ក្រសួងអប់រំ បានផ្តល់អភិក្រម៤ ចំណុចដល់សាស្ត្រាចារ្យ និងនិស្សិត នៅសាកលវិទ្យាល័យអង្គរ ដើម្បី អភិវឌ្ឍវិស័យអប់រំ

164
ចែករម្លែក

ដោយ:គូលែប/សៀមរាប ៖ ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ របស់សាកលវិទ្យាល័យអង្គរ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ លោក សាន វឌ្ឍនា អនុរដ្ឋលេខាធិការ និង ជាតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ដើម្បីអភិវឌ្ឍវិស័យអប់រំនៅឧត្តមសិក្សា ត្រូវយកចិត្តទុកដាក់នូវ៤ចំណុច។

លោក សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំបាននិយាយថា ដើម្បីអភិវឌ្ឍវិស័យអប់រំនៅឧត្តមសិក្សា ត្រូវយកចិត្តទុកដាក់នូវ៤ចំណុច រួមមានទី១. ការប្រែក្លាយក្របខ័ណ្ឌកម្មវិធីសិក្សាផ្តោតលើលទ្ឋផលកម្មវិធីសិក្សានិងផ្តោតលើសមត្ថភាព គឺចង់ឱ្យនិស្សិតក្រោយបញ្ចប់ការសិក្សាមានសមត្ថភាពអាចធ្វើអ្វីមួយបាន ហើយការអភិវឌ្ឍកម្មវិធីសិក្សា គឺត្រូវស្របជាមួយការអភិវឌ្ឍវិស័យឧស្សាហកម្មនិងបរិបទសេដ្ឋកិច្ចវប្បធម៌កម្ពុជា , ទី២. ការប្រែក្លាយស្ថាប័នឱ្យក្លាយទៅជាមជ្ឈមណ្ឌលសមភាពនៃការវីវដ្តលើជំនាញនិងវិស័យជាក់លាក់ណាមួយ ប្អូនៗមិនគ្រាន់តែជាអ្នកសិក្សានោះទេ ប៉ុន្តែបានចូលរួមផ្តល់ដំណោះស្រាយអ្វីមួយជូនដល់សង្គមជាតិ , ទី៣ ការកែលំអ អភិបាលកិច្ចនិងការគ្រប់គ្រងស្ថាប័ន ពិសេសលើផ្នែករដ្ឋបាល សេវានិស្សិតនិងហិរញ្ញវត្ថុ ព្រមទាំងការបោះជំហានទៅកាន់ការអប់រំបែបឌីជីថល និងទី៤. ការពង្រឹងគុណភាពអប់រំនៃសាកលវិទ្យាល័យ តាមរយៈការលើកទឹកចិត្តឱ្យមានភាពជាដៃគូ , ការបញ្ជូននិស្សិតនិងសាស្ត្រាចារ្យឱ្យកាន់តែច្រើន ធ្វើការផ្លាស់ប្តូរផ្នែកស្រាវជ្រាវ និងការអប់រំរហូតមានការទទួលស្គាល់គុណភាពអប់រំដោយបទដ្ឋានកម្ពុជាមួយ ។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រង និងសាស្ត្រាចារ្យទាំងអស់ នៃសាកលវិទ្យាល័យអង្គរ ដែលបានចំណាយពេលវេលា និងកម្លាំងកាយចិត្ត ជួយបណ្តុះបណ្តាលដល់ប្អូនៗ និស្សិតក្នុង និងក្រៅខេត្ត ឲ្យទទួលបាននូវចំណេះដឹង បញ្ញាស្មារតី និងបានរួមចំណែកជួយលើកកម្ពស់គុណភាពអប់រំ នៅក្នុងខេត្តសៀមរាប។

លោកបានបន្តថា ការងារអប់រំកម្រិតឧត្តមសិក្សា គឺជាត្រីវិស័យមួយយ៉ាងសំខាន់បំផុតក្នុងការកសាងធនធានមនុស្ស ខណៈដែលខេត្តសៀមរាបទាំងមូល ត្រូវតែមានការចូលរួមវិនិយោគឱ្យបានខ្លាំងក្លា ដែលទាមទារជាចាំបាច់ និងបន្ទាន់បំផុតនូវការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ទាំងក្នុងកម្រិតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍ ដើម្បីជួយឱ្យគោលដៅ នៃការអប់រំកម្រិតឧត្តមសិក្ស នេះសម្រេចបានជោគជ័យ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស គឺផ្តើមចេញពីការកសាងសមត្ថភាព និងអប់រំសីលធម៌រស់នៅរបស់និស្សិត ទាំងបញ្ញាស្មារតី កាយសម្បទា មនោសញ្ចេតនា និងបំណិនជីវិតគ្រប់បែបយ៉ាង ដែលជាឱកាសដ៏ល្អបំផុតសម្រាប់អភិវឌ្ឍប្រទេសជាតិនាថ្ងៃអនាគត នៅក្នុងបរិបទសម័យឌីជីថល៕B/