ក្រសួង​ធនធានទឹក ៖ សំណង់​កាត់​ស្ទឹង “​សិរី​មង្គល​” សាងសង់​សម្រេចបាន​៦០% ហើយ​

487
ចែករម្លែក

​ដោយ : ​ឆាយា​នាថ​/ ​បន្ទាយមានជ័យ : ​មន្ត្រី​ក្រសួង​ធនធានទឹក បញ្ជាក់ថា បន្ទាប់ពី​បាន​ដឹកនាំ ដាក់​វិធានការ និង​បែងចែក​ភារកិច្ច ការទទួលខុសត្រូវ​ដ​ល់​ក្រុមការងារ ទប់​ទល់នឹង​ជំនន់​ស្ទឹង​សង្កែ​រួចមក លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បន្តដំណើរ​អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ទំនប់​កាត់​ស្ទឹង ស្ថិតនៅក្នុង​ឃុំ​គយ​ម៉ែង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។ សំណង់​កាត់​ស្ទឹង​នេះ ត្រូវបាន​សាងសង់ឡើង ត្រង់ចំណុច​ប្រសព្វ​រវាង​ស្ទឹង​មង្គល​បូរី និង​ស្ទឹង​សិរីសោភ័ណ ។​

​យោង​លើ​ឈ្មោះ​របស់​ស្ទឹង​ទាំងពីរ ( ស្ទឹង​សិរីសោភ័ណ និង​ស្ទឹង​មង្គល​បូរី ) ព្រមទាំង​ទីតាំង​ដែល​កំពុង​សាងសង់ ឯកឧត្តម លឹម គានហោ នៅក្នុង​ឱកាស​ចុះ​ពិនិត្យ​ការងារ​នា​ព្រឹក​នេះ បាន​ប្រសិទ្ធ​នាម​សំណង់​កាត់​ស្ទឹង​នេះ​ថា ” សំណង់​សិរី​មង្គល ” ។​

​ក្នុងឱកាស​ចុះ​ពិនិត្យ​ការងារ​នេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​អ្នកអនុវត្ត​គម្រោង ឲ្យ​កែសម្រួល​នូវ​បច្ចេកទេស​សំណង់​មួយចំនួន ដើម្បី​ធានាបាន​នូវ​ភាពរឹងមាំ​នៃ​សំណង់ ទប់​ទល់នឹង​កម្លាំង​ហូរ​បុក​របស់​ទឹក ( Water Jump ) ។​

​ការងារ​ដែល​បាន​អនុវត្ត​សំខាន់ៗ រួមមាន ៖ សាងសង់​សំណង់​ទ្វារ​ទឹក​ស្វ័យប្រវត្តិ សិរី​មង្គល ០១ កន្លែង និង​ជីក​ស្តារ​ស្ទឹង​មង្គល​បូរី ( ដែល​គោក​រាក់​ស្ទើរ​ស្មើនឹង​ស្រែ​) ប្រវែង ២.៥០០ ម៉ែត្រ ។​

​ការសាងសង់​សំណង់​កាត់​ស្ទឹង ” សិរី​មង្គល ” គឺ​ក្នុង​គោលបំណង​ដើម្បី​ទាញយក​សក្តានុពល​ទឹក​របស់​ស្ទឹង​ទាំងពីរ​ខាងលើ មកប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព កុំ​ឲ្យ​ហូរ​ចូលទៅ​បឹង​ទន្លេសាប​ដោយ​ឥតប្រយោជន៍ ។ សំណង់​កាត់​ស្ទឹង​នេះ នឹង​ដើរតួនាទី​ដ៏​សំខាន់​ក្នុងការ​តម្កល់​ទឹក​ទុក​នៅក្នុង​តួ​ស្ទឹង​ទាំងពីរ ឲ្យ​បាន​យ៉ាងតិច ៥០ លាន​ម៉ែត្រគូប ( នៅ​រដូវប្រាំង ) សម្រាប់​បម្រើ​ឲ្យ​ការស្រោចស្រព ពិសេស​គឺ​ដោះស្រាយ​ទឹក​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ របស់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​សិរីសោភ័ណ និង​ស្រុក​មង្គល​បូរី កុំ​ឲ្យ​មានការ​ប្រឈម​នឹង​ការខ្វះខាត ដូច​ពេលកន្លងមក ៕​B