ក្រសួង​តម្រូវ​ឲ្យ​ម្ចាស់​អាជីវកម្ម​ទេ​ចរណ៍​ត្រូវ​តាំង​ព្រះ​ឆាយា​លក្ខណ៍ និង​សរសេរ​អក្សរ​ខ្មែរ​ធំ​ជាង​អក្សរ​បរទេស លើ​ស្លាក​អាជីវកម្ម​ ​

374

(​ភ្នំពេញ​) ៖ ក្រសួងទេសចរណ៍ បានចេញ​សេចក្ដីជូនដំណឹង​ដោយ​តម្រូវ​ឲ្យ​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​ទាំងអស់​ដាក់តាំង​ព្រះ​ឆាយ​លក្ខណ៍​​ព្រះមហាក្សត្រ សម្តេចព្រះ​បរម​រតន​កោដ្ឋ និង​សម្តេច​ព្រះវររាជ​មាតា នៅ​គ្រប់កន្លែង​អាជីវកម្ម​ខ្លួន​។ ក្រៅពីនេះ ម្ចាស់​អាជីវកម្ម​ក៏ត្រូវ​​សរសេរ​អក្សរ​ខ្មែរ ឲ្យ​មាន​ទំហំ​ធំ​ជាង​អក្សរ​បរទេស លើ​ស្លាក​ឈ្មោះ​អាជីវកម្ម​ផងដែរ​។
​ ​
​យោងតាម​សេចក្ដីជូនដំណឹង ក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា ដើម្បី​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍ ប្រកបដោយ​ភាព​ទាក់ទាញ ផ្ដល់​ភាពកក់ក្ដៅ​ដល់​ភ្ញៀវទេសចរ​នោះ ក្រសួង​ក៏បាន​បញ្ជា​ឲ្យ​គ្រប់​អាជីវកម្ម​ទេសចរណ៍​ទាំងអស់​ត្រូវដាក់​តាំង​ព្រះ​ឆាយ​លក្ខណ៍​ព្រះករុណា​​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី សម្តេចព្រះ​មហាវីរក្សត្រ ព្រះ​នរោត្តម សីហនុ ព្រះ​មរ​ប​រតន​កោដ្ឋ​និង​​សម្តេចព្រះ​វ​រាជមាតា​ជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ​។

​អាជីវកម្ម​ទេសចរណ៍​ទាំងអស់នោះ​រួមមាន អាជីវកម្ម​ស្នាក់នៅ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ការី​ទេសចរណ៍ ភ្នាក់ងារទេសចរណ៍​កីឡា​​ទេសចរណ៍ ដឹកជញ្ជូន​ទេសចរណ៍ សេវា​កម្សាន្ត​ទេសចរណ៍ និង​រមណីយដ្ឋាន​ទេសចរណ៍​។​
​ ​
​សេចក្ដីជូនដំណឹង​រប​ស់​ក្រសួងទេសចរណ៍ ក៏បាន​សង្កត់ធ្ងន់ថា កន្លែង​ទទួលភ្ញៀវ​និង​សាលប្រជុំ​ត្រូវដាក់​តាំង​ព្រះ​ឆាយ​លក្ខណ៍​នៃ​អាជីវ​កម្ម​ទេសចរណ៍​នីមួយៗ ។ ជាពិសេស​ត្រូវ​តុបតែង​លម្អ ផ្នែក​ខាងក្នុង​និង​ខាងក្រៅ ដែល​បង្ហាញ​ពី​ស្ថាបត្យកម្ម​សិល្បៈ​វប្បធម៌​ខ្មែរ​។ ក្រៅពី​ការដាក់​តាំង​ព្រះ​ឆាយ​លក្ខណ៍ គ្រប់​អាជីវកម្ម​ទេសចរណ៍​ទាំងអស់ ត្រូវដាក់​ស្លាក​ឈ្មោះ​ជា​សរសេរ​អក្សរ​ខ្មែរ​នៅ​ពីលើ​អក្សរ​បរទេស ហើយ​ធំ​ជាង​អក្សរ​បរទេស​។ ចំណែក​បញ្ជី​មុខទំនិញ និង​មុខម្ហូប​វិញ ត្រូវ​ប្រើ​អក្សរ​ខ្មែរ អម​ជាមួយ​អក្សរ​អង់គ្លេស ឬ​អក្សរ​ដទៃទៀត ដែល​ចាំបាច់​ក្នុង​ការប្រើ​។​
​ ​
​ក្រសួងទេសចរណ៍ ក៏បាន​ហាមឃាត់ ចំពោះ​ការដាក់​រូបចម្លាក់ ផ្ទាំងគំនូរ ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ នៅ​កន្លែង​មិន​សមរម្យ ដូចជា ក្រោម​កាំជណ្ដើរ បន្ទប់ទឹក និង​បន្ទប់​ស្ប៉ា​ជាដើម​។ ជាមួយគ្នានេះ កន្លែង​ទទួលភ្ញៀវ​ត្រូវមាន​បញ្ចាំង​ខ្សែ​វីដេអូ​ខ្លីៗ បង្ហាញ​ពី​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និង​របាំ​ប្រពៃណី​ខ្មែរ​ផងដែរ​។​

​យោងតាម​សេចក្ដីជូនដំណឹង​ដដែល គ្រប់​អាជីវកម្ម​ទាំងអស់ ត្រូវ​ប្រើប្រាស់​ផលិតផល​ដែលជា​ស្នាដៃ​ខ្មែរ​ឲ្យ​បាន​ច្រើន និង​សមស្រប​ទៅតាម​តំបន់​។ ម្យ៉ាងទៀត ត្រូវ​ចេះ​ទទួល​ទស្សនទាន​ថ្មី​នៃ​ភាព​បៃតង និង​ភាព​ស្អាត​ជានិច្ច​៕ដោយ៖វិបុល