ក្រសួង​ត្រួតពិនិត្យ​ផ្តល់​របប​គោលនយោបាយ​ដល់​ជនពិការ​ក្រីក្រ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស

352
ចែករម្លែក

ដោយ​:គង់​ហេង/កំពង់ចាម​ ៖ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន និង​កំពុង​ត្រួតពិនិត្យ​ដើម្បី​ផ្តល់នូវ​របប​គោលនយោបាយ ជូន​ជនពិការ​ក្រីក្រ​នៅតាម​បណ្តា​ខេត្ត​នានា​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស គឺ​សំដៅ​លើកកម្ពស់​បងប្អូន​ជនពិការ​ប្រភេទ​នេះ ឲ្យ​ទទួលបាន​តាម​គោលការណ៍​កំណត់ ឲ្យ​បាន​ត្រឹមត្រូវ​។ ដោយ​រយ​:​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​ក្រសួង​មួយ​នេះ បានផ្តល់​របប​គោលនយោបាយ​នេះ​ជូន​ពួកគាត់​បាន​ចំនួន​សរុប​ជាង មួយ​ម៉ឺន នាក់ នៅក្នុង​ខេត្ត​ចំនួន ១០​។​

នៅក្នុង​ពិធី​ចែក​ប័ណ្ណ​សង្គមកិច្ច និង​បើកប្រាក់​របប​គោលនយោបាយ ដល់​ជនពិការ​ក្រីក្រ​ចំនួន នៅក្នុង​សាលាស្រុក​កោះសូទិន ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃទី១៩ មីនា​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​ថ្លែងថា បច្ចុប្បន្ន​ជន​មាន​ពិការភាព​មិនត្រូវ​រើសអើង​ឡើយ​ពោល គឺ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​វិស័យ​ពិការ​ភាពជា​ការងារ​អា​ទិ​ភាព នៃ​វិស័យ​អាទិភាព​សំខាន់ៗ ដទៃ​ផ្សេងទៀត​។

លោក វង សូត បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា ក្នុងនោះ​រាជរដ្ឋាភិបាល បានកំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ដើម្បី​អនុវត្តន៍​គោលនយោបាយ ពិការភាព​តាមរយ​:​ការពង្រឹង​ការអនុវត្ត​ច្បាប់ ស្តីពី​ការការពារ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ ជំរុញ​កិច្ចការពារ​លើកកម្ពស់​សិទ្ធិ សុខុមាលភាព​ជនពិការ ពង្រឹងគុណភាព និង​ប្រសិទ្ធភាព របស់​សេវា​មូលនិធិ​ជនពិការ​នោះ​។​

លោក​រដ្ឋមន្ត្រី​បាន​បាន​បន្តថា ជាក់ស្តែង​ឆ្នាំ​២០១៨ កន្លងទៅ មាន​ជនពិការ​ចំនួន ២.៨៣៩ នាក់​បាន​ចូល​បម្រើ​ការងារ​ជា​មន្ត្រីរាជការ​នៅតាម​ស្ថាបន​រដ្ឋ​ចំនួន ៤០ អង្គភាព​។ ក្នុងនោះ​មាន​ស្ត្រី​ជា​ជនពិការ​ចំនួន ៧៥៦ នាក់ និង​ជនពិការ​កម្រិតធ្ងន់​ចំនួន ១.៤៧៨ នាក់​។ នេះ​បង្ហាញ​ពី​ការមិន​ឯក​កោ​របស់​ជនពិការ​យើង និង​យកចិត្តទុកដាក់​ខ្ពស់​ពី​រាជរដ្ឋាភិបាល​។​

លោក ហាន កុសល អភិបាលរង​ខេត្តកំពង់ចាម​បាន​លើកឡើងថា យើង​បាន​សាក​ល្បង​ចុះ​ស្រង់​ទិន្នន័យ​សរុប​ជនពិការ​ក្នុងស្រុក​កោះសូទិន​ចំនួន ២.០៨៨ នាក់​។

ក្នុងនោះ​ក្រសួង​ស​ង្គ​កិច្ច​អតីត យុទ្ធជន និង​យុវនីតិសម្បទា​បានប្រកាស​ទទួលស្គាល់​ជា​ជន ពិការ​ក្រីក្រ​ក្នុង​សហគមន៍​ចំនួន ៦៣៤ នាក់​។ ដោយមាន​អ្នកទទួលបាន​ប្រាក់ឧបត្ថម្ភ ១២ ខែ​ចំនួន ៥៣១ នាក់ និង​ប្រាំ​មួយខែ​ចំនួន ១០៣ នាក់​។​

លោក​អភិបាលរង​ខេត្ត​បាន​បន្តថា ជាមួយ​នោះ​ខាង​មន្ទីរជំនាញ​បាន​សហការ​ជាមួយ​មូលនិធិ​ជនពិការ​ធ្វើ​បច្ចុប្បន្នភាព​ផ្តល់​កាត ATM និង​បើកប្រាក់​ឧបត្ថម្ភ​លើ​ថ្លៃ​ព្យាបាល​ជំងឺ​ប្រចាំឆ្នាំ​ក្នុង​ម្នាក់ៗ ចំនួន បី​ម៉ឺន រៀល​ចំនួន ៦៣៤ នាក់​ក្នុងស្រុក​កោះសូទិន​បាន​រួចរាល់​។ ដោយឡែក​មានស្រុក​ក្រុង​ចំនួន បួន ផ្សេងទៀត​បាន​ចុះ​ប្រមូល​ទិន្នន័យ​បាន​ជនពិការ​ទូទៅ​សរុប​ចំនួន ២.៩០៥ នាក់​។​

លោក តូច ចាន់នី អគ្គនាយក​បច្ចេកទេស នៃ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​ថ្លែង​ដែរ​ថា ចំពោះ​នេះ​ក្រសួង​បានប្រកាស​ទទួលស្គាល់​ជនពិការ​ក្រីក្រ​នៅក្នុង​សហគមន៍​បណ្តា​ខេត្ត ដែល​បានកំណត់​អត្តសញ្ញាណ​និង​ធ្វើ​បច្ចុប្បន្នភាព​សរុប​ចំនួន ១១.៦២៨ នាក់ មាន​ជនពិការ​ក្រីក្រ​ទទួល​របប បី ខែ​ចំនួន ១០ នាក់​,​ទទួល​របប ប្រាំមួយ ខែ​ចំនួន ៤.១១៧ នាក់ និង​ទទួល​របប ១២ ខែ​ចំនួន ៧.៥០១​។​

លោក ចាន់នី បាន​បន្តថា ចាប់ពី​ឆ្នាំ ២០១៦ មកដល់​បច្ចុប្បន្ន​យើង​បានផ្តល់​របប​គោលនយោបាយ​ជូន​ជនពិការ​ក្រីក្រ​នៅតាម​បណ្តា​ខេត្ត​ចំនួន ១០ ស្មើនឹង ១១.៦២៨ នាក់​មាន​: ខេត្ត​ត្បូងឃ្មុំ​ចំនួន ២.០០៩ នាក់​,​ខេត្តព្រៃវែង​ចំនួន ១.៦៣៥ នាក់​, ខេត្តស្វាយរៀង​ចំនួន ១.៦៩៨​នាក់​, ខេត្ត​ប៉ៃលិន​ចំនួន ១.៣១២ នាក់​, ខេត្តកំពង់ចាម​ចំនួន ៦៣៤ នាក់​, ខេត្តកណ្តាល​ចំនួន ១.៦៥៣​នាក់​, ខេត្តកំពង់ធំ​ចំនួន ៣១៣ នាក់​,​ខេត្តកំពង់ស្ពឺ​ចំនួន ៤២២ នាក់​, ខេត្តបាត់ដំបង​ចំនួន ១.៤៧២ នាក់ និង​ខេត្តពោធិសាត់​ចំនួន ៤៨០ នាក់​៕​B/