ក្រសួង​ការងារ​បញ្ជាក់ថា សេចក្តីព្រាងច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​ផ្តោត​សំខាន់​លើ​ផ្នែក​ប្រាក់​សោធន​

1504
ចែករម្លែក

​ដោយ​: ពៅ និមល / ភ្នំពេញ​: ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​នាយក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ុក សមវិទ្យា បាន​លើកឡើងថា នៅក្នុង​សេចក្តីព្រាងច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម ជា​សេចក្តីព្រាងច្បាប់​សំខាន់បំផុត ដើម្បី​ចាប់ផ្តើម​អនុវត្តន៍​បាន​ផ្នែក​ប្រាក់​សោធន ដែល​គ្រោង​នឹងដាក់​ឲ្យ​អនុវត្ត​នា​ឆ្នាំ​២០១៩​ខាងមុខ​។​

​មានប្រសាសន៍​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារ​ព័ត​មាន នៅក្រោយ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​របប​សន្តិសុខ​សង្គម កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨​កន្លង​នេះ លោកនាយក ប​.​ស​.​ស ឲ្យ​ដឹង​ទៀតថា សេចក្តីព្រាងច្បាប់​នេះ​គឺមាន​លក្ខណៈពិសេស​ទូលំ​ទូលាយ​ជាង​មុន និង​មានកំណត់ ប្រភេទ​តាវកាលិក (​ប្រាក់​អត្ថប្រយោជន៍​) ច្រើន​។

លោកនាយក​បាន​បន្តថា ក្រៅពី​ផ្តោត​សំខាន់​លើ​ផ្នែក​ប្រាក់​សោធន សេចក្តីព្រាងច្បាប់ ថ្មី​នេះ មាន​វិសាលភាព​អនុវត្ត​ចំពោះ​បុគ្គល​ដែល​ស្ថិតក្នុង​វិស័យ​សាធារណៈ ជន​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ ដោយ​រួមបញ្ចូល​បុគ្គលិក​ធ្វើការ​តាមផ្លូវ​អាកាស និង​នាវា​សមុទ្រ ព្រមទាំង​អ្នកបម្រើ​តាម​ផ្ទះ និង​បុគ្គល​ស្វ័យ​និ​យោជន៍​។

​នៅក្នុង​ពិធី​បើក​អង្គសិក្ខាសាលា លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានបញ្ជាក់​ថា សេចក្តីព្រាងច្បាប់​ខាងលើ ពិតជា​ឧបករណ៍​គតិយុត្ត​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន​ក្នុងការ​អនុវត្ត​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម និង​បាន​ជម្រុញ​ថ្នាក់ដឹកនាំ នៃ​ប​.​ស​.​ស ត្រូវខិតខំ​អនុវត្ត​ឱ្យបាន​ល្អប្រសើរ​ថែមទៀត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម ក៏ដូចជា​ព្រះរាជក្រឹត្យ អនុក្រឹត្យ និង​លិខិតបទដ្ឋាន​គតិ​យុទ្ធ​នានា​ពាក់ព័ន្ធ ដើម្បី​ឲ្យ​ការអនុវត្ត​ច្បាប់​ថ្មី​នេះ​ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​បំផុត​។​

​សូមជម្រាបថា សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​របប​សន្តិសុខ​សង្គម ក្នុង​គោលបំណង​ពិគ្រោះ​យោបល់ និង​ប្រមូល​ធាតុ​ចូល​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ក្នុងន័យ​បំពេញបន្ថែម​ចំណុច​ណាមួយ​នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​ឲ្យ​ស្របទៅតាម​ស្ថានភាព​សង្គម និង​សេដ្ឋកិច្ច​ដែល​កំពុងអភិវឌ្ឍន៍​ឆ្ពោះទៅមុខ​យ៉ាង​ស្វាហាប់ ប្រកបដោយ​ថាមភាព​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​។ សេចក្តីព្រាងច្បាប់​ថ្មី​នេះ មាន​ជំពូក​សរុប​ចំនួន​១១​ជំពូក និង​មាត្រា​សរុប​ជាង​១០០​មាត្រា​៕