ក្រសួង​និង​អាជ្ញាធរ​បាន​សហការ​សង្គ្រោះ​ដំណាំ​ស្រូវ​ខ្វះ​ទឹក​ចំនួន​៤៥០​ហិកតា​

77
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​សហការ​ជាមួយ​អាជ្ញាធរខេត្ត​កំពង់ចាម​ចុះ​អន្តរាគមន៍​ដឹក​ជ​ញ្ជួ​ន​ម៉ាស៊ីនបូមទឹក​និង​ប្រេង​ដើម្បី​សង្គ្រោះ​ដំណាំ​ស្រូវ​ដែល​ខ្វះ​ទឹក​ស្រោចស្រព​របស់​ប្រជាពលរដ្ឋ​ចំនួន ៤៥០ ហិកតា ស្ថិតក្នុង​ឃុំ​ជើងព្រៃ ស្រុក​បាធាយ នៅ​រសៀល​ថ្ងៃទី​១៦​ខែមករា ឆ្នាំ​២០២០​។


​លោក​អ៊ុម​វិបុល​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តកំពង់ចាម​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​១៧​មករា​នេះ​ថា​លោក​ថោង​ជេដ្ឋា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ដឹកនាំ​សហការី​មន្ត្រី​មន្ទីរ​ធនធានទឹក​និង​អាជ្ញាធរ​មូលដ្ឋាន​ធ្វើដំណើរ​ទៅកាន់​ស្រែប្រាំង​កំពុង​ប្រឈម​ខ្វះ​ទឹក​នៅក្បែរ​បឹង​កិ​ច​ស្ថិតក្នុង​ឃុំ​ជើងព្រៃ​ស្រុក​បាធាយ​។​

​លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀតថា​ក្នុងនោះ​យើង​បាន​នាំយក​ម៉ាស៊ីនបូមទឹក​ចំនួន​ប្រាំបី​គ្រឿង​ដែល​មួយគ្រឿងៗ​មាន​កម្លាំង​១៤​សេស​។​ដើម្បី​បូមទឹក​ពី​ប្រភព​បឹង​កិ​ច​បន្ត​បន្តាក់​គ្នា​ដាក់​ក្នុង​ប្រឡាយ​មេ​ហើយ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ស្រែ​បូម​ដាក់​ស្រែ​របស់​ពួកគាត់​បន្តបាន​ចំនួន​សរុប ៤៥០ ហិកតា​។​

​គួរ​បញ្ជាក់ថា ចាប់ពី​យុទ្ធនា​ការសង្គ្រោះ​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​បា​តុ​ភូ អែល​នី​ណូ (ELNINO)​ដែល​បង្ក​ឲ្យ​ក្តៅ​ហួតហែង​មកដល់​បច្ចុប្បន្ន​គឺ​អាជ្ញាធរខេត្ត​កំពង់ចាម​បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​សង្គ្រោះបាន​ចំនួន​សរុប ៣.០២១,៥ ហិកតា​៕S/