ក្រសួង​ធនធានទឹក​ប្តឹង​អ្នក​បន្លំ​ចេញ​សេចក្តីជូនដំណឹង​ប្រើ​ឈ្មោះ​ក្រសួង​

933

(​ភ្នំពេញ​)៖​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ចេញ​សេចក្តី​បដិសេធ​ចំពោះ​ដំណឹង​ក្លែងបន្លំ និង​ប្តឹង​ពី​អ្នក​ដែលបាន​ក្លែងបន្លំ​ធ្វើ​សេចក្តី​ជូន​​ដំណឹង​ដោយ​ប្រើប្រាស់​សញ្ញា​និង​ត្រា​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​។​

​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​បានបញ្ជាក់​ថា​ពេលនេះ​ប្រទេស​កម្ពុជា​ពុំមាន​ទទួលរង​ឥទ្ធិពល​ពី​ព្យុះ​ណាមួយ​នោះទេ​។​ឯ​ផ្ទៃមេឃ​អាប់អួរ​នៅ​ថ្ងៃទី​២៩​ខែវិច្ឆិកា ដោយសារ​ម៉ាស់​ខ្យល់​ត្រជាក់​ជួប​ជាមួយ​ម៉ាស់​ខ្យល់​ក្តៅ​មិន​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​លើសពី​ផ្សែង​ក្រូច​ឡើយ​។

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃទី​២៨​ខែវិច្ឆិកា​បានចេញ​សេចក្តីជូនដំណឹង​បដិសេធ​មួយ​នៅលើ​ទំ​ព​រ័​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ការណ៍​របស់ខ្លួន​ថា​ថ្មីៗ​នេះ​មាន​ជនខិលខូច​មួយចំនួន បាននិងកំពុង​ធ្វើការ​ផ្សព្វផ្សាយ​បំភ្លៃ​ព័ត៌មាន ដោយបាន​លើកឡើងថា ព្រះរាជាណាចក្រ​កម្ពុជា បាននិងកំពុង​ទទួល​ឥទ្ធិពល​ពី​ព្យុះ ។ ក្រសួង​ធនធានទឹក និង​ឧតុនិយម សូមបញ្ជាក់​ជូន​សាធារណជន មេត្តា​ជ្រាបថា មកដល់ពេលនេះ ស្ថានភាព​អាកាសធាតុ មាន​លក្ខណៈ​ល្អប្រសើរ ពុំមាន​បាតុភូតធម្មជាតិ​អ្វី​កើតឡើង ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ ។ ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ធ្វើការ​ថ្កោលទោស​ចំពោះ​ការ​បំភ្លៃ​ព័ត៌មាន បង្កឱ្យមាន​ការភ័នច្រឡំ​ដល់​សាធារណមតិ​។​
​ ​
​ព័ត៌មាន​ក្លែងបន្លំ​ដែល​គេ​បាន​ផ្សាយ​នៅលើ​ទំ​ព​រ័​ហ្វេ​ស​ប៊ុ​ក​នោះ បាន​ប្រើប្រាស់​សញ្ញា​និង​ត្រា​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​សរសេរ​ដោយ​ប្រើ​ឈ្មោះ​របស់​ក្រសួង​ថា​ព្យុះ​ទី​២៤​ឈ្មោះ​ដំរី​ជាន់ខ្លា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​មាន​ឥទ្ធិពល​ដល់​ប្រទេស​កម្ពុជា​ពីថ្ងៃ​ទី​២៨​ដល់​ថ្ងៃទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០១៧ ទៅលើ​បណ្តា​ខេត្ត​មួយចំនួន​។​
​ ​
​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជានា​យក​ខុ​ទ្ទ​កាល​យ័​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០១៧​ថា​ការ​ក្លែងបន្លំ​ពត៍​មាន​ខាងលើ គេ​គ្មាន​ចង់បាន​អ្វី​ក្រៅពី​ការ​ឡៃ​និង​ស៊ែ​លើ​ហ្វេ​ស​ប៊ុ​ក​នាំ​ឲ្យ​មានការ​យល់ច្រឡំ ។ បញ្ហា​នេះ​ក្រសួង​បាន​ប្តឹងទៅ​ក្រសួងមហាផ្ទៃ​ឲ្យ​ធ្វើការ​ស្រាវជ្រាវ​ចំពោះ​ករណី​ក្លែងបន្លំ​នេះហើយ​៕​ដោយ​៖​ប​ ​ខុន​/sn
​ ​សេចក្តីជូនដំណឹង​ក្លែងបន្លំ​