ក្រសួង​ការងារ​និង សាកលវិទ្យាល័យ​ឆាង​អាន​របស់​ចិន​ចុះ​អនុស្សរណៈ រួមគ្នា​ដើម្បី​ពង្រឹង​មុខជំនាញ​វិជ្ជាជីវៈ​

46

ដោយ​:​ដេប៉ូ​/ ភ្នំពេញ ​៖ ​ដើម្បី​ពង្រឹង​លើ​វិស័យ​អប់រំ​ផ្នែក​បណ្តុះបណ្តាល​បច្ចេកទេស​និង​មុខជំនាញ​វិជ្ជាជីវៈ​នោះ​ក្រសួង​ការងារ​និង​វិទ្យាស្ថាន​ចំនួន​៣​របស់​កម្ពុជា ​បានចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​មួយ​ជាមួយ​សាកលវិទ្យាល័យ​ឆាង​អាន ប្រទេស​ចិន​កាលពី​រសៀល​ថ្ងៃទី​១៧ ​ខែឧសភា ​ឆ្នាំ​២០១៨​កន្លងមក​។​
​ ​
​បើតាម លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឲ្យដឹង​ក្រោយ​បញ្ចប់​ពិធី​នេះ​ថា ​វិទ្យាស្ថាន​ទាំង​៣​ដែល​បាន​ចុះ​អនុស្សារណៈ​(MOU)​ជាមួយ​សាកលវិទ្យាល័យ​ឆាង​អាន​នេះ​ គឺ​ស្ថិតក្រោម​ឱវាទ​ក្រសួង​ការងារ​។ ​វិទ្យាស្ថាន​ទាំងនេះ រួមមាន​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI)​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) និង​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះសីហនុ​ជាដើម​។​

​ជាមួយគ្នានេះដែរ​លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សម្តែង​ការស្វាគមន៍​ចំពោះ សកល​វិទ្យាល័យ​ឆាង អាន ចំពោះ​កិច្ចសហប្រតិបត្តិការ​មួយ​នេះ ដែល​វា​ស្របទៅនឹង​គោលនយោបាយ ជា​អតិ​ភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ទៅលើ​វិស័យ​អប់រំ​បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ ។

​លោ​កថា​តាមរយៈ​MOU​នេះ នឹង​ធ្វើឱ្យ​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ គឺ​កម្ពុជា​-​ចិន កាន់​តែមាន​ភាពរឹងមាំ​យូរអង្វែង​បន្ថែមទៀត​។

​ទាក់ទិន​ទៅនឹង​ការចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ដែរ​លោក​បាន មានប្រសាសន៍ថា ​ យុទ្ធសាស្ត្រ​របស់​សាធារណ​:​រដ្ឋ​ប្រជាមានិត​ចិន គឺ​ការអភិវឌ្ឍ​ធនធានមនុស្ស និង​ការអប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​វា​ពិត​ជាមាន​សារៈសំខាន់​ណាស់ ដោយសារតែ​ធនធានមនុស្ស​ដ៏​សម្បូរបែប​នេះហើយ​បានជា​ប្រទេស​ចិន​ជា​មហាអំណាច​សេដ្ឋកិច្ច​នៅលើ​លោក​។

​ដោយឡែក​លោក Zhang Wei នាយករង នៃ​សាកលវិទ្យាល័យ ឆាង អាន​បាន​បញ្ជាក់ថា ខាង​សាកល​វិទ្យាល័យ​​លោក​ប្តេជ្ញា​បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ ដើម្បី​ពង្រឹង​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់​កម្ពុជាឲ្យមាន​ភាព​កាន់តែ​ល្អប្រសើរ​នៅ​ថ្ងៃ​ខាងមុខ​។​

​គួរ​បញ្ជាក់ថា​សកលវិទ្យា​ល័យ ឆាង អាន ជា​សាកលវិទ្យាល័យ​ដ៏​ល្បី​មួយ​នៅ​ប្រទេស​ចិន ជាពិសេស​ផ្នែក​វិស្វកម្ម​សំណង់ សាងសង់​ផ្លូវ និង​ការគ្រប់គ្រង​គមនាគមន៍​សាធារណៈ​។ សាកលវិទ្យាល័យ​នេះ នឹង​ផ្តល់​អាហារូបករណ៍​មកដល់​មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​:​កម្ពុជា កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់ លើ​ផ្នែក​គ្រប់គ្រង​សាធារណៈ ចំនែក​អាហារូបករណ៍​ដល់​ត្រូវ​ផ្តល់ជូន​សាស្ត្រាចារ្យ​នៃ​វិទ្យាស្ថាន​ទាំងបី គឺ​អាស្រ័យទៅលើ​មុខជំនាញ​នីមួយៗ​ដែល​វិទ្យាស្ថាន​មាន​តម្រូវការ​៕B

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​ពិធី ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​(MOU)​ជាមួយនឹង​សាកលវិទ្យាល័យ​ឆាង​អាន​