ក្រសួង​ចុះ អនុស្សារណៈ​យោគ​យល់​​គ្នា ជាមួយ​សាកលវិទ្យាល័យ និង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍ របស់​ចិន​

233
ចែករម្លែក

ដោយ​:មូល​សម្បត្តិ​/ភ្នំពេញ​ ៖ ក្នុងឱកាស​នៃ​ដំណើរ​ចូលរួម​ពិ​ពណ៌​ចិន​-​អាស៊ាន​លើក​ទី​១៦ នៅ​ទីក្រុង​ណា​នី​ង លោក​រដ្ឋមន្ត្រី ថោង ខុន បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​បណ្តុះ​បណ្តាល​ជំនាញ និង​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ រវាង​ក្រសួងទេសចរណ៍​ជាមួយនឹង​សាកលវិទ្យាល័យ​ហេ​ណា​នណ​ក​ម៉​ល (Henan Normal University) សាលា​បណ្តុះបណ្តាល​បច្ចេក​ទេស ឧស្សាហកម្ម​ធុន​ស្រាល​គ័ង​ស៊ី​ទី​០២ (Guangxi Second Light Industry Senior Technical School) និង​ក្រុមហ៊ុន​វិនិយោគ​ការអប់រំ​ហាន​ស៊ី​ខ្វាង​ស៊ី (Guangxi Hansi Education Investment Co. Ltd.)​។ ការចុះហត្ថលេខា​នេះ​បានធ្វើ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពី​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង កាលពី​ថ្ងៃទី ២១ ខែកញ្ញា នៅ​ទីក្រុង​ណា​នី​ង​។​

​អនុស្សារណៈ​បាន​គូសបញ្ជាក់​អំពី​ខ្លី​ម​សារៈសំខាន់​ស្តីអំពី​ការបណ្តុះបណ្តាល​ជំនាញ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ចូលរួម​ជំរុញ​ការអភិវឌ្ឍ​សមត្ថភាព​របស់​អ្នកជំនាញ​ទេសចរណ៍ និង​ប្រតិបត្តិ​ករ​ទេសចរណ៍ ជាពិសេស​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នៃ​ភាពជា​ដៃគូ​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ និង​ការអភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក​/ កម្មវិធីសិក្សា​ពី​ចម្ងាយ​សម្រាប់​បណ្តុះបណ្តាល​ជំនាញ និង​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ និង​ការ​ជម្រុញ​បង្កើត​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជា​ជី​វះ​ទេសចរណ៍​នៅ​កម្ពុជា​។​

​នៅក្នុង​ព្រឹត្តិការណ៍​ដោយឡែក​មួយទៀត កាលពី​ថ្ងៃទី​២០ កញ្ញា ឆ្នាំ​២០១៩ លោក​រដ្ឋមន្ត្រី​ក៏បាន​អញ្ជើញ​ទស្សនកិច្ច នៅ​សាលា​បណ្តុះបណ្តាល​បច្ចេកទេស ឧស្សាហកម្ម​ធុន​ស្រាល​គ័ង​ស៊ី​ទី​០២ (Guangxi Second Light Industry Senior Technical School)​។ ក្នុង​កិច្ចពិភាក្សា​ជាមួយ​គណៈ​គ្រប់គ្រង​សាលា លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជា់ក់​ប្រាប់​ភាគី​ចិន អំពី​សភាពការណ៍​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កម្ពុជា និង​សេចក្តី​ត្រូវ​ចាំបាច់​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ផ្នែក​ជំនាញ​វ​ជ្ជា​ជីវៈ​ទេសចរណ៍ ដើម្បី​ឆ្លើយតប​អោយបាន​ទាន់ពេលវេលា​ចំពោះ​កំណើន​ទេសចរ​ដែល​កំពុង​កើនឡើង​នៅ​កម្ពុជា ទាំង​ទេសចរ​ជាតិ និង​អន្តរជាតិ​។

​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា “ វិស័យ​ទេសចរណ៍​ជា​វិស័យសេដ្ឋកិច្ច​មួយ​ដែល​ត្រូវ​ការជំនាញ​ច្បាស់លាស់ ” ទើប​អាច​អភិវឌ្ឍន៍​ប្រកបដោយ​គុណភាព និង​និរន្តរភាព​បាន​។ កម្ពុជា មាន​ផែនការ​បំពាក់បំប៉ន និង​បណ្តុះបណ្តាល​ផ្តល់​ជំនាញ​វិជ្ជាជីវៈ​ដល់​បុគ្គលិក​បំរើការ​ក្នុង​វិស័យ​ទេសចរណ៍​អោយបាន​ប្រមាណ ៥០% នៅ ឆ្នាំ​២០២០ និង ១០០% នៅ​ឆ្នាំ ២០២៥​។ ក្នុងនោះ​សេចក្តីត្រូវការ​នៃ​ការជំរុញ​ការបង្កើត​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ អោយបាន​ច្រើន​គឺជា​បញ្ហា​គ​ន្លិះ​មូលដ្ឋាន ដែល​លោក​រដ្ឋមន្ត្រី សំណូមពរ​អោយ​ភាគី​ចិន​ជួយ​ដល់​កម្ពុជា ទាំង​ការផ្តល់​អាហារូបករណ៍ ទាំង​ការវិនិយោគ​បង្កើត​សាលា​បណ្តុះបណ្តាល អោយបាន​ច្រើន​។​

​ភាគី​ចិន​បាន​សំដែង​ការគាំទ្រ និង​យល់ស្រប​ទាំងស្រុង​ចំពោះ​ការលើកឡើងរ​ស់លោករ​ដ្ឋ​មន្ត្រី ហើយ​សន្យា​ជំរុញ​ការអនុវត្ត​អនុស្សារណៈ​យោគយល់​គ្នា​នេះ​អោយមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​សូមបញ្ជាក់ថា នៅ​ឆ្នាំ​២០២៥​កម្ពុជា ត្រូវការ​បំពាក់បំប៉ន និង​ផ្នែក​ជំនាញ​វិជ្ជា​វៈ​ទេសចរណ៍​ដល់​បុគ្គលិក​បំរើការ​ក្នុង​វិស័យនេះ​ប្រមាណ ១​លាន​២​សែន​នាក់ ដើម្បី​ឆ្លើយតប​នឹង​ចំនូ​ន​ទេសចរ​អន្តរ​ជាតិប្រមាណ​ជាង ១១​លាន​នាក់ និង​ទេសចរ​ក្នុងស្រុក រាប់លាន​នាក់​ផងដែរ​៕B/