ក្រសួង​ការងារ និង​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​បង្ហាញ​គោលជំហ​រួមគ្នា​អភិវឌ្ឍ​ធនធានមនុស្ស​

198
ចែករម្លែក

ដោយ​: ដេប៉ូ / ភ្នំពេញ​: ដើម្បី​ជំរុញ​លើ​យុវជន​ឱ្យ​កាន់​តែមាន​សមត្ថភាព​លើ​មុខជំនាញ​វិជ្ជាជីវៈ និង​អាច​ប្រកួតប្រជែង​លើ​ទីផ្សារ​កាន់តែ​ប្រសើរឡើង​ថែមទៀត​នោះ ក្រសួង​ការងារ​និង​សហ​មាគ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​បានរួម​គ្នា​មួយ ក្នុងការ​បង្កើន​គុណភាព​ការសិក្សា​ក៏ដូចជា​ជំនាញ​វិជ្ជាជីវៈ​ដល់​សិស្ស​-​និស្សិត ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​នា​ថ្ងៃ​ខាងមុខ​។​

ជំនួប​ពិភាក្សា​ការងារ​រវាង​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាមួយនឹង លោក ហេង វ៉ាន់ដា ប្រធាន​សមាគម គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា កាលពី​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០១៩​

​ការបង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្រោយពី​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាមួយនឹង លោក ហេង វ៉ាន់ដា ប្រធាន​សមាគម គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា កាលពី​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០១៩​នេះ​។​

​ថ្លែង​ក្នុង​ពិធី​នេះ លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​មានប្រសាសន៍ថា កាលពី​២០​ឆ្នាំមុន ឧ​ត្ត​ម​សិក្សា​ស្ថិតក្នុង​ស្ថានភាព​មួយ នៅ​ក្មេងខ្ចី​នៅឡើយ ប៉ុន្តែ​ក្នុងពេល​បច្ចុប្បន្ន​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់ និង​មាន​វឌ្ឍនភាព​ច្រើន តាំងពី​ការចាប់ផ្តើម​បរិមាណ​តិចតួច​រហូតដល់​គុណភាព​។​

​លោក​បាន​បន្ថែមថា នា​កន្លងមក​គ្រឹះស្ថាន​ឯកជន​នេះ​បាន​ចូលរួម​វិភាគទាន​ដ៏​មានតម្លៃ ពោលគឺ​បាន​ស្រូប​ទាញ​យុវជន យុវនារី​ដែល​បាន​ប្រឡង​ជាប់​ចំណេះ​ទូទៅ ចូលមកក្នុង​គ្រឹះស្ថាន និង​បានរួម​ចំណែក​ដោះស្រាយ​សង្គម​ដ៏​ធំ​មួយ​ដែលជា​កិច្ច​ការរួម​របស់​យើងទាំងអស់គ្នា​។ ទាក់ទិន​ក្នុង​រឿងនេះ លោក​រដ្ឋមន្ត្រី​បានលើកឡើង​ផង​ថា “ កម្លាំង​ពលក​កម្ម​ជំនាញ និង​បច្ចេកទេស ភាគច្រើន​ចេញពី​គ្រឹះស្ថាន​ឯកជន និង​បាន​ក្លាយជា​ប្រភពធនធាន​មនុស្ស​ដ៏​សំខាន់​របស់​ប្រទេសជាតិ​”​។​

​ដោយឡែក​បើតាម លោក ង៉ុ​យ រិ​ទ្ធ នាយករង​ខុទ្ទកាល័យ​រដ្ឋមន្ត្រី នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យដឹង​ដែរ​ថា ក្នុងជំនួប​ពិភាក្សារ​នេះ ក្រៅពី​ចង់​ស្វែងយល់​បន្ថែម​ពាក់ព័ន្ធ​វិស័យ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សមាគម​ក៏បាន​ពិភាក្សា​ការងារ​មួយចំនួន​ដែល​ចង់បាន​កិច្ចសហប្រតិបត្តិការ រួមជាមួយ​ក្រសួង ដូច្នេះ​តាមរយៈ​ការលើកឡើង​នូវ​យោបល់​មួយចំនួន​នេះ លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​ឯកភាព​ឲ្យ​បង្កើត​ទៅជា​ក្រុមការងារ​ចម្រុះ​មួយ​ដែលមាន​លោក​រដ្ឋមន្ត្រី​ជា​សហប្រធាន ជាមួយនឹង​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា ដើម្បី​រួមគ្នា​អនុវត្ត​ទៅលើ​អ្វី​ដែលជា​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ការបង្កើន​នូវ​គុណភាព​សិក្សា និង​គុណ​វុ​ឌ្ឍ​ជាតិ ក៏ដូចជា​ធនធានមនុស្ស​ក្នុង​ក្របខណ្ឌ​អប់រំ និង​វិជ្ជាជីវៈ ហើយ​រួមទាំង​ការចូលរួម​ក្នុងការ​អភិវឌ្ឍ​វិស័យ​ការងារ ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង ការរីកចម្រើន​របស់​ប្រទេសជាតិ​របស់​យើង ព្រោះថា​កន្លងមក​រវាង​វិស័យ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មិនទាន់មាន​យន្តការ​ជាមួយគ្នា​ដើម្បី​បង្កើន​ការឆ្លើយតប​ទៅលើ​ការវិវឌ្ឍ​ថ្មីៗ​បន្ថែមទៀត​។​

​បើតាម​លោក​លោក ង៉ុ​យ រិ​ទ្ធ ក្រោយ​ជំនួប​នេះ​ទៅ ភាគី​សមាគម និង​ក្រសួង​ការងារ នឹង​បញ្ជូន​សមាសភាព​រៀងៗ​ខ្លួន​ដើម្បី​បង្កើត​ក្រុមការងារ​រួម​ជំរុញ​ឲ្យ​ប្រសើរឡើង​នូវ​ការអភិវឌ្ឍន៍​ផ្នែក​ធនធានមនុស្ស ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​គោលនយោបាយ​នានា ដូចជា​គោលនយោបាយ​ជាតិ​ស្តីពី​មុខរបរ និង​ការងារ និង​គោលនយោបាយ​ជាតិ​ស្តីពី​ការអប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាដើម​៕