដោយៈ​ផេង ពង្ស​រ៉ាស៊ី​នាយក​មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង​
​ភ្នំពេញៈ​ក្រសួង អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានធ្វើការ​ស្រាវជ្រាវ​រួមគ្នា​ជា​លក្ខណៈ​វិទ្យាសាស្ត្រ​អស់​រយៈពេល​៤​ឆ្នាំកន្លងមក លើ​ប្រធានបទ​ស្តីពី​អំពើ​ប្រល័យពូជសាសន៍ និង​ការសម្លាប់​រង្គាល​នៅក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ដើម្បី​ជា​ចំណេះដឹង​បន្ថែមទៀត​ដល់​អ្នកអាន អ្នកស្រាវជ្រាវ គ្រូបង្រៀន និង​សិស្សានុសិស្ស​ទាំងអស់ ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ជាតិ ប្រវត្តិសាស្ត្រ​តំបន់ និង​ប្រវត្តិសាស្ត្រ​ពិភពលោក​។ ប្រវត្តិសាស្ត្រ​នៃ​ការសម្លាប់​រង្គាល គឺមាន​ការប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ​។​


​កិច្ចការ​ស្រាវជ្រាវ​ខាងលើ​ក៏​ជា​កាតព្វកិច្ច​ស្រាវជ្រាវ​មួយ​ដែល​ត្រូវបាន​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការរៀបចំ​គម្រោង​សំណង​សម្រាប់​ដើមបណ្តឹង​រដ្ឋប្បវេណី​និង​ជនរងគ្រោះ​ដោយសារ​អំពើ​ប្រល័យពូជសាសន៍​ខ្មែរក្រហម​ក្នុង​សំណុំរឿង​០០២ នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​ដែល​យើង​ហៅថា តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​។ រាជរដ្ឋាភិបាល​កម្ពុជា បាន​ឯកភាព​ឲ្យ​មានការ​ចងក្រង​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​ដាក់បញ្ចូល​សៀវភៅ​នេះ​ជា​ផ្នែក​មួយ​នៃ​កម្មវិធីសិក្សា ចាប់ពី​ថ្នាក់​ចំណេះដឹង​ទូទៅ​ពី​ថ្នាក់​ទី​៧​ដល់​ថ្នាក់​ទី​១២ និង​នៅ​ថ្នាក់មូលដ្ឋាន​នៃ​កម្មវិធីសិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​។ សេចក្តីសម្រេច ស​.​ជ​.​ណ​. លេខ ១១៣៤ របស់​រាជរដ្ឋាភិបាល​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៣​។​

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ គង់ គា​នី​ន នៅក្នុង​សិក្ខាសាលា​ស្តីពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា និង​វគ្គ​បណ្តុះបណ្តាល​គ្រូ​ប្រវត្តិសាស្ត្រ ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា សហការ​ជាមួយ​ក្រសួង អប់រំ យុវជន និង កីឡា​

.​ដំណើរការ​តែង​និពន្ធ ពិនិត្យ​ផ្ទៀងផ្ទាត់ បោះពុម្ព និង​ចែក​ផ្សាយ​សៀវភៅ​
​ក្រសួង អប់រំ យុវជន និង​កីឡា បាន​គាំទ្រ​យ៉ាង​ពេញទំហឹង ដល់​កិច្ចការ​ស្រាវជ្រាវ​ជា​លក្ខណៈ​វិទ្យាសាស្ត្រ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​តាំងពី​ជំហាន​ដំបូង​រហូតដល់​ការបោះពុម្ព​ស្នាដៃ​ស្រាវ ជ្រាវ​នេះ នៅក្នុង​ឆ្នាំ​២០១៩​។ ស្នាដៃ​នេះ ដែលជា​សំណេរ​ស្រាវជ្រាវ​លើកដំបូង​ស្តីពី​អំពើ​ប្រល័យពូជសាសន៍ និង​ការសម្លាប់​រង្គាល​នៅលើ​ពិភពលោក គឺជា​ការតាក់តែង​និពន្ធ​ឡើង​ដោយ​អ្នកស្រាវជ្រាវ​ជាតិ​និង​អន្តរជាតិ​ចំនួន​៤​រូប គឺ ៖ បណ្ឌិត លី សុខ​ឃាង​, បេ​ក្ខ​បណ្ឌិត សូ ហ្វា​រី​ណា​, បណ្ឌិត ជា ផល្លា និង មេធាវី គ្រីស្តូហ្វ័រ ឌៀ​រីង និង​ក្រោម​ការពិនិត្យ​ផ្ទៀងផ្ទាត់​ពី​ប្រវត្តិវិទូ និង​អ្នកជំនាញ​ប្រវត្តិសាស្ត្រ​ល្បីៗ​ជាច្រើនរូប រួមមាន ៖ បណ្ឌិត​សាស្ត្រាចារ្យ អា​ឡិច​សាន់​ឌើ ហ៊ី​ន​តុ​ន​, ប្រវត្តិវិទូ​និង​សាស្ត្រាចារ្យ ដេវីដ ឆេន​ដ​ល័​រ​, បណ្ឌិត​សាស្ត្រាចារ្យ ម៉ា​គើ​ស ហ្សី​ម​ម័​រ​, បណ្ឌិត​សាស្ត្រាចារ្យ មី​ល​តុ​ន អ​ស្បូន​, មេធាវី នី​កូ​ឡាស គាំ​ចាន់​, អ្នកស្រាវជ្រាវ នីស្សា ផេ​ថេ​ល និង​អ្នកគ្រូ ខែល​លី វ៉ា​ត់​សុន​។ សៀវភៅ​នេះ ត្រូវបាន​ឆ្លងកាត់​ការពិភាក្សា​ជាមួយ​សាស្ត្រាចារ្យ​ឧ​ត្ត​ម​សិក្សា​កម្ពុជា​ចំនួន​៥០​រូប​ដែល​បាន​ចូលរួម​នៅក្នុង​អង្គសិក្ខាសាលា​ស្តីអំពី​ការបង្រៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ រយៈពេល​៣​ថ្ងៃ ដែល​បាន​ប្រព្រឹត្តទៅ​នៅក្នុង​ខែមេសា ឆ្នាំ​២០១៩ រៀបចំ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

អដ្ឋិធាតុ​ជនរងគ្រោះ​ពី​របប​ខ្មែរក្រហម​នៅ​អតីត​មន្ទីរ​សន្តិសុខ​ក្រាំង​តា​ចាន់ ខេត្តតាកែវ​


​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បោះពុម្ព​សៀវភៅ​នេះ​ជា​ពីរ​ភាសា គឺ​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ ហើយ​គ្រោង​ធ្វើការ​ចែកចាយ​ដល់​គ្រូបង្រៀន និង​សិស្សានុសិស្ស នៅតាម​វិទ្យាល័យ​មួយចំនួន​នៅក្នុង​ខែធ្នូ ឆ្នាំ​២០១៩ ខាងមុខ សម្រាប់​ប្រើប្រាស់​ជា​ឯកសារយោង​ដ៏​មាន​សារសំខាន់​ក្នុង​ការរៀន និង​បង្រៀន​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ និង​ប្រវត្តិសាស្ត្រ​ពិភពលោក​។ សៀវភៅ​ជា​ភាសា​ខ្មែរ គឺ​ត្រូវបាន​ត្រួតពិនិត្យ សម្រួល​ឃ្លោងឃ្លា​ដោយ ផេង ពង្ស​រ៉ាស៊ី និង សុ​ភ័​ក្រ ភា​ណា​។ សូមបញ្ជាក់ថា អត្ថបទ​ប្រទេស​អា​មេ​នី សរសេរ​ដោយ​បណ្ឌិត ជា ផល្លា​, ប្រទេស​អាល្លឺម៉ង សរសេរ​ដោយ​បណ្ឌិត សូ ហ្វា​រី​ណា​, ប្រទេស​កម្ពុជា សរសេរ​ដោយ​បេ​ក្ខ​បណ្ឌិត សូ ហ្វា​រី​ណា និង​មេធាវី គ្រីស្តូហ្វ័រ ឌៀ​រីង​, ប្រទេស​បូ​ស្នី​-​ហឺ​ហ្សឺ​ហ្គោ​វីន និង​ប្រទេសរ​វ៉ាន់ដា សរសេរ​ដោយ​បណ្ឌិត លី សុខ​ឃាង​។ ឧ​ត្ថ​ម្ភ​ថវិកា​ក្នុង ការសិក្សា​ស្រាវជ្រាវ និង​បោះពុម្ព​សៀវភៅ​នេះ ដោយ​ទីភ្នាក់ងារ​សហរដ្ឋ​អាម៉េរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID)​។​

.​អំពី​សៀវភៅ និង​ទស្សនវិជ្ជា​ក្នុងការ​បង្កើត​សៀវភៅ​
​ក្រប​មុខ​នៃ​សៀវភៅ ត្រូវបាន​រចនា​ឡើងជា​ផ្ទៃ​ក្រហមព្រឿងៗ និង​មាន​ចំណងជើង​ធំៗ​ពណ៌​ស ដែល​អាច​មើលឃើញ​យ៉ាងច្បាស់​ថា «​អំពើ​ប្រល័យពូជសាសន៍ និង​ការសម្លាប់​រង្គាល​នៅលើ​ពិភពលោក (​ប្រទេស​អា​មេ​នី​, អាល្លឺម៉ង់​, កម្ពុជា​, បូ​ស្នី​-​ហឺ​ហ្សឺ​ហ្គោ​វីន និងរ​វ៉ាន់ដា​) ៖ ទិដ្ឋភាព​ទូទៅ​សម្រាប់​ការបង្រៀន​ក្នុង​ថ្នាក់រៀន​កម្ពុជា​»​។ ចំ​ផ្ទៃ​កណ្តាល​នៃ​ក្រប​មុខ មាន​រូបសំណាក​អ្នកតា​មួយអង្គ​ដែល​មើល​មួយ​ភ្លែត យើង​អាច​សន្និដ្ឋានបានថា ជា​រូបតំណាង​ឲ្យ​ភាព​គ្មាន​លាក់លៀម​បាន​នៃ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នៅក្នុង​ពិភពលោក តាមរយៈ​ព្រះ​ភក្ត្រ​ទាំង​ប្រាំបី​ដែល​បែរមុខ​ទៅគ្រប់​ទិស​ទាំងអស់​។ រូបសំណាក​អ្នកតា​ដែលមាន​ព្រះ​ភក្ត្រ​ប្រាំបី និង​មាន​ពណ៌​ខុសៗ​គ្នា​នេះ គឺ​សំដៅ​ទៅលើ​ភាពខុសគ្នា​នៃ​ចរិត ឫកពារ និង​ការប្រព្រឹត្ត​របស់​មនុស្ស​ជាតិ ដែល​ត្រូវ​ប្រឈម​នឹង​ភាពស្មុគស្មាញ​នៃ​ស្ថានភាព​របស់ខ្លួន​។ រូបសំណាក​នេះ ក៏​តំណាង​ឲ្យ​ភាព​អប់រំ​អំពី វប្បធម៌ សាសនា វិទ្យាសាស្ត្រ សិល្បៈ និង​ទស្សនវិជ្ជា ដែល​មនុស្ស​ត្រូវតែ​គិតគូរ និង​យកចិត្តទុកដាក់ ដើម្បី​បញ្ជៀ​ស​នូវ​រាល់​អំពើ​មិនល្អ​កើតមាន​នៅក្នុង​សង្គម​។ រូបសំណាក​នេះ ស្ថិតនៅលើ​ពើយ តា​ម៉ុក លើ​ខ្នងភ្នំ​ដងរែក​ដែលជា​ទីតាំង​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​ពី​អំពើ​ប្រល័យពូជសាសន៍​ទៅលើ​ជនជាតិ​អា​មេ​នី ស៊ីត​សឺ​ណា​កា​បើ​ដ នៅ​ក្រុង​យេ​រេ​វ៉ាន ប្រទេស​អា​មេ​នី​។ រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី​២៤ ខែមេសា ប្រជាជន​អា​មេ​នី រាប់ពាន់នាក់​បានមក​ជួបជុំគ្នា​នៅ​ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​ដើម្បី​ប្រារព្ធ «​ថ្ងៃ​ចងចាំ​នៃ​អំពើ​ប្រល័យពូជសាសន៍​ទៅលើ​ជនជាតិ​អា​មេ​នី​»​។ រូបថត ៖ ដោយ​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ខែមេសា ឆ្នាំ​២០១៦​។​


​ក្រប​ក្រោយ​នៃ​សៀវភៅ មាន​ពណ៌​ខ្មៅ​ដិត គ្របដណ្តប់​ពាសពេញ​លើ​អក្សរ​តូចៗ​ពណ៌​ក្រហម​ជាច្រើន​តួ និង​រូប​ទង់ជាតិ​ខុសៗ​គ្នា​នៃ​ប្រទេស​ទាំង​៥​ដែលជា​ប្រធានបទ​នៃ​ការសិក្សា ហើយ​ដែល​អាច​ឲ្យ​យើង​ដឹងបាន​ពី​ភាពឃោរឃៅ អមនុស្សធម៌ និង​ការសម្លាប់​រង្គាល​ទៅលើ​ប្រជាជន​នៃ​ប្រទេស​ទាំង​៥​នៅលើ​ពិភពលោក​។​


​នៅ​ទំព័រ​ខាងក្នុង​នៃ​សៀវភៅ​នេះ មុននឹង​ចូលដល់​ការអធិប្បាយ​ពី​បរិបទ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នីមួយៗ មាន​អារម្ភកថា​មួយ​ទំព័រ របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង កីឡា រៀបរាប់​ពី​តួនាទី និង​ភារកិច្ច​ដ៏​ចម្បង​និង​មាន​ប្រសិទ្ធភាព​ក្នុង​វិស័យ អប់រំ ក្នុងការ​ចូលរួមចំណែក​ទប់ស្កាត់​នូវ​រាល់​ធាតុ​ផ្សំ​ទាំងឡាយ​ដែល​នាំ​ដល់​ការកកើត​អំពើ​ប្រល័យពូជសាសន៍ និង​ការសម្លាប់​រង្គាល​នៅក្នុង​សង្គម​។ សារ​របស់​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​ដោយ​ផ្តោត​យ៉ាងសំខាន់​ទៅលើ​ការបង្កើន​ភាព​យល់ដឹង​ជាស​កល អំពី​បរិបទ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ទាំង​៥ ដែល​បាន​លើក​យកមក​ធ្វើជា​ករណី​សិក្សា​នៅក្នុង​សៀវភៅ​នេះ តាមរយៈ​ការ​បំផុសគំនិត ឆន្ទៈ មនសិការ និង​ការវិភាគ​យ៉ាង​ស៊ីជម្រៅ​ទៅលើ​ស្ថានភាព​របស់​មនុស្ស និង​សង្គម​នាពេល​អតីតកាល ដោយ​ធ្វើការ​សិក្សា​ប្រៀបធៀប​ពី​កាលៈទេសៈ​នៃ​ព្រឹត្តិការណ៍​នៅក្នុង​ប្រទេសមួយ ទៅនឹង​ប្រទេស​មួយទៀត ដើម្បី​រារាំង​បាន​នូវ​ការបំផ្លិចបំផ្លាញ ការ​បំពារបំពាន​ហួសនិស្ស័យ​ដែល​បាន​ញាំញី​ដល់​សេចក្តីសុខ​របស់​ប្រជាជាតិ​ទាំងមូល​។​

លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា រួមជាមួយ​តារាភាពយន្ត​ហូលីវូដ ច​ច ក្លូ​នី ចូលរួម​ពិធី​រំឭក​ខួប​១០០​ឆ្នាំ នៃ​អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​អា​មេ​នី កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៦​។ លោក ច​ច ក្លូ​នី បាន​រៀបការ​ជាមួយ អា​ម៉ា​ល់ ក្លូ​នី ដែល​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ក្នុងការ​ទាមទារ​ទឹកដី​ប្រាសាទព្រះវិហារ​។ អា​ម៉ា​ល់ ក្លូ​នី បាន​តស៊ូ​មតិ​ក្នុងនាម​ប្រទេស​កម្ពុជា​ដើម្បី​ទាមទារ​ប្រាសាទព្រះវិហារ នៅមុន​ការសម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​។ រូបថត​នេះ ត្រូវបាន​ថត​ដោយ អាណា គឺជា​បុគ្គលិក នៃ​មូលនិធិ​នៃ​វិទ្យាស្ថាន​សារមន្ទីរ​ប្រល័យពូជសាសន៍​អា​មេ​នី​ដែល​បាន​ផ្តល់ជូន លោក ឆាំង យុ​។​


​ស្រដៀង​គ្នា​នេះដែរ នៅក្នុង​បុព្វកថា​របស់លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ស្ថាបនិក​វិទ្យាស្ថាន​ស្លឹករឹត ដែល​សរសេរ​នៅក្នុង​ទំព័រ​បន្ទាប់ ក៏បាន​គូសបញ្ជាក់​អំពី​ភាពខ្លាំង​នៃ​ការអប់រំ​ថា ជា​ថាមពល​ដ៏​មហិមា​ក្នុងការ​កែប្រែ​សង្គម​នាពេល​អនាគត និង​ជា​អំណាច​ដ៏​អស្ចារ្យ​របស់​មនុស្សជាតិ ក្នុងការ​សម្រេចបាន​នូវ​សន្តិភាព សេរីភាព និង យុត្តិធម៌​។ លើសពីនេះ​ទៀត បុព្វកថា​របស់លោក​នាយ​ក ក៏បាន​បង្ហាញ​ពី​គន្លឹះ និង​ដំណោះស្រាយ​ជាច្រើន​ក្នុងការ​រារាំង​អំពើ​ប្រល័យពូជសាសន៍ ការសម្លាប់​រង្គាល និង​អំពើហិង្សា​ធ្ងន់ធ្ងរ​នានា​។ ក្នុងនោះ ការចូលរួម​ពី​ថ្នាក់មូលដ្ឋាន នៅក្នុង​យុទ្ធសាស្ត្រ​ជាស​កល​ក្នុងការ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ទាំងនោះ គឺជា​ភារកិច្ច​ដែល​មិនអាច​ខ្វះ​បាន​ទាល់តែសោះ​។


​បន្ថែម​ពីនេះ​ទៀត នៅក្នុង​ទំព័រ​នៃ​សេចក្តី​ផ្តើម​នៃ​សៀវភៅ អ្នកត្រួតពិនិត្យ​អត្ថបទ​និពន្ធ​ភាសា​អង់គ្លេស មេធាវី គ្រីស្តូហ្វ័រ ឌៀ​រីង បាន​អះអាង​បន្ថែមថា «​ខណៈដែល​យុទ្ធសាស្ត្រ​ក្នុង​ការធ្វើអន្តរាគមន៍ ការឆ្លើយតប និង​ការទប់ស្កាត់ ត្រូវ​ពឹង​ផ្អែកលើ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ បុគ្គល និង​សហគមន៍ ក៏​ត្រូវតែ​ចូលរួមចំណែក​នៅក្នុង​យុទ្ធនាការ​ជាស​កល​នេះដែរ​» និង​បានបញ្ជាក់​បន្ថែមថា បុគ្គល​និង​សហគមន៍ ត្រូវតែ​សិក្សា​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​ឫសគល់​នៃ​អំពើ​អមនុស្សធម៌​នានា ដែល​អំពើ​ទាំងនោះ កើតចេញពី​ការ​លម្អៀង អាត្មានិយម និង​ភាពអវិជ្ជា​របស់​មនុស្ស​។ បណ្ឌិត ជា ផល្លា ដែលជា​អ្នកនិពន្ធ​មួយរូប បានសរសេរថា ថ្វីត្បិតតែ​ការអប់រំ គឺជា​មធ្យោបាយ​ដ៏​មាន​សារ​សំខាន់បំផុត​មួយ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ស្អប់ខ្ពើម និង​ការមិន​អត់ឱន​គ្នា​ក៏ដោយ ក៏​ការទទួលបាន​ព័ត៌មាន ការយល់​ពី​ច្បាប់ និង​ការយល់ដឹង​ពី​ដំណោះស្រាយ​ជា​មូលដ្ឋាន គឺជា​កត្តារួម​ចំណែក​ដែល​មិនអាច​ខ្វះ​បានដែរ​។ អ្នកនិពន្ធ​ទាំង​២​ខាងលើ បានធ្វើ​សេចក្តី​សន្និដ្ឋានថា មានតែ​ការអប់រំ ការទទួលបាន​ព័ត៌មាន ការកែទម្រង់ និង​ការឆ្លុះបញ្ចាំង​ខ្លួនឯង​ទេ ដែល​អាច​កាត់បន្ថយ​ឥទ្ធិពល​នៃ​ការកកើត​ធាតុ​ផ្សំ​នានា​ដែល​នាំ​ដល់​ការកកើត​អំពើ​អនុ​ស្ស​ធម៌​បាន​។


​ក្នុង​ទំព័រ​បន្តបន្ទាប់​ទៀត គឺជា​ការរៀបរាប់​ពី​បរិបទ​ប្រវត្តិសាស្ត្រ​នៃ​ករណី​សិក្សា​ទាំង​៥ រួមមាន ប្រទេស អា​មេ​នី​, អាល្លឺម៉ង់​, កម្ពុជា​, បូ​ស្នី​-​ហឺ​ហ្សឺ​ហ្គោ​វីន និងរ​វ៉ាន់ដា​។
​បរិបទ​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​នីមួយៗ ត្រូវបាន​និពន្ធ និង​អធិប្បាយ​ឡើងជា​ពីរ​ផ្នែក​គឺ ផ្នែក​ទី​១) គឺជា​ផ្នែក​មេរៀន​សង្ខេប និង​ផ្នែក​ទី​២) គឺជា​ផ្នែក​មេរៀន​លម្អិត​។ ផ្នែក​នីមួយៗ មាន​រួមបញ្ចូល​ទាំង ៖ ១) សកម្មភាព​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍ និង​មូលហេតុ​នៃ​ការសម្លាប់​រង្គាល​។ ២) ដំណើរការ​ស្វែងរក​យុត្តិធម៌​បន្ទាប់ពី​អំពើ​ប្រល័យពូជសាសន៍ និង​ការសម្លាប់​រង្គាល​បានបញ្ចប់ និង​៣) ដំណើរការ​ផ្សះ​ជាតិ និង​ការទប់ស្កាត់​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​នានា​។


​ផ្នែក​ទី​១ «​មេរៀន​សង្ខេប​» គឺជា​ផ្នែក​សិក្សា​របស់​សិស្ស ខណៈដែល​ផ្នែក​ទី​២ «​មេរៀន​លម្អិត​» គឺជា​ផ្នែក​ដែល​គ្រូបង្រៀន​ប្រើប្រាស់​សម្រាប់​ការបង្រៀន​នៅក្នុង​ថ្នាក់ ដើម្បី​បំពេញ​បង្គ្រប់​ទៅលើ​ផ្នែក មេរៀន​សង្ខេប ដើម្បី​បង្កើន​ការយល់ដឹង​របស់​សិស្ស​ឲ្យ​កាន់តែ​ទូលំទូលាយ​។ ជាមួយគ្នានេះដែរ គ្រូបង្រៀន​ដែល​បង្រៀន​មុខវិជ្ជា​ផ្សេង​ពីមុខ​វិជ្ជា​ប្រវត្តិវិទ្យា ក៏​អាច​ប្រើប្រាស់​ផ្នែក​ទី​១​នៃ​ករណី​សិក្សា​នីមួយៗ សម្រាប់​ការ​បញ្ជៀប​ប្រវត្តិសាស្ត្រ​នៅក្នុង​ម៉ោង​បង្រៀន​របស់ខ្លួន​បានដែរ​។ ទាំង​ផ្នែក​ទី​១ និង​ទី​២ គឺមាន​កម្រង​សំណួរ​មួយចំនួន​ដែល​ក្តោប​អត្ថន័យ​មេរៀន​ទាំងមូល​។​


​នៅ​ចុងបញ្ចប់​នៃ​សៀវភៅ​នេះ កម្រង​សំណួរ​ទាំងអស់​ដែលមាន​នៅតាម​បណ្តា​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​នីមួយៗ ត្រូវបាន​រៀបរៀង និង​ផ្តល់​ចម្លើយ​យ៉ាង​ក្បោះក្បាយ​នៅក្នុង​ផ្នែក​ចុងក្រោយ គឺ​ផ្នែក​ទី​៣ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​សិស្សានុសិស្ស​និង​គ្រូបង្រៀន ក្នុងការ​សង្កេត និង​ផ្ទៀងផ្ទាត់​ចំពោះ​ការបង្រៀន​និង​ការសិក្សា​របស់ខ្លួន​។ ជាពិសេស​ទៅទៀត ផ្នែក​នេះ​អាចជួយ​ដោះស្រាយ​នូវ​រាល់​ចម្ងល់​ផ្សេងៗ​ដែល​កើតមាន​ជា​យូរ​មកហើយ​របស់​អ្នកអាន​ទូទៅ​។ ម្យ៉ាងវិញទៀត តាមរយៈ​ការអាន​សំណួរ និង​ចម្លើយ​ក្នុង​ផ្នែក​ទី​៣​នេះ អ្នកអាន​ក៏​អាច​ត្រឡប់​ទៅ​អាន​ផ្នែក​ទី​១ និង​ផ្នែក​ទី​២​បាន ក្នុងករណី​ដែល​ខ្លួន​ចង់ដឹង​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​ទៅលើ​ករណី​សិក្សា​នៃ​ប្រទេស​នីមួយៗ​។​


​ជាមួយគ្នានេះដែរ អ្នកអាន អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ គ្រូបង្រៀន និង​សិស្សានុសិស្ស​ទាំងអស់ អាច​ស្វែងយល់​កាន់តែច្បាស់​ថែមទៀត តាមរយៈ​ការចូលទៅ​មើល​បញ្ជី​ឯកសារយោង​ជាច្រើន ដែលមាន​រាយ​ឈ្មោះ​អ្នកនិពន្ធ ចំណងជើង កន្លែង​បោះពុម្ព និង​ឆ្នាំ​បោះពុម្ព យ៉ាង​ជាក់លាក់​នៅក្នុង​ផ្នែក «​បញ្ជី​ឯកសារពិគ្រោះ​» នៃ​សៀវភៅ ដើម្បី​ជា​ជំនួយ​ដល់​ការស្រាវជ្រាវ និង​អាន​ឯកសារយោង​ទាំងនេះ​ជា​លម្អិត​។ បញ្ជី​នេះ​ត្រូវបាន​រៀបរៀង​តាម​លំដាប់​នៃ​ប្រទេស​នីមួយៗ​ដាច់ដោយឡែក​ពីគ្នា ដែល​អាច​ផ្តល់​ភាពងាយស្រួល និង​ច្បាស់លាស់​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​បន្ថែម​។​

.​ទស្សនវិជ្ជា​នៃ​ការបង្កើត​សៀវភៅ​
​ការ​លើកយក​ប្រទេស​ទាំង​៥​មក​ធ្វើជា​ករណី​សិក្សា គឺ​ពុំមាន​ចេតនា​តំណាង​ឲ្យ ឬ​សង្ខេប​អំពី​ព្រឹត្តិការណ៍​ទាំងអស់​នៃ​អំពើ​អមនុស្សធម៌​ដែល​កើតមាន​នៅក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​ទាំងស្រុង​នោះទេ ហើយក៏​មិន​ត្រូវបាន​ចាត់ទុកថា​ជា​ករណី​សិក្សា​ដ៏​សំខាន់បំផុត​ស្តីពី​ការ​ស្អប់ខ្ពើម និង​ការមិន​អត់ឱន​គ្នា សម្រាប់​ថ្នាក់រៀន​នៅក្នុង​ប្រទេស​កម្ពុជា​ដែរ​។ ទោះបីជា​យ៉ាង​ដូច្នេះ​ក៏ដោយ ក៏​ជម្លោះ និង​អំពើ​អមនុស្សធម៌​ក្នុងករណី​សិក្សា​ដែល​បាន​លើក​យកមក​សិក្សា​នេះ ត្រូវបាន​វិភាគ វែកញែក និង​ចំណាត់ថ្នាក់ ដែល​រាប់​ចាប់តាំងពី​ចិត្ត​វិទ្យា​រហូតដល់​រចនាសម្ព័ន្ធ​ដឹកនាំ​ជាក់លាក់​។ អ្នកនិពន្ធ​ទាំង​៤​រូប​នៅក្នុង​សៀវភៅ​នេះ មាន​ចេតនា​បង្ហាញ​ពី​កា​ប្រព្រឹត្តទៅ​របស់​ពិភពលោក សម្រាប់​អំពើ​ប្រល័យពូជសាសន៍ និង​ការសម្លាប់​រង្គាល​ថា បាន​ប្រព្រឹត្តទៅ​ដែលមាន​លក្ខណៈ​ស្រដៀង​គ្នា ដូចគ្នា និង​ខុសគ្នា អាស្រ័យ​លើ​បរិបទ​ប្រវត្តិសាស្ត្រ ស្ថានភាព​នយោបាយ វប្បធម៌ សាសនា ជាតិពន្ធុ ជាតិ​សាសន៍ និង​អត្តសញ្ញាណ​នៃ​មនុស្ស​ដែល​រស់នៅក្នុង​បរិស្ថាន​ខុសៗ​គ្នា​។​


បណ្ឌិត ជា ផល្លា និង​មេធាវី គ្រីស្តូហ្វ័រ ឌៀ​រីង បាន​សរសេរ​ដូច្នេះ​ថា «​តាមរយៈ​គោល​គំនិត​រួម ករណី​ផ្សេងៗ​នៃ​ការសម្លាប់​រង្គាល កើតឡើង​ដោយសារតែ​កត្តា​ជាតិពន្ធុ និង​ពូជសាសន៍ ខណៈដែល​អំពើ​ឧក្រិដ្ឋកម្ម​ដទៃទៀត អាច​ត្រូវបាន​ចាត់ទុកថា​មាន​លក្ខណៈ​នយោបាយ​។ ក្រៅពី​ធ្វើការ​កំណត់​គោលដៅ​លើ​ក្រុម​សាសនា និង​ជាតិពន្ធុ​ណាមួយ​ដែល​មិន​ប្រតិបត្តិ​តាម ឬ​មិន​សមស្រប​ជាមួយនឹង​ចក្ខុវិស័យ​ជ្រុលនិយម​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់ខ្លួន ចំណុច​ដែល​ខុសប្លែក​ពី​ករណី​សិក្សា​ដែល​បានលើកឡើង​នៅក្នុង​សៀវភៅ​នេះ គឺ​ខ្មែរក្រហម​កំណត់​ក្រុម​គោលដៅ​ដោយ​ផ្អែកលើ​ភាព​អត្តសញ្ញាណ​និង​របៀបវារៈ​នយោបាយ​»​។​

.​ការគាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​
​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ស្ងើចសរសើរ​ចំពោះ​ស្នាដៃ​នេះ និង​បានផ្តល់​ការឯកភាព​ចំពោះ​បេសកកម្ម​អប់រំ ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​ប្រវត្តិសាស្ត្រ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត តាមរយៈ​ការ​ត្រិះរិះ​ពិចារណា និង​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការសិក្សា​យ៉ាង​ស៊ីជម្រៅ​អំពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ដែល​កើតមានឡើង​នៅលើ​ពិភពលោក​។ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ បាន​មានប្រសាសន៍​ដូច្នេះ​ថា «​ក្នុងនាម​ខ្ញុំ​ជា​អ្នក​ចូលចិត្ត និង​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ ខ្ញុំ​ពិតជា​មាន​សេចក្តីសោមនស្ស និង​សូម​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​បាន​ចងក្រង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​មួយចំនួន​ដែលមាន​ការសម្លាប់​រង្គាល​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ដូចជា ប្រទេស​អា​មេ​នី ប្រទេស​អាល្លឺម៉ង់ ប្រទេស​បូ​ស្ន៊ី​-​ហឺ​ហ្សឺ​ហ្គោ​វីន និង​ប្រទេសរ​វ៉ាន់ដា ដើម្បី​បង្កើន​ការយល់ដឹង​ឲ្យ​កាន់តែច្បាស់ និង​ទូលំទូលាយ​ថែមទៀត​។ មានតែ​ឆន្ទៈ មនសិការ ចំណេះដឹង និង​ការយល់ដឹង​ស៊ីជម្រៅ​អំពី​ស្ថានភាព​មនុស្សជាតិ​របស់​យើង​ទេ ទើប​យើង​អាច​រារាំង​បាន​នូវ​ការបំផ្លិចបំផ្លាញ ការ​បំពារបំពាន​ហួសនិស្ស័យ ដែល​ញាំញី​ដល់​សេចក្តីសុខ​របស់​ប្រជាជាតិ​យើង​»​។


​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង អប់រំ យុវជន និង​កីឡា បានបញ្ជាក់​ក្នុងពេលដែល​លោក​ត្រូវបាន​សម្ភាសន៍​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដោយ​រៀបរាប់ថា «​ប្រជាជន​កម្ពុជា​ចំនួន​៧០ ភាគរយ​ដែល​កំពុង​រស់នៅ​សព្វថ្ងៃ មិន​ធ្លាប់​ឆ្លងកាត់​អំពើ​ប្រល័យពូជសាសន៍​ទេ​។ ដូច្នេះ​ការសិក្សា​អំពី​អំពើ​ប្រល័យពូជសាសន៍​នៅ​ប្រទេស​កម្ពុជា និង​នៅ​ជុំវិញ​ពិភពលោក នឹង​ជួយ​ដល់​អ្នក​ទាំងនោះ​ឲ្យ​យល់​អំពី​ប្រវត្តិសាស្ត្រ និង​ធ្វើជា​មូលដ្ឋាន​សម្រាប់​ការសន្ទនា​អន្តរ​ជំនាន់​»​។ លោក​បាន​មានប្រសាសន៍​បន្តថា «​សង្គ្រាមលោកលើកទី ១ និង​ទី ២ និង​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធីសិក្សា​សម្រាប់​ថ្នាក់​ទី​៩ នាពេល​បច្ចុប្បន្ន​» ហើយ​ថា «​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ និង​ការសម្លាប់​រង្គាល ត្រូវបាន​បង្រៀន​នៅ​ថ្នាក់​ទី​១២»​។ លោក​បាន​និយាយទៀតថា «​មាន​ឯកសារ​បន្ថែមទៀត ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ចូល​ទៅក្នុង​កម្មវិធី​បណ្តុះបណ្តាល​គ្រូ ដោយ​ធ្វើ​ការសហការ​ជាមួយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា រួមមាន ៖ ឯកសារ​ស្តីពី​អំពើ​ប្រល័យពូជសាសន៍​ប្រឆាំងនឹង​ជនជាតិ​អា​មេ​នី​, ជនជាតិ​ជ្វី​ហ្វ​នៅ​អាល្លឺម៉ង់​, ជនជាតិ​ឃឺ​ដ​នៅ​អ៊ីរ៉ាក់​, ជនជាតិ​ម៉ូ​ស្លី​ម​នៅ​បូ​ស្នី និង​ជនជាតិ​ទុ​ត​ស៊ី​នៅរ​វ៉ាន់ដា ព្រមទាំង​អំពើ​ប្រល័យពូជសាសន៍​នៅក្នុង​ប្រទេស​កម្ពុជា​ដែរ​»​។​

សន្និដ្ឋាន​
​ជារួម សៀវភៅ​សិក្សា​ថ្មី​នេះ​ដែលមាន​ការគាំទ្រ និង​ទទួលស្គាល់​ជា​ផ្លូវការ​ពី​ក្រសួង អប់រំ យុវជន និង​កីឡា មិន​ត្រឹមតែ​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ ក្នុងការ​បង្កើន​ចំណេះដឹង​សង្គម​និង​ការចងចាំ​ជារួម​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​មធ្យោបាយ​ជាក់លាក់​មួយ​ក្នុងការ​ព្យាបាល​របួស​ផ្លូវចិត្ត​ជនរងគ្រោះ​កម្ពុជា​ប្រមាណ​៥​លាន​នាក់ ដែល​កំពុង​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម និង​ចូលរួមចំណែក​ផ្សះផ្សា​សង្គម​កម្ពុជា​ទាំងមូល ព្រមទាំង​ជា​មាគ៌ា​ដ៏​ភ្លឺស្វាង​មួយ​ឆ្ពោះទៅរក​ការទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍ ការសម្លាប់​រង្គាល និង​អំពើហិង្សា​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​ក្នុងពេល​អនាគត​៕SRN

#