ក្រសួង​ធនធានទឹក​បញ្ជូន​កម្លាំង​អន្តរាគមន៍​ទាន់ពេលវេលា​ពេល​ទំនប់​ប្រទាក់ក្រឡា​បាក់​ធ្លាយ​

288
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​ក្រោយ​ហេតុការណ៍​បាក់​ធ្លាយ​ទំនប់​ប្រទាក់ក្រឡា​ស្ថិតក្នុង​ឃុំ​កូន​សត្វស្រុក​ទឹកឈូ​កម្លាំង​ជំនាញ​នៃ​ក្រសួង​ធនធាន​ទឹកបាន​ចុះ​ប្រតិបត្តិការ​ក្នុង​ភាព​បន្ទាន់​ដើម្បី​ទប់ស្កាត់​ទឹក​សម្រាប់​ប្រជាកសិករ​ប្រើប្រាស់​។​
លោក​ស៊ិន​វុទ្ធី​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានឱ្យដឹងថា​ក្រោយ​ទទួល​សេចក្តីរាយការណ៍​ភ្លាមៗ​ពី​រដ្ឋបាល​ខេត្តកំពត​ស្តីពី​ការបាក់​ធ្លាយ​ទំនប់​បង្ហៀរ​ប្រទាក់ក្រឡា​ក្នុងស្រុក​ទឹកឈូ​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០១៩​។​លោក​ទេសរដ្ឋមន្ត្រី​លឹម​គានហោ​បាន​ដឹកនាំ​កម្លាំង​និង​គ្រឿងចក្រ​មកដល់​គោលដៅ​ផ្ទាល់​ដើម្បី​ទប់ស្កាត់​មហន្តរាយ​ធ្ងន់ធ្ងរ​ចំពោះ​ហេតុការណ៍​នេះ​។

ជា​លទ្ធផល​មកដល់​ព្រឹក​ថ្ងៃទី​១២ ខែសីហា កម្លាំង​ជំនាញ​គ្រប់គ្រង​ស្ថានភាព​បាន​មួយរយ​ភាគរយ ពោល​គឺអាច​រក្សា​ទឹក​ក្នុង​អាង​ទំនប់​សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ជុះ​វិញ​ប្រើប្រាស់​លើ​វិស័យ​កសិកម្ម​។​ពាក់ព័ន្ធ​នឹង​ការសាងសង់​ទំនប់​បង្ហៀរ​ឡើងវិញ​លោក​រដ្ឋលេខាធិការ​បាន​បញ្ជាក់ថា​ទំនប់​នេះ​មាន​អាយុកាល​ជាង​១០​ឆ្នាំ​ហើយ​។​ជា​ចាំបាច់​រាល់​ទំនប់​ចាស់ៗ​ទាំងអស់​ក្រសួង​នឹង​ស្ថាបនា​កែលម្អ​ឱ្យមាន​លក្ខណៈ​ល្អប្រសើរ​ឡើងវិញ ហើយ​រឹងមាំ​ជាង​មុន​។

​ដោយឡែក​សកម្មភាព​នេះ​គ្រាន់តែ​ចាក់ដី​ទប់​ដើម្បី​បញ្ចៀស​ពី​មហន្តរាយ​ធ្ងន់ធ្ងរ​និង​រក្សា​ទឹក​ជូន​កសិករ​ទុក​ស្រោចស្រព​ដំណាំ​ប៉ុណ្ណោះ​។​ថ្លែង​ក្នុងឱកាស​ចុះ​ជួប​ក្រុមការងារ​ជំនាញ​នា​ព្រឹក​ថ្ងៃទី​១២​ខែសីហា​លោក​ជាវ​តា​យ​អភិបាល​ខេត្តកំពត​បាន​មានប្រសាសន៍ថា​ក្នុងនាម​រដ្ឋបាលខេត្ត​លោក​ពិត​ជាមាន​ក្តីរំភើប​ណាស់​ដែល​លោក​រដ្ឋមន្ត្រី​លឹម​គានហោ​បាន​ដឹកនាំ​កម្លាំង​មក​អន្តរាគមន៍​ទាន់ពេលវេលា​ហើយ​បញ្ចៀស​បាន​ពី​មហន្តរាយ​ជុំវិញ​ការបាក់​ធ្លាយ​ទំនប់​ប្រទាក់ក្រឡា​នេះ​។​

​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​ខេត្តកំពត​បានទទួលរ​ង​នូវ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ស្ទើរ​គ្រប់​ទីកន្លែង​។​ប៉ុន្តែ​ទាំង​ការបាក់​ធ្លាយ​ទំនប់​នេះ​ទាំង​ជំនន់​តាម​តំបន់​ផ្សេងៗ​មិនបាន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឬ​សត្វពាហនៈ​ទេ​ថ្វីដ្បិតតែ​ប៉ះពាល់​ផលដំណាំ​មួយចំនួន​ក្តី​។

​ទា​ក់ទន​នឹង​ហេតុការណ៍​នេះដែរ​លោក​កែ​នស​ត្ថា​អភិបាលខេត្ត​កែប​បាន​មានប្រសាសន៍ថា​ក្រៅពី​ផ្តល់​ប្រយោជន៍​ចំពោះ​ពលរដ្ឋ​ស្រុក​ទឹកឈូ​ខេត្តកំពត​ទំនប់​ប្រទាក់ក្រឡា​ក៏​ជាទី​ពឹងពាក់​របស់​ប្រជាកសិករ​សង្កាត់​ដំណាក់​ចង្អើរ​ក្រុងកែប​សម្រាប់​វិស័យ​កសិកម្ម​ផងដែរ​។​លើសពីនេះ​នាពេលខាងមុខ​ទំនប់​ប្រទាក់ក្រឡា​ជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​ក្នុងការ​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​អ្នក​ខេត្ត​កែប​ទាំងមូល​។

​ដូច្នេះ ការ​មកជួយ​សង្គ្រោះ​ទាន់ពេលវេលា​ពី​ក្រសួង​ជំនាញ​ជា​ភ័ព្វសំណាង​ដ៏​ថ្លៃថ្លា​របស់​រដ្ឋបាលខេត្ត ព្រមទាំង​ប្រជាពលរដ្ឋ​ខេត្ត​កែប​ទាំងមូល​។​លោក​អភិបាលខេត្ត​កែប​បាន​បន្តថា​អាជ្ញាធរខេត្ត​កែប​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​ចំពោះ​រដ្ឋបាល​ខេត្តកំពត​ដែល​បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​អូរ​ក្រសារ​ឱ្យមាន​ការប្រុងប្រយ័ត្ន​មុន​ហេតុការណ៍​កើតឡើង​រហូត​បញ្ចៀស​បាន​ពី​ករណី​គ្រោះថ្នាក់​ផ្សេងៗ​។​

​សូម​រំលឹកថា​ទំនប់​ប្រទាក់ក្រឡា​បាន​បាក់​ធ្លាយ​កាលពី​ម៉ោង​៥​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៩ ដោយសារ​បរិមាណ​ទឹក​កើនឡើង​ស្របពេល​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​។ កាលពី​ជាង​១០​ឆ្នាំមុន ការបាក់​ធ្លាយ​ទឹក​ចេញពី​អាង​ស្តុក​បានកើត​ឡើង​ម្តង​រួចមកហើយ​ត្រង់ចំណុច​ទ្វារ​ទឹក​ចាស់​ភាគ​ខាងលិច​នៃ​ទំនប់​បង្ហៀរ​នេះ​។​

​ជាមួយនឹង​ការបាក់​ធ្លាយ​នោះ​ក្រសួង​ធនធានទឹក​ក៏​សម្រេច​សាងសង់​ទំនប់​បង្ហៀរ​ដែលមាន​ទី​តាំង​នៃ​ចន្លោះ​ភ្នំ​ផ្នែក​ខាងត្បូង​នៃ​អាង​ទំនប់​ដើម្បី​បញ្ចៀស​ការកើតឡើង​ជាថ្មី​។​ពី​ពេល​នោះមក​ត្រង់​បរិវេណ​ទំនប់​បង្ហៀរ​បាន​ក្លាយជា​ទី​កម្សាន្ត​បែប​រមណីយដ្ឋាន​កែច្នៃ​រហូតដល់​បច្ចុប្បន្ន​។​ទំនប់​ប្រទាក់ក្រឡា​មាន​អានុភាព​ស្តុក​ទឹក​កម្រិត​អតិបរមា​១០​លាន​ម៉ែត្រត្រីគុណ​ដែល​អាច​ផ្គត់ផ្គង់​វិស័យ​កសិកម្ម​នៅ​តំបន់​ជុំវិញ​ខួប​ប្រាំង​វស្សា​៕S/​