ក្រសួង​ការងារ​ប្រកាស​ពន្យារពេល សម្រាប់​ការស្នើសុំ​ពន្យា​សុពលភាព​បណ្ណ​/​សៀវភៅ​ការងារ​ជនបរទេស រហូតដល់​ថ្ងៃទី​៣០ ខែមេសា​

1017
ចែករម្លែក

​ដោយៈ​ម៉េង​ឆៃ​,​ដេប៉ូ/​ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ពន្យា​ពេល សម្រាប់​ការ​ស្នើសុំ​ពន្យា​សុពលភាព​បណ្ណ​/​សៀវភៅ​ការងារ​ជនបរទេស​រហូតដល់​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨ ។ ដំបូង​ឡើយ ក្រសួង​បានកំណត់​យក​ដំណាច់​ខែមីនា ឆ្នាំ​២០១៨ ជា​ឱ​សាទ​វាទ ក្នុងការ​ពន្យាសុពលភាព​បណ្ណ​/​សៀវ​ភៅ​ការងារ​ជនបរទេស​។

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ(រូបឯកសារ)

​សេចក្តីជូនដំណឹង​ចុះហត្ថលេខា​ដោយ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចុះ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៨ បង្ហាញថា ក្រសួង​បាន​ពិនិត្យឃើញថា ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន និង ជនបរទេស​មួយចំនួន នៅ​មិនទាន់បាន​ស្នើសុំ​ពន្យារ​សុពលភាព​បណ្ណ​/​សៀវភៅ​ការងារ​ជនបរទេស តាម​រយៈ​គេហទំព័រ www.fwcms.mlvt.gov.kh នៅឡើយ ។ ដើម្បី​បញ្ជៀ​ស​ការផាកពិន័យ​តាម​អត្រា​ប្រាក់​ឈ្នួល​យោង​ប្រចាំថ្ងៃ ៤ ម៉ឺន​រៀល ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​ជម្រាប​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន និង​ជនបរទេស ដែល​ប្រកបមុខរបរ​ណាមួយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ជ្រាបថា​ក្រសួង​បាន​ពន្យា​ពេល​សម្រាប់​ការស្នើសុំ​ពន្យារ​សុពលភាព​បណ្ណ​/​សៀវភៅ​ការងារ​ជនបរទេស រហូតដល់​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០១៨​។​

​ក្នុង​សេចក្តីជូនដំណឹង​ដដែល លោក​រដ្ឋមន្ត្រី អ៊ិត សំហេង បាន​ក្រើនរម្លឹក​ដល់​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន និង​ជនបរទេស ដែល​ប្រកបមុខរបរ​ណាមួយ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ប្រញាប់​ស្នើសុំ​ពន្យារ​សុពលភាព​បណ្ណ​/​សៀវភៅ​ការងារ​ជនបរទេស តាមរយៈ​គេហទំព័រ www.fwcms.mlvt.gov.kh ឲ្យ​បាន​មុន​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨ ជា​កំហិត​។​

​ចំពោះ​ការខកខាន​មិនបាន​ព​ន្យា​រ​សុពលភាព​បណ្ណ​/​សៀវភៅ​ការងារ​ជនបរទេស មុន​កាលកំណត់ ត្រូវបាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លើកឡើងថា ក្រសួង​ការងារ នឹង​ចាត់វិធានការ​ផាកពិន័យ​តាម​ទោស​ប្បញ្ញត្តិ​ក្នុង​ជំពូក​ទី​១៦ នៃ​ច្បាប់​ស្តីពី​ការងារ និង​បទ​ប្បញត្តិ ជា​ធរមាន​។​

​ច្បាប់​ស្តីពី​ការងារ នៅ​ជំពូក​ទី​១៦ ស្តីពី ទោស​ប្បញ្ញត្តិ ក្នុង​មាត្រា ៣៧២ ចែងថា “​ជន​ណា​ដែល​ទទួល​ឲ្យ​ធ្វើការ ឬ​រក្សាទុក​ឲ្យ​ធ្វើការ​នូវ​ជនបរទេស ដែល​គ្មាន​សៀវភៅ​ការងារ​អនុញ្ញាត​ឲ្យ​ប្រកបការងារ​មាន​ប្រាក់​ឈ្នួល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ទទួលទោស​ពិន័យ​ពី​ហុកសិប​មួយថ្ងៃ ទៅ​កៅសិប​ថ្ងៃ​នៃ​ប្រាក់​ឈ្នួល​យោង​ប្រចាំថ្ងៃ ឬ​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ពី​ប្រាំ​មួយថ្ងៃ ទៅមួយ​ខែ​។ ក្នុងករណី មិន​រាងចាល ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនា​គារ ពីមួយ​ខែ ទៅ​បី​ខែ​”៕មន