ក្រសួង​ធនធានទឹក ៖ ទឹកជំនន់​ទន្លេមេគង្គ​លើ​បន្ត​ស្រក​ចុះ ប៉ុន្ដែ​ទឹកជំនន់​ទន្លេមេគង្គ​ក្រោម នឹង​បន្តកើនឡើង​

378

(​ភ្នំពេញ​) ៖ នៅ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៧​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្ដីជូនដំណឹង ដោយបាន​បញ្ជាក់ថា ទឹកជំនន់​ទន្លេមេគង្គ​លើ បាន​បន្ដ​ស្រក​ចុះ ប៉ុន្ដែ​ទឹកជំនន់​ទន្លេមេគង្គ​ក្រោម នឹង​បន្ត​កើនឡើង នៅក្នុង​រយៈពេល​២ ទៅ​៣ ថ្ងៃ​ទៀត​។​

​បើតាម​សេចក្ដីជូនដំណឹង ស្ដីពីស្ថានភាព​ទឹកជំនន់​ទន្លេ ចេញដោយក្រសួង​ធនធានទឹក នៅថ្ងៃនេះ បាន​ឲ្យ​ដឹងថា “​បន្ទាប់ពី​បាន​សង្កេត តាមដាន លើ​ស្ថានភាព​អាកាសធាតុ និង​ទឹកជំនន់​រួចមក​ឃើញថា ទឹកជំនន់​ទន្លេមេគង្គ​លើ បាន​ស្រក​ចុះនិង​បន្ត​ស្រក​ចុះ​ជា​បន្តបន្ទាប់ ប៉ុន្ដែ​ទឹកជំនន់​ទន្លេមេគង្គ​ក្រោម ទន្លេបាសាក់ ទន្លេសាប និង​ទឹក​ក្នុង​បឹង​ទន្លេសាប នឹង​បន្ត​កើនឡើង​សន្សឹមៗ ក្នុង​រយៈពេល​២ ទៅ​៣​ថ្ងៃ​ទៀត​”​។​

​ជាមួយគ្នា​នោះ ក្រសួង​ធនធានទឹក ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ​នានា​ពិសេស​ទន្លេបាសាក់ និង​អ្នកធ្វើដំណើរ​តាម​ជលយាន​គ្រប់​ប្រភេទ បង្កើន​ការប្រុងប្រយ័ត្ន ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕ដោយៈវិបុល