ក្រសួង​ការងារ​ចេញថ្លៃ​ព្យាបាល​ទាំងស្រុង​ដល់​ជនរងគ្រោះ​ថ្នាក់​ចរាចរ​ណ៍​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​

1027
ចែករម្លែក

ដោយ​: ពៅ​និមល / ភ្នំពេញ​: បន្ទាប់​ទទួលដំណឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង រវាង​រថយន្ត​ដឹក​កម្មក​ដូចគ្នា​បណ្តាល​ឲ្យ​រងគ្រោះថ្នាក់​ជាច្រើន​នាក់ ស្ថិតក្នុង​ខេត្ត​ព្រះសីហនុ​។ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តាមរយៈ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) បាន​អះអាងថា នឹង​ចេញថ្លៃ​ព្យាបាល​ទាំងស្រុង និង​ផ្តល់​តាវកាលិក​ទៅដល់​ជនរងគ្រោះ​ទាំងអស់នោះ​។​

​នៅក្នុង​សេចក្តីប្រកាស​ព័ត​មាន ស្តីពី​ឧ​ប​ទ្ទ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ចំណុច​កំណាត់​ផ្លូវជាតិ​លេខ​៤ ភូមិ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ក្រសួង​ការងារ​បានទទួល​ដំណឹង​ថា មាន​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​កម្មករនិយោជិត​ដាច់​ហ្វ្រាំង ទៅ​បោក​ជាមួយ​ដើមឈើ​រួច​ខ្ទាត​ទៅ​ប៉ះ​ជាមួយ​រថយន្ត​ដឹក​កម្មករ​ផ្សេងទៀត កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨​កន្លងទៅ ដែលមាន​កម្មករនិយោជិត​ជិះ​ក្នុង​រថយន្ត​សរុប​ចំនួន​៣៥​នាក់ និង​បាន​បណ្តាល​ឲ្យ​កម្មករនិយោជិត​រងរ​បួស​សរុប​ចំនួន​១៧​នាក់ (​របួសស្រាល​១៤​នាក់ របួសធ្ងន់​០២​នាក់ និង​ស្លាប់​០១​នាក់​)​។ ជនរងគ្រោះ​ទាំងអស់​បានទទួល​ការជួយ​សង្គ្រោះ​ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ត្រី ប​.​ស​.​ស នៃ​ក្រសួង​ការងារ ដោយ​យកចិត្តទុកដាក់​បំផុត​។

​សេចក្តី​ខាងលើ​បន្ថែមទៀតថា ក្រសួង​ការងារ​សូម​ចូល​រំលែក​នូវ​សេចក្តីសោកស្តាយ និង​អាណិត​ស្រលាញ់​ជាទីបំផុត​ជាមួយ​ក្រុមគ្រួសារ​និង​ញាតិមិត្ត​ទាំងអស់​របស់​ជនរងគ្រោះ ហើយ​សូម​ជូនពរ​ដល់​អ្នករ​ងរ​បួស​ទាំងអស់​ឆាប់​បានជា​សះស្បើយ​។ ក្រសួង​ការងារ ក៏​នឹង​បន្ត​ជួយ​ដោះស្រាយ​ទុក្ខលំបាក​របស់​បងប្អូន​កម្មករ កម្ម​ការ​នី និង​ក្រុមគ្រួសារ​ទៅតាម​គោល​របប​សន្តិសុខ​សង្គម​របស់ ប​.​ស​.​ស​៕ ល​