ក្រសួង​ធម្មការ និង សាសនា ណែនាំ ៩ ចំណុច​សម្រាប់​ចូលឆ្នាំ​ខ្មែរ ឆ្នាំ កុរ​

581
ចែករម្លែក
  • 1
    Share

ដោយៈ មេសា​/​ភ្នំពេញៈ សម្រាប់​ឱកាស បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ នឹង​ចូល​មកដល់​នៅ​ថ្ងៃ ១០ កើត ១១ កើត និង ១២ កើត ខែ ចេត្រ ត្រូវ​នឹង​ថ្ងៃទី ១៤ , ១៥ និង ១៦ ខែ មេសា ខាងមុខនេះ ក្រសួង​ធម្មការ និង សាសនា បានចេញ​សេចក្តីណែនាំ ៩ ចំណុច ដល់​មន្ទីរ​ធម្មការ វត្ត​អារាម ព្រះសង្ឃ អាចារ្យ​គណៈកម្មការ​វត្ត ពុទ្ធបរិស័ទ និង ខេមរជន​គ្រប់រូប​អនុវត្ត​គឺ​៖


​ទី​១. ត្រូវ​ណែនាំ​អង្គភាព​ក្រោម​ឱវាទ ឱ្យ​រៀបចំ​ពិធី​ទាំង​ប្រពៃណី​សាសនា និង ប្រពៃណីជាតិ ចាត់តាំង​ឱ្យ​សម្អាត​ព្រះ​ពុទ្ធរូប ពូន​ភ្នំខ្សាច់ ស្រង់ទឹក​ជូន​មាតាបិតា និង ចាស់ព្រឹទ្ធាចារ្យ ។​


​ទី​២. គ្រប់​វត្ត​អារាម​ត្រូវ​សម្អាត​សំរាម ជម្រះ​ស្មៅ ចង​ទង់ជាតិ ទង់សាសនា ទង់ជ្វាលា អុជ​គោម អុជ​ប្រទីប ឱ្យ​ភ្លឺ​ព្រោងព្រាត​នាពេល​យប់ រៀបចំ​គ្រឿង​សក្ការបូជា​ថ្វាយ​ព្រះ​រតនត្រ័យ រៀបចំ​ផ្លែឈើ នំចំណី និង គ្រឿង​ដ​ង្វា​យ ដើម្បី ទទួល​ទេវតា ៣ ថ្ងៃ កុំបី​ខាន ។​


​ទី​៣. គ្រប់​វត្ត​អារាម​ត្រូវ​បំផុស​ឱ្យ​លេង​ក​ល្បែង​ប្រជាប្រិយ​ខ្មែរ ដើម្បី ជាការ​កម្សាន្ត​សប្បាយ​ផង ដើម្បី ឱ្យ​កុលបុត្រ កុលធីតា​ខ្មែរ​បាន​ស្គាល់ និង ថែរក្សា​ផង ។


​ទី​៤. អំពាវ​នា​ឱ្យ​ពុទ្ធបរិស័ទ​បង្សុកូល​ឧទ្ទិស​កុសល​ជូន​សាច់​ញាតិផង និង អ្នក​ដែល​បាន​ស្លាប់​ក្នុង​របប​ប្រល័យពូជសាសន​ប៉ុល ពត ផង ។​


​ទី​៥. ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ ឧបាសក ឧបាសិកា ត្រូវ​ណែនាំ​ឱ្យ​កុមារ និង យុវជន ធ្វើ​សេចក្តី​ល្អ​ដល់​គ្នា​ទៅវិញទៅមក ឱ្យ​ចេះ​និយាយស្តី​ពាក្យពេចន៍​ទន់ភ្លន់ ពីរោះពិសា ។​


​ទី​៦. ព្រះសង្ឃ អាចារ្យ គណៈកម្មការ​វត្ត ត្រូវ​ចុះសួរសុខទុក្ខ ចែករំលែក​បាយទឹក នំចំណី សម្លៀកបំពាក់ វត្ថុ​ប្រើប្រាស់ ឬ ប្រាក់កាស ឧបត្ថម្ភ​ដល់​ជនក្រីក្រ កុមារកំព្រា ជន​មាន​ពិការភាព និង អ្នកជំងឺ ។​


​ទី​៧.​ហាម​លេង​ល្បែងស៊ីសង ល្បែងភ្នាល់​គ្រប់​ប្រភេទ ការលក់​គ្រឿង​ស្រវឹង គ្រឿងញៀន ហាម​ការ​រាំ​លក់​ផ្កា ដែល​ទាំងអស់នេះ នាំឱ្យ​សៅហ្មង​ដល់​ប្រពៃណី​វប្បធម៌ សីលធម៌ ដ៏​ផូរផង់​របស់​ជាតិ និង បង្កឱ្យមាន​បរិយាកាស​អាប់អួរ​ក្នុងពេល​បុណ្យចូលឆ្នាំថ្មី​ផង ។​


​ទី​៨.​ហាម​លេងល្បែង​ជះ​ទឹក​មាន​ពណ៌ ទឹក​កខ្វក់ គប់​ទឹក លាប​ធ្យូង ប៉ាត​ម្សៅ និង វាយ​ដោយ​រំពាត់ ។​


​ទី​៩. លើកកម្ពស់​ស្មារតី​ប្រុងប្រយ័ត្ន​ក្នុង​ការដុត​ទៀន ធូប ភ្លើងចង្ក្រាន ភ្លើងអគ្គិសនី គ្រឿង​ឆេះ​ផ្សេងៗ ការដុត​ផាវ និង គ្រាប់រំសេវ​ជាដើម ៕ Kh

ល្បែង​ជះ​ទឹក ឬ គប់​ទឹក គឺជា​អ្វីដែល​ត្រូវបាន​ហាមឃាត់ ( រូបៈ ឯកសារ )

សួស្តី​ឆ្នាំ​ថ្មី ឆ្នាំ កុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ( រូបៈ ឯកសារ )