ក្រសួង​ធម្ម​ការចេញ​សេចក្តីណែនាំ ៩ ចំ​ណុ​ចសម្រាប់​រៀបចំ​បុណ្យចូលឆ្នាំថ្មី​

1747
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ ដើម្បី ស្វាគមន៍​​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ ច សំ​រិ​ទ្ធិ​ស័ក ពុទ្ធ​សក​រាជ ២៥៦២ ខាងមុខនេះ ក្រសួង​ធម្មការ និង សាសនា បានចេញ​សេចក្តីប្រកាស​ណែនាំ ៩ ចំណុច​ដល់​មន្ទីរ​ធម្ម​ការ​រាជធានី​ខេត្ត ឱ្យ​ផ្សព្វផ្សាយ​បន្ត​ដល់​អ្នកពាក់ព័ន្ធ ជាពិសេស​ដល់​អ្នកគ្រប់គ្រង​វត្ត​អារាម​ទូទាំងប្រទេស ក្នុងការ​រៀបចំ​វត្ត​អារាម និង ធ្វើ​កិច្ចការ​នានា ដូចជា ឱ្យ​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​តាម​ប្រពៃណី​សាសនា និង ប្រពៃណីជាតិ បោ​សម្អាត ជម្រះ​ស្មៅ ចង​ទង់ជាតិ ទង់សាសនា និង ទង់ជ្វាលា នៅតាម​វត្ត​អារាម និង បំផុស​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​លេងល្បែង​ប្រជាប្រិយ​នានា ។​


​ព្រះសង្ឃ អាចារ្យ គណៈកម្មការ​វត្ត ត្រូវ​ចុះសួរសុខទុក្ខ ចែករំលែក​បាយទឹក​នំចំណី សម្លៀកបំពាក់ វត្ថុ​ប្រើប្រាស់ ឬ ប្រាក់កាស់​ឧបត្ថម្ភ​ដល់​ជនក្រីក្រ កុមារកំព្រា ជនពិការ ជន​ចាស់ជរា ជន​ឥត​ទីពឹង និង អ្នកជំងឺ​ជាដើម ។​
​ចៀសវាង​ឱ្យបាន​នូវ​ការលេង​ល្បែងស៊ីសង ល្បែងភ្នាល់​គ្រប់​ប្រភេទ ការលក់​គ្រឿង​ស្រវឹង គ្រឿងញៀន និង ការ​រាំ​លក់​ផ្កា​ដែលនាំឱ្យ​សៅហ្មង​ដល់​សីលធម៌ ។ ហាម​លេងល្បែង​ជះ​ទឹក លាប​ធ្យូង ប៉ាត​ម្សៅ វាយ​ដោយ​រំពាត់​ជាដើម ព្រោះ​សុទ្ធតែ​បង្ក​អន្តរាយ​ដល់​អ្នកដទៃ ។ ត្រូវ​លើកកម្ពស់​ស្មារតី​ប្រុងប្រយ័ត្ន​ក្នុង​ការដុត ទៀន ធូប ភ្លើងចង្ក្រាន ភ្លើងអគ្គិសនី គ្រឿង​ឆេះ​ផ្សេងៗ ការដុត​ផាវ និង អុជ​កាំជ្រួច​ជាដើម ។​

​បុណ្យ​ល​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ឆ្នាំនេះ ចំ​ថ្ងៃ ១៣ , ១៤ និង ១៥ កើត ខែ ចេត្រ ត្រូវ​នឹង​ថ្ងៃទី ១៤, ១៥ និង ១៦ ខែ មេសា ឆ្នាំ ២០១៨ ៕