ក្រសួង​ធនធានទឹក​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ផ្អាក​ដំណើរ​កំសាន្ត​នៅតាម​អូរ ស្ទឹង ព្រែក​មួយចំនួន​ដោយសារ​ទឹកភ្លៀង​ធ្លាក់​គំហុក​

711

(​ភ្នំពេញ​)៖​ក្រោយពី​ចេញ​សេចក្តីជូនដំណឹង​ជា​បន្តបន្ទាប់​អំពី​ស្ថានភាព​អាកាសធាតុ​បង្ក​ភ្លៀង​នៅ​ទូទាំងប្រទេស​ដែល​អាច​បង្ក​ការ​ជន់​​លិច​នោះ ថ្ងៃទី​០៣​តុលា​នេះ​ក្រសួង​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បានចេញ​សេចក្តីអំពាវនាវ​បន្ថែម អោយ​ប្រជាពលរដ្ឋ ជាពិសេស​​អ្នក​ចង់​ធ្វើដំណើរ​កំសាន្ត​ទី​រមណីយដ្ឋាន​ធម្មជាតិ​នានា​នៅ​កម្ពុជា​ត្រូវបាន​ការប្រុងប្រយ័ត្ន​ដោយសារ​កម្ពុជា​កំពុង​រង​ឥទ្ធិពល​សម្ពាធ​ទាប​​ដែលនាំអោយ​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ប៉ុន្មាន​ថ្ងៃ​មក​ដែល​បង្ក​ការ​ជន់​លិច​នៅ​តំបន់​មួយចំនួន​។​

​ដោយ​មើលឃើញថា​ផ្លូវទឹក​ហូរ​ដូចជា ស្ទឹង ព្រែក អូរ​…​កំពុង​ទទួល​លំហូរ​ទឹកភ្លៀង​យ៉ាងគំហុក ក្រសួង​បាន​អំពាវនាវ​អោយ​ផ្អាក​ទៅកាន់​​តំបន់​ខាងលើ​មួយរយៈ​សិន​។​

​ក្រៅពី​ចេញ​ការអំពាវនាវ ក្រសួង​ក៏បាន​រាយការណ៍​អំពី​បច្ចុប្បន្នភាព​នៃ​ការធ្លាក់​ភ្លៀង​និង​ការ​ជន់​លិច​នៅតាម​ខេត្ត​ក្រុង​មួយចំនួន​ដូច​​ជាៈ​

​បន្ទាយមានជ័យ​៖​ភ្លៀង​ធ្លាក់​ខ្លាំង ២ យប់​ជាប់ៗ​គ្នា បានធ្វើឱ្យ​លំនៅដ្ឋាន ផ្ទះសម្បែង និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​នៅក្នុង​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទទួលរង​នូវ​ការលិចលង់ ។

​ក្រចេះ​៖​រថយន្ត ០១ គ្រឿង និង​ម៉ូតូ​ចំនួន ០២ គ្រឿង ត្រូវបាន​ទឹក​ហូរ​វាយ​ប៉ើង​ធ្លាក់​តាម​ទឹក​ទៅ​ផ្នែក​ខាងក្រោម​ទំនប់​ព្រែក​ថ្លុ​ង ស្ថិតក្នុង​ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ខណៈ​ធ្វើដំណើរ​ឆ្លងកាត់​សំណង់​បង្ហៀរ​ដែល​ទឹក​កំពុង​ហូរ​បុក​ខ្លាំង នា​ល្ងាច​ថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៧ ។ ហេតុការណ៍​ដ៏​រន្ធត់​ខាងលើនេះ មិនបាន​បង្ក​ឱ្យ​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​នោះទេ ប៉ុន្តែ​រថយន្ត​ចំនួន ០១ គ្រឿង និង​ម៉ូតូ ចំនួន ០២ គ្រឿង ត្រូវបាន​រង​ការខូចខាត​យ៉ាងដំណំ ។​

​សៀមរាប​៖​បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​ក្នុង​កំរិត​ជាង ៩០ មី​ល្លី​ម៉ែត្រ នា​វេលាយប់​ថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៧ បានធ្វើ​ឱ្យមាន​ជំនន់​ទឹកភ្លៀង​នៅក្នុង​ស្រុក​ពួក ខេត្តសៀមរាប ។​​បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់ ២ យប់​ជាប់ៗ​គ្នា​ក្នុង​កំរិត ១៩៦ មី​ល្លី​ម៉ែត្រ នា​វេលាយប់​ថ្ងៃទី ០១ និង​ទី ០២ ខែតុលា ឆ្នាំ ២០១៧ បានធ្វើ​ឱ្យមាន​ជំនន់​ទឹកភ្លៀង​ខ្លាំង​នៅក្នុង​ក្រុង​សៀមរាប ។​

​ត្បូងឃ្មុំ​៖​បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់ បាន​បង្ក​ឲ្យ​មានទឹក​ជន់​ឡើង​លិច​ចូល​លើផ្លូវ​ជាតិ​លេខ ៧ ប្រវែង​ប្រមាណ ៣០០ ម៉ែត្រ ត្រង់ចំណុច​ភូមិ​ជប់ និង​ភូមិ​ស្លាប់ក្តោង ស្ថិតក្នុង​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០១៧ នេះ ។​

​បាត់ដំបង​៖​ផ្លូវ​មួយចំនួន​ក្នុង​ក្រុង​បាត់ដំបង បាន​រង​ការ​ជន់​លិច ក្រោយ​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ នា​ល្ងាច​ថ្ងៃទី ០២ ខែតុលា នេះ ។​

​កោះកុង​៖​ទិដ្ឋភាព​ភ្លៀង​កំពុង​ធ្លាក់​ក្នុង​កំរិត​មធ្យម​នៅ​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង នា​ល្ងាច​ថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៧ នេះ ខណៈ​ផ្ទៃមេឃ មាន​សភាព​អួអាប់​ខ្លាំង​គ្របដណ្តប់​ទូទាំង​ខេត្ត ។​

ដោយ៖វាសនា

(រូប៖ក្រសួងធនធានទឹក)