ក្រសួង​ការងារ​ប្រកាស​ជ្រើសរើស​បេក្ខជន​ជាង​ពីរពាន់​នាក់​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​

303
ចែករម្លែក

ដោយ​:គង់​ហេង/កំពង់ចាម​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​វ​:​បាន​សហការ​ជាមួយ អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស (HRD-KOREA) របស់​ក្រសួង​មុខរបរ និង​ការងារ នៃ​សាធារណរដ្ឋ​កូរ៉េ នឹងធ្វើ​ការប្រឡង​តេស្ត​សមត្ថភាព​ភាសា​កូរ៉េ ក្រោម​ប្រព័ន្ធ​អនុញ្ញាត​មុខរបរ​លើក​ទី ១៦ តាម​ប្រព័ន្ធ​កុំព្យូទ័រ ជ្រើស​រើសយក​អ្នក​ប្រឡង​ជាប់​ជា​ស្ថាពរ​លើ​វិស័យ​ឧស្សាហកម្ម​ចំនួន១.៨០០នាក់ និង​វិស័យ​សំណង់​ចំនួន៦០០នាក់ សម្រាប់​ក្របខ័ណ្ឌ​ទូទាំងប្រទេស​ឆ្នាំ​២០១៩​។​

លោក ទូច ពណ្ណរាយ មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​:​ប្រចាំ​មណ្ឌល​កំពង់ចាម​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ២១ មីនា​ថា បេក្ខជន​អាចមក​ទទួល​ពាក្យ និង​ដាក់ពាក្យ​ប្រឡង​នេះ​ចាប់​ថ្ងៃទី១៨ ដល់២១ ខែមីនា ឆ្នាំ​២០១៩ នៅតាម​មណ្ឌល​ចំនួន បួន កន្លែង គឺ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា រាជធានី​ភ្នំពេញ​, នៅ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​:​ខេត្តកំពង់ចាម​, នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវ​:​ខេត្តកំពង់ឆ្នាំង និង​នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ ខេត្តតាកែវ​។​

លោក​ប្រធាន​មណ្ឌល​កំពង់ចាម​បាន​ឲ្យ​ដឹង​ទៀតថា ជាមួយ​នោះ បេក្ខជន​ត្រូវមាន​លក្ខណ​:​សម្បត្តិ កាយសម្បទា​គ្រប់គ្រាន់ និង​សុខ​ភាពល្អ​, មាន​អាយុ​ចាប់ពី ១៨ ដល់ ៣៩ ឆ្នាំ​, មិនមាន​ប្រវត្តិ​ប្រព្រឹត្ត​បទល្មើស មិន​ធ្លាប់​ជាប់ពន្ធនាគារ ឬ​ទោសឧក្រិដ្ឋ​, មិន​ធ្លាប់ធ្វើ​ការខុសច្បាប់ ឬ​បណ្តេញ​ចេញពី​ប្រទេស​កូរ៉េ​,​មានការ​ហាមឃាត់​ក្នុងការ​ចាកចេញ​ពី​ប្រទេស​កម្ពុជា និង​មិន​ធ្លាប់​ស្នាក់នៅ និង​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​លើសពី ប្រាំ ឆ្នាំ​។​

លោក ពណ្ណរាយ បាន​បន្តថា ក្នុងនោះ​បេក្ខជន​ទាំងពីរ​ភេទ​អាច​ជាប់​ស្ថាពរ​បាន ត្រូវ​ឆ្លងកាត់​ការប្រឡង​តាម​ប្រព័ន្ធ​កុំព្យូទ័រ គឺ​ដំបូង​ប្រឡង​អាន និង​ស្តាប់​ភាសា​កូរ៉េ​។ បើ​ជាប់​ដំណាក់កាល​ដំបូង​នេះហើយ​អាច​បន្ត​ប្រឡង​វិញ្ញាសា​ជំនាញ និង​វិញ្ញាសា​ចុង​ក្រោយ គឺ​សម្ភាស​ផ្ទាល់មាត់​។ លទ្ធផល នៃ​ការប្រឡង នឹង​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃទី១៣ ខែសីហា ឆ្នាំ​២០១៩​ខាងមុខនេះ​។​

មន្ត្រី​រូបនេះ​បាន​បន្តថា រយៈ​ពេល​បី​ថ្ងៃ នៃ​ការចែក និង​ទទួល​ពាក្យ​បេក្ខជន​ប្រឡង​ខាងលើ​នៅ​មណ្ឌល​កំពង់ចាម គឺ​យើង​ទទួលបាន​បេក្ខជន​បេ​ក្ខ​នារី​បាន​សរុប​ប្រមាណ ពីរពាន់ នាក់ ដោយ​ក្នុងនោះ​មាន​បេក្ខជន​ប្រហែល ៨០​ភាគរយ ដែល​និយម​លើ​វិស័យ​ឧស្សាហកម្ម និង​វិស័យ​សំណង់​។ ចំណែក​បេ​ក្ខ​នារី​មាន​ចំនួន​តិច​នោះ គឺ​ពួកគាត់​មិន​សូវ​ពេញចិត្ត​នឹង​វិស័យ​ទាំងពីរ​នេះ​។ ដោយ​ស្ត្រី​ភាគច្រើន​ពេញចិត្ត​វិស័យ​កសិកម្ម តែ​ឆ្នាំនេះ​ខាង​ភាគី​កូរ៉េ​មិន​ជ្រើសរើស​ខាង​វិស័យ​កសិកម្ម​ដូច​រាល់​ឆ្នាំ​ទេ​។​

អ្នកស្រី ឃុ​ត ណា​រី ដែល​បានមកពី​ស្រុក​ចម្ការលើ ដើម្បី​ជូន​ស្វាមី​មក​ដាក់ពាក្យ​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​វិស័យ​ឧស្សាហ​កម្មបាន​និយាយថា ធាតុពិត​អ្នកស្រី​ក៏មាន​បំណង​ចង់ទៅ​ធ្វើការ​ប្រទេស​កូរ៉េ​ដែរ តែ​អត់​មានការ​ជ្រើសរើស​ខាង​កសិកម្ម​ដែល​អ្នកស្រី​ពេញចិត្ត​នោះ​។ ម្យ៉ាង​សព្វថ្ងៃ​អ្នកស្រី និង​ស្វាមី​ឈ្មោះ ចាន់ គឹម​ឈាង ក៏​កំពុងធ្វើការ​ងារ​នៅ​រោងចក្រ​កាត់ដេរ ក្រុងភ្នំពេញ​ខាង​ឧស្សាហកម្ម​ស្រាប់​ហើយ​ដែរ​។​

អ្នកស្រី ណា​រី ដែលមាន​វ័យ ២៤ ឆ្នាំ​បាន​បន្តថា ការដែល​ប្តី​អ្នកស្រី​សម្រេច​ដាក់​ខាង​ឧស្សាហ​កម្មនេះ គឺ​កាលពី​ពីរ​ឆ្នាំមុន​គាត់​បាន​ប្រឡង​ជាប់​ខាង​វិស័យ​សំណង់​នេះ​ម្តង​ហើយ ប៉ុន្តែ​ខាង​ប្រទេស​កូរ៉េ​ជា​អ្នក​ជ្រើសរើស​មិនឃើញ​ប​ញ្ជួ​ន​ឈ្មោះ​មក​។ ដូច្នេះ​ឆ្នាំនេះ ក៏​សម្រេច​ចូលរួម​ប្រឡង​សាជាថ្មី ហើយ​យក​ជំនាញ​ខាង​ឧស្សាហកម្ម​វិញ​ម្តង​៕B/