ដោយៈម៉េងឆៃ/ភ្នំពេញៈ ស្ថានភាពទឹកជំនន់ទន្លេមេគង្គ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា នៅថ្ងៃទី៧ ខែសីហា ទឹកទន្លេតូច ដែលទទួលរបបទឹកពីទន្លេមេគង្គ បានកើនឡើងខ្លាំង និងជន់លិចលង់ភូមិឋានប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងផ្ទៃដីកសិកម្ម ប្រមាណ ១.០០០ ហិកតា នៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ក្រសួងធនធានទឹក ក៏បានប្រកាសថា គិតត្រឹមម៉ោង ៧ ព្រឹក ថ្ងៃទី៧ ខែសីហា នៅតាមបណ្តាស្ថានីយជលសាស្ត្រ ទាំងប្រាំបី កន្លែង នៅទន្លេមេគង្គ-ស្ទឹងត្រែង ទន្លេមេគង្គ-ក្រចេះ ទន្លេមេគង្គ-កំពង់ចាម ទន្លេបាសាក់-ចតុមុខ ទន្លេមេគង្គ-អ្នកលឿង ទន្លេបាសាក់-កោះខែល ទន្លេសាប-ព្រែកក្តាម និងបឹងទន្លេសាប-កំពង់លួង កម្ពស់ទឹក បានបន្តឡើងបន្តិចបន្តួច ជិតដល់កម្រិតប្រកាសអាសន្ន។ រីឯកម្ពស់ទឹកនៅទន្លេបាសាក់-កោះខែល ក្នុងខេត្តកណ្តាល កម្ពស់ទឹកបន្តឡើងលើសកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨។
ក្រសួងធនធានទឹក ក៏បានប្រកាសពីកម្ពស់ទឹកព្យាករណ៍ សម្រាប់ថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែសីហា គឺនៅស្ថានីយជលសាស្ត្រ ទន្លេមេគង្គ-ស្ទឹងត្រែង កម្ពស់ទឹក នឹងស្រកចុះវិញ ក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី៨-១០ ខែសីហា ។ រីឯនៅទន្លេមេគង្គ-ក្រចេះ កម្ពស់ទឹក នៅថ្ងៃទី៨ ខែសីហា នឹងកើនឡើងបន្តិច ហើយនៅថ្ងៃទី៩-១០ ខែសីហា ទឹកនៅទន្លេមេគង្គ-ក្រចេះ នឹងស្រកវិញ។ នៅទន្លេមេគង្គ-កំពង់ចាម កម្ពស់ទឹកនឹងបន្តហក់ឡើង នៅថ្ងៃទី០៨-៩ ខែសីហា ហើយនៅថ្ងៃទី១០ ខែសីហា ទើបទឹកស្រកចុះវិញ។
ដោយឡែក នៅទន្លេបាសាក់-ចតុមុខ ទន្លេមេគង្គ-អ្នកលឿង ទន្លេបាសាក់-កោះខែល និងនៅទន្លេបាសាប-ព្រែកក្តាម ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា រយៈពេល ៣ ថ្ងៃទៀត គឺចាប់ពីថ្ងៃទី៨-១០ ខែសីហា កម្ពស់ទឹក នឹងបន្តកើនឡើង។ ក្នុងនោះ នៅទន្លេបាសាក់-កោះខែល ក្នុងខេត្តកណ្តាល កម្ពស់ទឹក នៅបន្តឡើងលើសកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នដដែល៕សរន