ក្រសួង​ចង់ឱ្យ​រួមគ្នា​បង្កើត​សមាគម​អាកាសចរណ៍​ដើម្បី​ពង្រីក​ការហោះហើរ​ទៅ​គោលដៅ​សំខាន់ៗ​

188
ចែករម្លែក

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​លោក​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នា​ថ្ងៃទី​២៨​ខែសីហា​ឆ្នាំ​២០១៩​នេះ​បាន​បើក​កិច្ចប្រជុំ​ជាមួយ​តំណាង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​កម្ពុជា​។​ព្រមទាំង​វិស័យ​ឯកជន​ពាក់ព័ន្ធ​ដោយ​ស្នើឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងនេះ​រួមគ្នា​បង្កើត​«​សមាគម​អាកាសចរណ៍​»​ដើម្បី​ចូលរួម​ការផ្សព្វផ្សាយ​និង​ពង្រីក​ការហោះហើរ​ត្រង់​បន្ថែម​ទៅកាន់​គោលដៅ​ទេសចរណ៍​សំខាន់ៗ​នៅ​ជុំវិញ​ពិភពលោក​។​

​លោក​ថោង​ខុន​បានឱ្យដឹងថា​នេះ​ជា​លើកដំបូង​ហើយ​ដែល​ក្រសួងទេសចរណ៍​រដ្ឋលេខា​ធិ​ការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​និង​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ទាំង​៥(​រួមទាំង​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា​អង្គរ​អ៊ែរ​)​។​បាន​ជួបជុំ​កិច្ចពិភាក្សា​ពង្រឹងគុណភាព​សេវា​ទេសចរណ៍​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ការចូលរួម​ផ្សព្វផ្សាយ​និង​ការសិក្សា​ពិគ្រោះ​ពិនិត្យ​អំពី​ទីផ្សារ​គោលដៅ​ទេសចរណ៍​សំខាន់​នៅក្នុង​តំបន់​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ​ថោង​ខុន​បានស្នើ​ឱ្ប​ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​៥​ក្រោម​អាណាព្យាបាល​របស់​រដ្ឋលេខា​ធិ​ការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ពិចារណា​រួមគ្នា​បង្កើត «​សមាគម​អាកាសចរណ៍​ក្នុងស្រុក​» ដើម្បី​ងាយស្រួល​ក្នុងការ​ពិគ្រោះ និង​ដោះស្រាយ​ការងារ​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ធ្វើដំណើរ​ផ្លូវអាកាស អោយបាន​រលូន​។​

​ចំពោះ​ការបង្កើតអោយមាន​សមា​គម​អាកាសចរណ៍​ក្នុងស្រុក​នេះ​ត្រូវបាន​តំណាង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល និង​ក្រុមហ៊ុន​អាស​ចរណ៍​ទាំង ៥ សារ​ទរ និង​ឯកភាព​ចំពោះ​គំនិត​ផ្តួចផ្តើម​នេះ ព្រោះថា ឥឡូវ​យើង​មាន​ក្រុមហ៊ុន​អាស​ចរណ៍​ក្នុង​ស្រក ៥ អាច​បង្កើតជា​សមាគម​ជា​បាន​ហើយ​។​

​តាមរយៈ​ការបង្កើត​សមាគម​នេះ​នឹង​ជំរុញ​ឱ្យ​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​ខិតខំ​ផ្តល់​សេវា​ល្អ​និង​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួនទៀត​រួមមាន​៖​ការរៀបចំ​ទស្សនា​វ​ដ្តី​ផ្សព្វផ្សាយ​ការហោះហើរ​ក្នុងស្រុក ( InflightMagazine)​។​វីដេអូ​ផ្សព្វផ្សាយ​ពី​កម្ពុជា​(InflightVideoEntertainment)​។​ការប្រកាស​ពត៌មាន​នៅ​លើ​យន្តហោះ​(Announcement)​ឱ្យបាន​ច្រើន​ភាសា​ស្រប​នឹង​ប្រភេទ​អ្នក​ដំណើរការ​ផ្តល់ដំណឹង​អំពី​ការពន្យារពេល និង​សុំ​កុំអោយ​មានការ​លុប​ជើងហោះហើរ​ញឹកញាប់​។

​ព្រមជាមួយ​នោះ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ក៏បាន​ស្នើ​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច​ពិចារណា​លើ​ការកាត់បន្ថយ​ពន្ធ​ខ្លះ​ដែល​ពាក់​ពន្ធ​លើ​ការ​ចុះចត​នៅតាម​ព្រលានយន្តហោះ​អន្តរជាតិ​និង​ជួយ​អន្តរាគមន៍​ទៅ​ប្រទេស​គោលដៅ​មួយចំនួន​ក្នុង​ការជួយ​សំរួល​ម៉ោង​ហោះហើរ​និង​ចុះចត​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​យើង​ផងដែរ​។​

​សូមបញ្ជាក់ថា​បច្ចុប្បន្ន​កម្ពុជា​បាននិងកំពុង​ត​ភ្ជាប់​ជើងហោះហើរ​ត្រង់​ទៅកាន់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ចំនួន​៨​ប្រទេស​(​រួមមាន​ប្រទេស​ថៃ​វៀតណាម​ឡាវ​ហ្វីលីពីន​ឥណ្ឌូនេស៊ី​សឹង្ហ​បុរី​ម៉ាឡេស៊ី​និង​មី​យ៉ាន់​ម៉ា​)​អាស៊ាន​បូក​បី​អារ៉ាប់​និង​ត​ភ្ជាប់​ជើងហោះហើរ​ត្រង់​ទៅកាន់​បណ្តា​ប្រទេស​នានា​ទៀត​នៅ​ពិភពលោក​។​

​នាឱកាស​នោះ​លោក​រដ្ឋមន្ត្រី​ក៏បាន​ជំ​រុញឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងឡាយ​ត្រូវ​សិក្សា​លើ​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​បន្ថែម​ពី​រាជធានី​ភ្នំពេញ​ខេត្តសៀមរាប​និង​ខេត្ត​ព្រះសីហនុ​ទៅកាន់​គោលដៅ​ទេសចរណ៍​សំខាន់ៗ​ក្នុង​តំបន់​អាស៊ាន​អាស៊ី​និង​គោលដៅ​ទេសចរណ៍​ដ៏​មាន​សក្តា​ពល​និង​ស្នើ​សុំឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ទាំងអស់​ចូលរួម​ក្នុង​គ្រប់​កម្មវិធី​និង​ព្រឹត្តិការ​ណ៏​ទេសចរណ៍​សំខាន់ៗ​នៅក្រៅ​ប្រទេស​ផងដែរ​។​

​លោក​ក៏បាន​ស្នើ​ដល់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​កម្ពុជា​ព្រមទាំង​វិស័យ​ឯកជន​ពាក់ព័ន្ធ​ពិសេស​សមាគម​ឧស្សាហកម្ម​ទេសចរណ៍​នានា​សូម​រៀបចំ​ឱ្យមាន​ការជួបប្រជុំគ្នា​ជាមួយ​ក្រសួងទេសចរណ៍​ឱ្យបាន​១​ខែ​ឫ​៣​ខែ​ជួបជុំគ្នា​ម្តង​៕S/​