ក្រសួង​ការងារ​ប្រកាសថា​មាន​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ខ្មែរ​មួយកន្លែង​កំពុង​បោកប្រាស់​

1768
ចែករម្លែក

ដោយ​: ដេប៉ូ / ភ្នំពេញ​: ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​សេចក្តីប្រកាស​មួយ​ទាក់ទិន​ទៅនឹង​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​មួយកន្លែង​ឈ្មោះ ស៊ី​ជេ លេ​ប័​រសឹប​ផ្លា​យ (JC LABOUR SUPPLY CO.LTD) ដែល​សព្វថ្ងៃ​មាន​ទីស្នាក់ការ​នៅ​អគារ​លេខ​១៣ ផ្លូវ​២៧១​ក្រុមទី​៧ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឺ​ក​ថ្លា​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​កំពុង​ប្រើ​រូបភាព​ជ្រើសរើស​ពលករ ហើយ​បោកប្រាស់​ពលរដ្ឋ​កម្ពុជា​។​

​ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ ដែល​បានចេញ​ប្រកាស​កាលពី​ថ្ងៃ​ទី​១២​ខែមេសា​ឆ្នាំ​២០១៨ បាន​បញ្ជាក់ថា ក្រុមហ៊ុន​ខាងលើនេះ បានធ្វើការ​ជ្រើសរើស​ព​លករ​ទៅ​បំពេញការងារ​នៅ ប្រទេស​ម៉ាឡេស៊ី ថៃ គូ​វ៉ែត តំបន់​រដ្ឋបាល​ពិសេស​ហុងកុង និង​ប្រទេស​ជប៉ុន ដោយបាន​ក្លែងបន្លំ​សេចក្តីប្រកាស​អនុ​ញ្ញា​ត្តិ​របស់​ក្រសួង​ការងារ​។ កន្លងមក​ក្រុមហ៊ុន​នេះ បាន​បន្លំ​ដោយ​សំអាងថា ខ្លួន​បានទទួល​ការអនុញ្ញាត​ត្រឹមត្រូវ ក្នុងការ​ជ្រើសរើស​ពល​ករ​ទៅ​បំពេញការងារ​នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ទៀតផង​។​

​ប្រភព​ខាងលើនេះ​បញ្ជាក់ថា ដោយសារ​មើលឃើញ​រូបភាព​បោកប្រាស់​នេះដែរ ក្រសួង​កំពុង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​រៀបចំ​សំណុំរឿង​ប្តឹងទៅ​តុលាការ និង​ចាត់វិធានការ​ផ្លូវច្បាប់​។​

​ជាមួយគ្នានេះ ក្រសួង​ការងារ​ក៏បាន​ធ្វើការ​ក្រើនរំលឹក​ដល់​ពលរដ្ឋ​កម្ពុជា ដែលមាន​បំណង​ទៅ​បំពេញការងារ​នៅក្រៅ​ប្រទេស ឱ្យមាន​ការប្រយ័ត្នប្រយែង​ខ្ពស់ មុនពេល​សម្រេច​ចុះឈ្មោះ​ទៅធ្វើ​ការ​តាមរយៈ​ក្រុមហ៊ុន​ណាមួយ ត្រូវ​ត្រួតពិនិត្យ​លើ​បញ្ជី​ឈ្មោះ​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ស្របច្បាប់ ដែល​អនុ​ញ្ញា​ត្តិ​ដោយ​ក្រសួង​ការងារ​៕ ល​