ក្រសួង​ការបទេស​កម្ពុជា​-​វៀតណាម ប្រជុំ​ពិគ្រោះ​យោបល់​នយោបាយ​

489
ចែករម្លែក

ដោយ​: មុនី​រ័ត្ន​
​ភ្នំពេញ​:
ក្រសួង​ការបទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ប្រជុំ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នយោបាយ​រវាង​ក​ម្ពុ​ជា​-​វៀតណាម លើក​ទី​៦ នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ទីស្ដីការ​ក្រសួងការបរទេស​នៅ​ទីស្ដីការ​ក្រសួងការបរទេស​។​

​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោកស្រី អ៊ា​ត សោភា រដ្ឋលេខាធិការ និង​ភាគី​វៀតណាម ដឹកនាំ​ដោយ​លោក​Nguyen Quoc Dung អនុរដ្ឋមន្ត្រី​ការបរទេស វៀតណាម​។​

​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​នេះ រៀបចំឡើង​ផ្អែកលើ «​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​» ដែល​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​២០០១ ក្នុង​គោលបំណង​ពិនិត្យឡើងវិញ វាយតម្លៃ និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​គ្រប់​វិស័យ​។​

​កម្ពុជា​-​វៀតណាម មាន​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព​ដ៏​យូរអង្វែង និង​ជា​ប្រវត្តិសាស្ត្រ​ដែល​បច្ចុប្បន្ន កំពុង​ត្រូវបាន​បន្ត​ពូន​ជ្រុំ​ដោយ​ឈរលើ​មូលដ្ឋាន​បាវចនា «​ភាពជា​អ្នកជិតខាង​ល្អ​មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​រឹងមាំ​យូរអង្វែង​”​។ ជាមួយនឹង​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​នៅ​គ្រប់​កំរិត និង​ការជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​យ៉ាងសកម្ម កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​កម្ពុជា​-​វៀតណាម លើក​ទី​៦ នាពេលនេះ នឹង​លើកកម្ពស់​ថែមទៀត​ទំនាក់ទំនង​មិត្តភាព ស្មារតី​សាមគ្គីភាព​និង​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​ពហុភាគី​។​

​របៀបវារៈ​កិច្ចប្រជុំ​ខាងលើ រួមមាន​ការពិភាក្សា និង​វាយតម្លៃ​រួមគ្នា​លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​សំខាន់ៗ ដូចជា នយោបាយ សន្តិសុខ ការពារជាតិ ពាណិជ្ជកម្ម​និង​វិនិយោគ ការអប់រំ និង​អភិវឌ្ឍ​ធនធានមនុស្ស ទេសចរណ៍ វប្បធម៌ ការងារ ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​រចនាសម្ព័ន្ធ​ស្ថាប័ន និង​វិស័យ​សុខាភិបាល និង​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​នានា សំដៅ​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី ឲ្យ​ឈានឆ្ពោះ​ឡើង​កម្រិត​ថ្មី​មួយទៀត​។ ព្រម​ជាមួយគ្នានេះដែរ ភាគី​ទាំងពីរ​ក៏​នឹង​ផ្លាស់ប្តូរ​យោបល់​គ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលមាន​ការយកចិត្ត​ទុកដាក់​រួម​។​

​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ ក៏​នឹង​ពិភាក្សា​ផងដែរ​អំពី​ការត្រៀម​លក្ខណៈ​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម លើក​ទី​១៧ ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដឹកនាំ​ដោយ​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ទាំងពីរ ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​កម្ពុជា​ក្នុង​ខែសីហា ឆ្នាំ​២០១៩ ខាងមុខ​៕ ល​