ក្រសួង​និង​ស្ថាប័ន​ចំនួន​៦ សហការគ្នា​ផ្តល់​សេវាសាធារណៈ​តាម​ប្រព័ន្ធ​ឌីជីថល​

1194
ចែករម្លែក

​ដោយ : ពៅ និមល / ​​ភ្នំពេញ ៖ ដើម្បី​បង្កើន​ការផ្សព្វផ្សាយ ក៏ដូចជា​ផ្តល់​ពត៌មាន​សំខាន់ៗ​ក្នុង​ការទទួល​សេវាសាធារណៈ​។ ក្រសួង​មុខងារសាធារណៈ​បាន​សហការគ្នា​ចងក្រង​នូវ​ពត៌មាន​សេវា​របស់​ក្រសួង​ស្ថាប័ន​ចំនួន​០៦ ក្នុងនោះ​មាន​ក្រសួងយុត្តិធម៌ ក្រសួងពាណិជ្ជកម្ម ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ការិយាល័យ​ច្រកចេញចូល​តែមួយ​នៅតាម​ក្រុង ស្រុក ខណ្ឌ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​រួមមាន​សេវា​សរុប​ចំនួន​៤១៥​សេវា ដើម្បី​បង្ហាញ​ជា​ផ្លូវការ​តាមរយៈ​ប្រព័ន្ធ​ឌីជីថល (​អ៊ិន​ធើ​ណេ​ត​)​។

​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​គេហទំព័រ​ច្រកទ្វារ​អេឡិចត្រូនិក​ផ្តល់​ពត៌មាន​សេវាសាធារណៈ (Public Service GATEWAY) កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៨​កន្លងទៅ នៅ​សាលា​ភូមិន្ទ​រដ្ឋបាល លោក​បណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​គណៈកម្មាធិការ​កែទម្រង់​រដ្ឋបាល​សាធារណៈ បាន​មានប្រសាសន៍ថា សេវាសាធារណៈ​គឺជា​តំរូវការ​ដ៏​ចាំបាច់​មួយ​របស់​បងប្អូន​ប្រជាពលរដ្ឋ ហើយ​នេះ​ជា​ជំហាន​ដំបូង​ដែលមាន​ក្រសួង​និង​ស្ថាប័ន​ចំនួន​០៦​ចូលរួម​សហការ​។ ដោយឡែក ជំហាន​បន្តបន្ទាប់​ទៀត​នឹង​បន្ត​ការសហការ​ជាមួយ​ក្រសួង ស្ថាប័ន​ទាំងអស់​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​និង​បន្ត​ដាក់​ប​ញ្ជូ​ល​សេវា​បន្ថែម​ផ្សេងទៀត​ឲ្យ​បាន​គ្រប់​ក្រសួង​ស្ថាប័ន ដើម្បី​ជួយ​សំរួល​ឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន​សេវាសាធារណៈ​កាន់តែ​ល្អប្រសើរ​ឡើង​។​

​លោក​បណ្ឌិត​រំពឹងទុក​ថា សមិទ្ធិផល​ថ្មី​ដែល​សម្ពោធ​នាពេលនេះ នឹងចូលរួម​ចំណែក​ប​ន្ថែ​ម​ទៀត​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង​ស្ថាប័ន​ក្នុង​ការលើក​កំពស់​តម្លាភាព​និង​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា ដោយ​ស្របតាម​គោលនយោបាយ​របស់​ថ្នាក់ដឹកនាំ​បានកំណត់​ទិស​កែលម្អ​ការផ្តល់សេវា​សាធារណៈ​ឲ្យ​កាន់តែ​មានគុណ​ភាពល្អប្រសើ​រ​ជូន​ប្រជាពលរដ្ឋ ដោយ​ឈរលើ​មូលដ្ឋាន​ពិតប្រាកដ​ថា ការផ្តល់សេវា​សាធារណៈ​ប្រកប ដោយ​គុណភាព នឹង​ជួយ​ទាញ​វិនិយោគិន​និង​ទេសចរណ៍ បង្កើន​ការងារ បង្កើន​ជីវភាព​និង​សម្រួល​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។​ល​។​

​បើតាម​ការបញ្ជា​ក់រប​ស់ លោក គង់ សុ​ភី អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គោលនយោបាយ​មុខងារសាធារណៈ បាន​ឲ្យ​ដឹងថា គេហទំព័រ​ថ្មី​នេះ នឹង​ផ្តល់​លទ្ធភាព​ឲ្យ​ក្រសួង ស្ថាប័ន​ពង្រីក​លទ្ធភាព​នៃ​ការផ្សាយ​ពត៌មាន​ស្តីពី​ការផ្តល់​សេវាសាធារណៈ​ដោយ​មិន​ចំណាយ​ថវិកា និង​ការផ្តល់​លទ្ធភាព​ឲ្យ​សាធារណជន​អាច​ស្វែងរក​ពត៌មាន​សំខាន់ៗ​ក្នុងការ​ទទួល​សេវា​សា​ធា​រណះ ដូចជា​៖ ឈ្មោះ​សេវា គោលបំណង​នៃ​សេវា រយៈពេល​នៃ​ការផ្តល់សេវា តំលៃ​សេវា សុពលភាព​នៃ​សេវា ឯកសារ​តម្រូវ​ដើម្បី​ទទួល​សេវា និង​អាស័យដ្ឋាន លេខ​ទូរ​សព្ទ័​និង​គេហទំព័រ​សំរាប់​ទំនាក់ទំនង​រប​ស់​អង្គភាព​ផ្តល់​សេវា ព្រមទាំង​នីតិវិធី​នៃ​ការផ្តល់សេវា​និង​បណ្តាញ (Link) ដែល​ផ្តល់​លទ្ធភាព​ឲ្យ​អ្នកប្រើប្រាស់​សេវា​អាច​ចូល​ទៅយក​សេវា ឬ​ពត៌មាន​លម្អិត​អំពី​ការផ្តល់សេវា​ពី​កម្មវិធី​ឬ​គេហទំព័រ​ផ្ទាល់​របស់​ក្រសួង ស្ថាប័ន​បាន​៕B

 

#